សម្តេចតេជោ ចាត់ទុករឿងវប្បធម៌ជារឿងធំសម្រាប់ប្រទេសជាតិ សម្រាប់ខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំ

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែមិីនា ឆ្នាំ2023 ម៉ោង 12:42 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ក្រោយពីរថ្ងៃ (៦ មីនា) បន្ទាប់ពីលោកស្រី ទ្រី ដាណា អន់ចិត្ត រួចបានសរសេរសារអេឡិចត្រូនិកនៅលើផេក​ហ្វេសប៊ុក​របស់គាត់ អំពីការសុំថតឈុតបុរាណ ២ ឈុតនៅអង្គរ ថាមានការពិបាកសុំ ហើយដកចិត្តមិនជួយឧបត្ថម្ភថវិកា... នៅថ្ងៃនេះ ជាថ្ងៃ ៨ មីនា ឆ្នាំ ២០២៣ ចំទិវាសិទ្ធិនារី ៨ នារី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារមួយ ស្នើយកចិត្តទុកដាក់ជាពិសេស ទៅលើទម្រង់ដែលត្រូវអនុវត្តឲ្យខាងតែបាន តាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នូវការប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណី ពីបុរាណរបស់ខ្មែរពិតប្រាកដ ចៀសវាងការបង្ហាញខុសក្បួនខ្នាត ស្នើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ ។

សារសម្តេចតេជោបានពន្យល់ថា ការបង្ហាញរូបបដិមាក្តី រូបចម្លាក់ក្តី សម្លៀកបំពាក់ក្តី ដែលមិនមែនជាលក្ខណៈរបស់ខ្មែរពេញលេញ នោះវានឹងបង្កើតនូវសណ្ឋានគ្រោះថ្នាក់សម្រាប់វប្បធម៌ជាតិ ។ សម្លៀកបំពាក់បុរាណត្រូវតែធ្វើឲ្យបានត្រឹមត្រូវ តែបើមិនត្រឹមត្រូវ ពីព្រោះប្រទេសជិតខាងរបស់យើងនឹងចោទ​ប្រកាន់ថាយើងបានលួចចម្លងពីប្រទេសរបស់គេ ។

នេះជាការពន្យល់លោកស្រី ទ្រី ដាណា ក៏ដូចជា ព្រះសង្ឃ និង ប្រជាពលរដ្ឋទាំងអស់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ ប៉ុន្តែ ប្រសិនបើក្រសួងបណ្តែតបណ្តោយឲ្យមានការតាំងបង្ហាញខុសពីរូបភាពដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះ​មុខ​រាជរដ្ឋាភិបាលផង ចំពោះរដ្ឋសភាផង ។ សូមកុំភ្លេចថា ច្បាប់របស់យើងរដ្ឋមន្ត្រីត្រូវទទួលខុសត្រូវ​ចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះសភាជាតិ ។ ដូច្នេះសុំស្នើឲ្យលោកស្រី ទ្រី ដាណា ទទួលយកការណែនាំ និងកែតម្រូវទៅតាមការកណត់របស់ក្រសួង ហើយក្នុងករណីមិនអាចទទួលបានទេ ក៏មិនអនុញ្ញាតឲ្យតាំងបានដែរ  ។

យើងមិនអាចខ្ជីខ្ជាបានទេ គ្រោះថ្នាក់ណាស់នៅពេលជាតិសាសន៍របស់យើង គឺអ្វីមានចំណាំច្បាស់លាស់ ហើយបែរជាធ្វើឲ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឲ្យបានត្រឹមត្រូវម៉ត់ចត់ទេនោះ  វាអាចប៉ះពាល់វប្បធម៌ខ្លួនឯង តែវាក៏អាចប៉ះពាល់ជាមួយប្រទេសដទៃ ដែលអាចគេចោទថាយើងលួចបន្លំរបស់គេ ព្រោះប្រទេសនៅជុំវិញយើង មានសម្លៀកបំពាក់ទម្រង់ប្រហាក់ប្រហែលគ្នា ដែលយើងត្រូវចៀសវាង ។

កាលពីជាង ១០ ឆ្នាំមុន សម្តេចតេជោ ធ្លាប់បានប្រតិកម្មជាមួយនឹងការថតខ្សែភាពយន្ត ទាក់ទិននឹងសម្លៀកបំពាក់ ។ សម្តេចតេជោបានចោទសួរថា តើសម្លៀកនោះពីសម័យកាលណា ទើបបានចេញសម្លៀកបំពាក់បែបនឹង មកថតខ្សែភាពយន្ត? ចំណុចនេះគេអាចមើលឃើញថា សម្តេចដឹកនាំប្រទេសនេះដោយមិនធ្វេសប្រហែស ធ្វើឲ្យបាត់បង់នូវប្រពៃណី និងច្បាប់ដើមនៃវប្បធម៌ជាតិសាសន៍របស់យើងនោះឡើយ មិនមែនទើបនឹងម៉ោងនេះ ថ្ងៃនេះទេ គឺជិត ២០ឆ្នាំហើយដែលសម្តេចប្រតិកម្មនឹងផលិតកម្មភាពយន្តមួយ ដែលស្លៀកពាក់មិនដឹងក្នុងទម្រង់​សម័យកាលណា ហើយគ្មានចម្លើយរហូតមកដល់ពេលនេះ ។

លោកស្រី ទ្រី ដាណា មិនគួរបន្ទោសជាមួយនឹងភាពតឹងតែងរបស់ក្រសួង ។ ភាពតម្រូវមិនមែនជាការតឹងតែងទេ តែជាការតម្រូវឲ្យគោរពនូវច្បាប់ដើម ដែលក្រសួងមានភារកិច្ចនឹងធ្វើបែបនោះ ។

លោកជំទាវ ភៀង សក្កណា ត្រូវចាត់តាំងប្រសិនមានសំណូមពរពីលោកស្រី ទ្រី ដាណា សូមចាត់តាំងអ្នកបច្ចេកទេស ដើម្បីជួយឲ្យការបង្ហាញសិល្បៈវប្បធម៌ខ្មែរ ដែលជាគោលបំណងល្អរបស់លោកស្រី ទ្រី ដាណា សម្រេចទៅបានជោគជ័យ ហើយនាំទៅការបង្ហាញវប្បធម៌ខ្មែរជាក់លាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម