សមាគមសារព័ត៌មានចំនួន១៤ ពូតផ្តុំគ្នាជា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមិីនា ឆ្នាំ2023 ម៉ោង 1:01 នាទី ល្ងាច

ដោយ សូរ្យសែង៖

សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក. និងសមាគមសារព័ត៌មាន ១៣ទៀត បានប្រកាសឯកភាពជាចិត្តមួយ ថ្លើមមួយ ចងចងត្របាញ់ជាសម្ព័ន្ធភាពចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញភារកិច្ចក្នុងការរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ ។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

អ្នកដឹកនាំសមាគមសារព័ត៌មានទាំង១៤ បានចុះ «អនុស្សារណៈយោគយល់គ្នា (MoU)» ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ហើយបានបើកចំហទទួលស្វាគមន៍សមាគមសារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នេះ ។

សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះគឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មាន ចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាចរួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សារណៈ​យោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់»

បន្ទាប់ពីការចុះ អនុស្សារណៈនេះហើយ មេដឹកនាំនៃសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នឹងស្នើសុំកម្មវិធីចូលជួបសម្តែងការគួរសម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ដឹកនាំបន្ថែម ៕

លោក ង៉ូវ បូរីណា ប្រធានសមាគមអ្នកសារព័ត៌មានគេហទំព័រកម្ពុជា

Logo សមាគមអ្នកសារព័ត៌មានគេហទំព័រកម្ពុជា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម