ទឹកដីទេសចរណ៍ប្រាសាទអង្គរវត្ត មានសង្ឃឹមឡើងវិញ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី02 ខែមករា ឆ្នាំ2023 ម៉ោង 6:43 នាទី ល្ងាច

អត្ថបទ សូរ្យសែង

អ្នកស្រី អេន អ្នកលក់វត្ថុអនុស្សាវរីយ៍រាប់ឆ្នាំនៅបរិវេណប្រាសាទអង្គរវត្ត បាននិយាយដោយទឹកមុខញញឹមថា «ការប្រកបរបររបស់ខ្ញុំបានប្រសើរឡើងវិញបណ្តើរៗហើយ ក្រោយទទួលផលប៉ះពាល់ពីមេរោគកូវីដ-១៩ ស្ងប់ស្ងាត់ភ្ញៀវអស់រយៈពេល ២ ឆ្នាំ» ។ «រាល់ថ្ងៃសៅរ៍ និងអាទិត្យ មានភ្ញៀវមកទស្សនាប្រាសាទអង្គរកាន់តែច្រើន ក្នុងឋានៈខ្ញុំជាអ្នកប្រកបរបរ លក់វត្ថុអនុស្សាវរីយ៍ អារម្មណ៍របស់ខ្ញុំមានសេចក្តីសុខ» ។

អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាលោក សុភ័ក្ត្រ ពោលថា ចំនួនអ្នកទេសចរណ៍បរទេសមកទស្សនាប្រាសាទអង្គររបស់ខ្មែរកើនឡើង ដោយរយៈពេល ១១ ខែឆ្នាំ ២០២២ មានចំនួន ២២៥.០០០ នាក់ ។

បច្ចុប្បន្ន ប្រាសាទអង្គរមានជនបរទេសពី ១.៨០០ ទៅ ២.០០០ នាក់ក្នុងមួយថ្ងៃ ខុសពីសម័យកើតកូវីដ-១៩ មានចំនួនត្រឹម ៧០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែកាលមុនកូវីដ-១៩ រាតត្បាតមានភ្ញៀវបរទេសដល់ ៩.០០០ នាក់ក្នុងមួយថ្ងៃ ។ លោក សុភ័ក្រ្ត បាននិយាយទៀតថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នឹងមានជើងហោះហើរជាច្រើនមកកាន់កម្ពុជាជាថ្មីឡើងវិញ» ។

រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមយ៉ាងខ្លាំង ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ ដែលប្រទេសកម្ពុជាជាគោលដៅសុវត្ថិភាពចំពោះភ្ញៀវទាំងជាតិ និងអន្តរជាតិ ។

ស្របពេលជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្មីៗនេះ បានមានប្រសាសន៍ថា «ឆ្នាំនេះ កម្ពុជានឹងប្រារព្ធពិធីមហាសង្គ្រាន្តជាថ្មី ក្រោយជួបភាពក្រៀមក្រំដោយសារកូវីដ-១៩ រាតត្បាត» ។ ប្រសាសន៍របស់សម្តេចតេជោ សង្ឃឹមថានឹងមានភ្ញៀវទាំងជាតិ និងបរទេសមកកាន់ទឹកដីអង្គរដ៏បវរនៃយើង ។

កាលពីមុនកើតកូវីដ-១៩ កម្ពុជាមានអ្នកទេសចរណ៍ទៅទស្សនាប្រាសាទអង្គរដល់ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩ បានចំណូលចំនួន ៩៩ លានដុល្លារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម