ធនាគារអភិវឌ្ឍអាស៊ី (ADB) និយាយថា ទោះបីនិន្នាការពិភពលោកធ្លាក់ចុះ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ដំណើរការ​ល្អ​ ពីលទ្ធផលនៃវិស័យទេសចរណ៍ ពង្រីក 5.5%

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែមេសា ឆ្នាំ2023 ម៉ោង 8:52 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖ 

ធនាគារអភិវឌ្ឍអាស៊ី (ADB) បង្ហាញថា ការពង្រឹងយុទ្ធសាស្ត្រប្រឆាំងកូវីដ-១៩ របស់របស់ចិន និងការវិលត្រឡប់មកវិញនូវសេវាកម្មទេសចរណ៍បរទេសពីដើមឆ្នាំ ២០២៣ ជាបច្ច័យដ៏ល្អនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន ។

សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងពង្រីកខ្លួន ៥,៥% ក្នុងឆ្នាំ ២០២៣ នេះ ហើយនិង ៦% ក្នុងឆ្នាំ ២០២៤ ពីការស្តារឡើងវិញ នៅពីក្រោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍ ។

សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍នេះពឹងផ្អែកលើវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិសម្រាប់ធ្វើដំណើរ សំណង់ អចលនទ្រព្យ និងកសិកម្ម ។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ដូច្នេះថា «ទោះបីជានិន្នាការពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ដំណើរការ​ល្អ​ ជាលទ្ធផលនៃការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍» ។

«ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ការថយចុះនៃឱនភាពគណនីចរន្ត និង​អតិផរណា​កម្រិត​មធ្យម​ក្នុង​ឆ្នាំ​២០២៣» នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចបង្ហាញថា កំណើនក្នុងវិស័យសេវាកម្មនឹងបន្តពីការងើបឡើងវិញនៃវិស័យ​ទេសចរណ៍ ហើយបានព្យាករណ៍ថា កំណើនក្នុងវិស័យសេវាកម្មត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 7.3% ក្នុងឆ្នាំ 2023 មុនពេលធ្លាក់ចុះមកនៅត្រឹម 6.8% ក្នុងឆ្នាំ 2024។

របាយការណ៍​បញ្ជាក់​ថា​ កំណើន​វិស័យ​ទេសចរណ៍​នឹង​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​ចិន ដែល​ជនជាតិចិនជា​ទីផ្សារ​ទេសចរណ៍​ធំ​ជាង​គេ​របស់​កម្ពុជា។

ចំណែកកត្តាផ្សេងៗទៀត ជំរុញវិស័យសេវាកម្មនៅឆ្នាំនេះ គឺការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ របស់កម្ពុជាក្នុងខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែមិថុនា ព្រមទាំងការបោះឆ្នោតនៅខែកក្កដា ២០២៣ ។

របាយការណ៍បាននិយាយថា សម្ពាធអតិផរណាត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យម 3%នៅឆ្នាំ 2023 និង 4% នៅឆ្នាំ 2024 ដោយបន្ថែមថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើការបន្តខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការពង្រីកការវិនិយោគសម្រាប់កំណើនរយៈពេលវែង ។

របាយការណ៍លើកឡើងទៀតថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានរំពឹងថានឹងធ្លាក់ចុះដោយសារតែតម្រូវការខាងក្រៅខ្សោយ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់របស់ប្រទេស ។

ចំណែកទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង 5.8% នៅឆ្នាំ 2023 មុនពេលកើនឡើងដល់ 7.8 %នៅឆ្នាំ 2024 តែកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងនៅតែយឺត ។ ទន្ទឹមនឹងនេះ វិស័យកសិកម្មត្រូវបានគេរំពឹងថានឹងកើនឡើង 1.1% នៅឆ្នាំនេះ និង 1.2% នៅឆ្នាំ 2024 ដោយទទួលបានអត្ថប្រយោជន៍ពីការផលិតដំណាំសម្រាប់ការនាំចេញ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម