បទបញ្ជាដាច់ណាត់ និងបន្ទាន់របស់នាយករដ្ឋមន្ត្រី ឲ្យយកសត្វក្ងោកទៅដល់ផ្ទះម្ចាស់ក្ងោកក្នុងថ្ងៃនេះ (២៨ កុម្ភៈ ២០២៣)

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 2:01 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

រឿងចាប់សត្វក្ងោក ជារឿងកក្រើកពេញបណ្តាញសង្គមសម្បើមណាស់នាដើមឆ្នាំ ២០២៣ ។ ដេកមើល Tik Tok បើកពេលណាក៏មិនល្អភ្នែក មិនស្រួលត្រចៀក ឃើញតែសាធារណជន រិះគន់មន្ត្រីអភិរក្សសត្វ រហូតដៀលទៅដល់រដ្ឋាភិបាលទៅទៀត ថាមិនគួរបណ្តោយឲ្យទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋចិញ្ចឹមដោយមិនដឹងខ្លួនសោះអ៊ីចឹង ហើយរហូតមានទារប្រាក់ ៩ លានរៀល និងគំរាមមានទោសទៅទៀត ។

មើលហើយ Admin ក៏នឹកឆ្ងល់ដែរថា អ្នកធ្វើកិច្ចការនឹង ធ្វើទាំងងើលឬទាំងងងុល? មានសមត្ថភាព ឬអសមត្ថភាព? បើមានសមត្ថភាព មិនអាចធ្វើទាំងគ្មានខួរបែបនេះទេ ហើយត្រូវឈ្វេងយល់ពីច្បាប់ តើងវាយ៉ាងម៉េចៗជាមុនសិន មុនហាមាត់និយាយ មុនលាដៃទៅចាប់ អត់ដឹងថាខ្លួនធ្វើខុសទាំង«ភ្លើ»ដុំៗ !អត្ថបទ សូរ្យសែង៖ 

មានការកោះហៅមួយ​របស់​លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាល​ព្រៃឈើ​នៃក្រសួង​កសិកម្ម ​កោះហៅលោក យឹម សំអឿន ជាម្ចាស់​សត្វ​ក្ងោក​ទៅបំភ្លឺ ហើយជាការបន្ត​នីតិវិធីបញ្ចប់​សំណុំរឿង​បទ​ល្មើស​សត្វ​ព្រៃ ទាក់ទងនឹង«ការ​យកធ្វើ​ជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វ​ព្រៃ ដោយ​គ្មាន​ការ​អនុញ្ញាត»។

នៅប្រទេសគេ គេលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមសត្វយ៉ាងពពាក់ពពូន ដើម្បីបង្កើនពូជសត្វកម្រឲ្យវាសម្បូរឡើងវិញ ម្យ៉ាងទៀត ជួយបង្កើនការទាក់ទាញនៅតំបន់ទេសចរណ៍ផងដែរ ។

បើនិយាយពីសត្វក្ងោក គេចាត់ទុកវាជាសត្វមានសម្រស់ដ៏ស្រស់ស្អាត រោមវាមានពណ៌ចម្រុះ នៅពេលវាបើកស្លាបម្តងៗ បើបានថតរូបជាមួយវាពិតជាលើកសម្រស់រូបថត និងទាក់ទាញខ្លាំងណាស់ ។

នៅស្រុកខ្មែរក៏មានរបាំក្ងោក ដែលជារបាំមួយប្រភេទជារបស់ជនជាតិកូឡា ជា​ជន​ចំណាកស្រុក​មកពី​ប្រទេស​ភូមា ហើយ​បានមក​សាង​ជីវិត​រស់នៅក្នុង​ប្រទេស​ខ្មែរ តាម​តំបន់​ជួរ​ភ្នំ​យ៉ា​ត ក្រុងប៉ៃលិន (តាម​ឯកសារ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រសួង​វប្បធម៌​ និងវិចិត្រ សិល្បៈ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០)​។ ភាពស្រស់ស្អាត​នៃ​សម្លៀកបំពាក់​របស់​ជន​ជាតិ​កូ​ឡា ជាមួយនឹង​ភាព​ប៉ិនប្រសប់​ក្នុងការ​រាំ​របស់សត្វ​ក្ងោក ព្រមទាំង​មានការ​អត្ថាធិប្បាយ​ពី​ប្រវត្តិ​ខ្លះៗ​ផង​នោះ បាន​ទាក់ចិត្ត​អ្នកទស្សនា​ឲ្យ​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត​។

ឥឡូវសម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបន្ទាន់ហើយ ឲ្យយកសត្វក្ងោកជូនទៅម្ចាស់វិញដល់ផ្ទះនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះជាកំហិត ។ បទបញ្ជានេះ បញ្ជាជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះក្នុងថ្ងៃនេះតែម្ដង ។

«ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»។ ប្រសាសន៍សម្តេចតេជោ ។

គេគ្រប់គ្នាខំចែវទូកចង់ងាប់ បែរជាបុគ្គលខ្លះ យកជើងរាទឹក កូរកកាយតាមអំពើចិត្ត ហើយយកភ្លើងទៅដុតកម្លោចនូវការខិតខំទាំងញើសឈាមរបស់សមាជិក​គណបក្សប្រជាជនឯទៀតៗ ដែលយកឈ្នះក្នុងការបោះឆ្នោត ។ រឿងនេះបើសម្តេចតេជោ មិនអន្តរាគមន៍បែបនេះទេ ខ្ញុំជឿជាក់ថា ពួកនេះវាបំផ្លាញសន្លឹកឆ្នោតធំធេងណាស់ ពីព្រោះចំនួនអ្នកមិនគាំទ្រពីទង្វើចាប់សត្វក្ងោកនេះមាន ៩៩,៩៩៩៩% ឯណោះ ។

ដូច្នេះបើមានទង្វើល្ងិតល្ងង់នៅថ្ងៃក្រោយទៀត សូមសម្តេចយកទៅ«វះកាត់»តាមអភិក្រម... បើត្រីមួយ-ពីរស្អុយ គួរ​យក​វាចេញ កុំឲ្យវាស្អុយទាំងកញ្ឆេ... ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម