ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែមករា ឆ្នាំ2023 ម៉ោង 5:26 នាទី ល្ងាច

អត្ថបទ តារារិទ្ធ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះ នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន ប្រមាណ ១,២០០ នាក់។

អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១ អគារ មានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន ៥២៧ គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ, អគារបច្ចេកទេស(T1-T2), អគារផ្គត់ផ្គង់ និងព័ត៌មាន(A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ , អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០ គ្រឿង ។ មានសួនច្បារពណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ។

«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ភនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម