ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងទ័ពពលធំអន្តរាគមន៍លេខ ៣ ទិសប្រាសាទព្រះវិហារ តំបន់មុំបី

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែមេសា ឆ្នាំ2023 ម៉ោង 9:48 នាទី ល្ងាច

 

នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងលេខាធិការដ្ឋានជាតិប្រឆាំងភេរវកម្ម និងសប្បុរជនជាច្រើនរូប ចុះសួរសុខទុក្ខកងកម្លាំងយោធា នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលចងសម្ព័ន្ធភាពជាមួយគ្នាតាំងពីយូរឆ្នាំមកហើយ ហើយកំពុងឈរជើង នៅទិសប្រាសាទព្រះវិហារ តំបន់ព្រំដែនមុំបី ។

ពិធីសាកសួរសុខទុក្ខនេះ បានប្រព្រឹត្តទៅនៅទីបញ្ជាការថ្មីនៃកងពលអន្តរាគមន៍លេខ៣ ការពារព្រំដែនតំបន់មុំបី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រី អ.ប.ព. និងសប្បុរសជនជាច្រើនរូបទៀត និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលធំលេខ៣ រួមទាំងនាយទាហាន ពលទាហានជាច្រើនរយនាក់ ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលធំលេខ៣ បានមានប្រសាសន៍ថា  ក្រោយកងពលបានចងសម្ព័ន្ធភាពជាមួយ អ.ប.ព. មក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី  បានកសាងនូវសមិទ្ធផលជាច្រើន រួមទាំងសាលប្រជុំថ្មីនៅតំបន់មុំបីដែលសម្ពោធនៅថ្ងៃនេះផងដែរ ដែលជាថវិការបស់ អ.ប.ព. រួមទាំងសប្បុរសជនជាច្រើន បានពាំនាំថវិកា អំណោយ និងការចុះសួរសុខទុក្ខ​នាយទាហាន ពលទាហាន ជារៀងរាល់ឆ្នាំ ចូលរួមជាមួយរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គសេនាធិការ  ជាមួយនឹងសមិទ្ធផលដ៏ច្រើនទាំងនេះ លោកឧត្តមសេនីយ៍ ស្រី ឌឹក បានថ្លែងអំណរគុណឯកឧត្តម ទេសរដ្ឋមន្ត្រី និងសប្បុរជនទាំងអស់ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការរួមចំណែកដ៏ធំធេងចំពោះកងទ័ព ស័ក្តិសមដែលក្មួយ ម៉ាណែត បានលះបង់ ខិតខំគិតគូរ រួមចំណែកជាមួយកងពលអន្តរាគមន៍លេខ ៣ ជាទីគោរព ជាទីស្រឡាញ់ ដែលបានបង្កើតស្នាដៃធំៗជាច្រើន ហើយដាក់ទុកនៅក្នុងបេះដូងរបស់យើង ក្នុងនាមអនាគតជានាយករដ្ឋមន្ត្រី  ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានកោតសរសើរលោកឧត្តមសេនីយ៍ ស្រី ឌឹក នាយរងសេនាធិការចម្រុះ នាយទាហាន ពលទាហាន និងកងពលទាំងមូល ដែលបាន​បង្កើតស្នាដៃដ៏ធំៗជាច្រើន ជាអត្ថប្រយុទ្ធសាស្ត្រ ក៏ដូចអត្ថប្រយោជន៍ចំពោះមុខ ដែលឈរជើងនៅទីនោះ គឺដើម្បីការពារទឹកដីសម្រាប់អនាគតជាតិ ទឹកដីរបស់យើង ។

ក្នុងនាម អ.ប.ព. និងលេខាធិការដ្ឋានជាតិប្រឆាំងភេវកម្ម សូមដឹងគុណ មិនមានពេលណាភ្លេចទេ នូវការលះបង់ប្រឹងប្រែង នូវការដឹកនាំដ៏វៃឆ្លាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលក្នុងប្រវត្តិសាស្ត្ររបស់យើងគ្មានពីរ ដែលបានកសាង អភិវឌ្ឍជាច្រើនជូនជាតិ មាតុភូមិ ពិសេស នាំមកនូវសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ នៅក្នុងក្របខ័ណ្ឌ នៃសម្ព័ន្ធមេត្រីភាពដែលកំណត់ដោយរាជរដ្ឋាភិបាល គឺ អ.ប.ព. តែងតែផ្តល់នូវការគាំទ្រជាប់ជាប្រចាំ តាមរយៈការចុះមកសាកសួរសុខទុក្ខបងប្អូនកងកម្លាំងយើង ដល់ជំរុំបន្ទាយនៅសមរភូមិមុខដោយផ្ទាល់ ដោយនាំមកជាមួយនូវអំណោយជាសម្ភារៈ និងថវិកាជូនដល់កងទ័ព រួមទាំងអង្គភាព មិនដែលខាន ស្របតាមតម្រូវការជាក់ស្តែង ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ក៏បានពាំនាំការសួរសុខទុក្ខពី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងបានគិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំង និងក្រុមគ្រួសារទាំងអស់ជាប់ជាប្រចាំ តាមរយៈការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ រួមទាំងការហូបចុក ស្នាក់នៅ និងការហ្វឹកហ្វឹកហ្វឺនផងដែរ ដើម្បីលើកកម្ពស់ និងពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែមាំមួនក្លាំងក្លា នៅក្នុងបុព្វហេតុការពារជាតិ និងអធិបតេយ្យភាពជាតិឱ្យគង់វង្សមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត។ ឯកឧត្តមក៏បានលើក​ឡើងថា ​រាជរដ្ឋាភិបាលមិនដែលភ្លេច និងចង់ចាំជានិច្ចនូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់បងប្អូនចំពោះបុព្វហេតុការពារជាតិ ។

នៅក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត និងប្រតិភូ បាននាំយកនូវអំណោយជាសម្ភារ និង ថវិកា ជារៀងរាល់ឆ្នាំ ជូនដល់ដល់អង្គភាពកងពល នាយទាហាន ពលហានមុនពេលបុណ្យចូលឆ្នាថ្មី ប្រពៃណីជាតិខ្មែរមកដល់ ។

ជាមួយនឹងមនោសញ្ចេតនាដ៏ជាទីគោរព និងស្រឡាញ់ រវាងសមរភូមិមុខ និងក្រោយរបស់ប្រតិភូ នៅថ្ងៃនេះ បានបង្កបរិយាកាសសប្បាយជាមួយគ្នា ដោយលេងក្បែហងប្រជាប្រជាប្រិយទាញព្រ័ត្រ និងវាយក្អម រួមទាំងរាំលេងកម្សាន្តផងសប្បាយជោកជាំបេះដូងផងដែរ ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម