ប្រទេសភូមាកាន់តែក្តៅ! ទ័ពយោធា បើកប្រតិបត្តិការផ្លូវអាកាសកម្ទេចអ្នកតស៊ូ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី12 ខែមេសា ឆ្នាំ2023 ម៉ោង 7:45 នាទី ល្ងាច

បកប្រែពី MGRonline : 

ដោយ ម៉រ៉ា

ការវាយប្រហារកាលពីថ្ងៃទី ១១ មេសា ​បាន​កំណត់​គោលដៅ​ភូមិ​មួយ​ក្នុង​សាកូង ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលជាកន្លែងក្រុមប្រឆាំងរដ្ឋាភិបាលនៅទីនោះ ។ សហគមន៍​ជា​ច្រើន​ក្នុង​តំបន់​នេះ​បាន​រួម​គ្នា​ប្រឆាំង​យ៉ាង​ខ្លាំង​​របប​យោធា​មីយ៉ាន់ម៉ា ដោយបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បើកសាលារៀន និងមន្ទីរពេទ្យផងដែរ ។

កងទ័ព​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ផ្លូវ​អាកាស​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម តាំង​ពី​ឡើង​កាន់​អំណាច​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ មក ។ អ្នកភូមិម្នាក់បានប្រាប់ BBC យ៉ាងដូច្នេះថា យន្តហោះយោធាមួយគ្រឿងបានហោះពីលើកាលពីព្រឹកម្សិលមិញ បន្ទាប់មកបានទម្លាក់គ្រាប់បែក អមដោយឧទ្ធម្ភាគចក្រវាយប្រហារ ដេញ​បាញ់​អ្នក​ភូមិ​អស់រយៈពេល ​២០​នាទី ។ បើតាមព័ត៌មានក្រៅផ្លូវការថា មានអ្នកបាត់បង់ជីវិតប្រមាណ ១០០នាក់ ។

ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ពេល​អ្នក​ភូមិ ​រួម​ទាំង​សហគមន៍​ជិត​ខាង បានចូលរួម​ពិធី​សម្ពោធ​ទីបញ្ជាការ​កង​កម្លាំង​ការពារ​ប្រជាជន​ថ្មី ដែល​ជា​ការ​ប្រមូល​ផ្តុំ​ក្រុម​ប្រដាប់​អាវុធ​ស្ម័គ្រ​ចិត្ត​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ ដែល​បាន​ពង្រាយ​កម្លាំង​របស់​ខ្លួន​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា  ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ ចាត់ទុកថាជាការបំពានច្បាប់អន្តរជាតិ ពីការរំលោភសិទ្ធិមនុស្ស រហូតដល់ការបៀតបៀន ក្នុងករណីខ្លះ វាអាចចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសូម្បីតែឧក្រិដ្ឋកម្មសង្គ្រាម ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​នៅ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។

សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា មនុស្សរាប់ពាន់នាក់បានស្លាប់ និង 1.4 លាននាក់ផ្សេងទៀតគ្មានផ្ទះសម្បែង ជិតមួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេសនេះកំពុងត្រូវការជំនួយមនុស្សធម៌។ នេះ​បើ​តាមរបាយការណ៍របស់​អង្គការ​សហប្រជាជាតិ ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែប្រើយន្តហោះមកពីរុស្ស៊ី និងចិន ទម្លាក់គ្រាប់បែកដាក់អ្នកភូមិរបស់កងកម្លាំងតស៊ូ ។ ការប្រើប្រាស់ប្រតិបត្តិការវាយប្រហារតាមអាកាស នឹង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​បន្ថែម​ទៀត រួម​ទាំង​មនុស្ស​សាមញ្ញ​ដែល​មិន​ដឹង​ពី​បញ្ហា​នេះ​ដែរ។

យោងតាមការវិភាគរបស់ BBC បានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ចំនួន 600 នៅចន្លោះខែកុម្ភៈ ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2023 ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម