៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ សច្ចធម៌ប្រវត្តិសាស្ត្ររបស់ខ្មែរ

នយោបាយថ្ងៃសៅរ៍ ទី07 ខែមករា ឆ្នាំ2023 ម៉ោង 12:20 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

មុនអ្វីទាំងអស់ យើងសូមឧទ្ទិសចំពោះគុណបំណាច់ដ៏ថ្លៃថ្លានូវវីរយុទ្ធជន-យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងជីវិតប្រជាជនខ្មែរ ។

ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយកំណត់នូវសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

«បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះទេ» ។

ថ្ងៃ​ទី​ ៧ ​មករា​ ឆ្នាំ ​២០២៣​នេះ ​គឺជា​ខួប​គម្រប់​៤៤​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ​៧ ​មករា  ដែល​កម្ពុជា​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ ខ្មែរក្រហម ជាជ័យជម្នះមិនមែនតែសម្រាប់តែគណបក្សប្រជាជនតែមួយប៉ុណ្ណោះទេ គឺជាជ័យជម្នះរបស់ប្រជាជាតិ ជីវិតប្រជាជនទាំងអស់ និងសាសនាអ្វីក៏មានកំណើតនៅថ្ងៃ ៧ មករាដូចគ្នា ជាថ្ងៃបុណ្យជាតិដ៏នក្ខត្តប្ញក្សសម្រាប់យើងទាំងអស់គ្នា ។

មិទ្ទិញនៅថ្ងៃនេះ ៧ មករា ២០២៣ បានប្រារព្ធនៅទីក្រុងកោះពេជ្រ មានការចូលរួមពីឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជន រដ្ឋសភា ព្រឹទ្ធសភា គណបក្សផ្សេងៗ អង្គទូតប្រចាំនៅកម្ពុជាជាច្រើន និងមហាជនដ៏មហាអធិកអធម ជាង ២ ម៉ឺននាក់ នាព្រឹកថ្ងៃទី ៧ មករា ឆ្នាំ ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យជម្នះ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត ។

សម្តេចតេជោបានលើកឡើងទៀត កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

អត្ថន័យជាប្រវត្តិសាស្ត្រ គឺប្រជាជាតិមួយដែលមានឯកភាពជាតិ ប្ដូរផ្ដាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យឡើយ ដូច្នេះត្រូវរួមគ្នារក្សាពូនព្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតការពារសន្ដិភាព និងឯកភាពជាតិដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណា ឬអនុភាពណាមកបំផ្លាញបានឡើយ។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវាបន្ដបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្ដរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង៕

ស្មារតី ៧ មករា ស្ថិតនៅក្នុងបេះដូងខ្មែរគ្រប់រូបជានិច្ច ៕

 ទស្សនាវីដេអូសិល្បៈរបាំខ្មែរ គ្នុងឱកាសមិទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧ មករា ២០២៣

 វីដេអូ ណាវ៉ាន់នី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម