លទ្ធផលចេញហើយ ! ការប្រឡងជ្រើសរើសក្របខណ្ឌក្រសួងសុខាភិបាល ចូលបម្រើនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព សម្រាប់ឆ្នាំ ២០២៣

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែមេសា ឆ្នាំ2023 ម៉ោង 7:43 នាទី ល្ងាច

ដោយ សូរ្យសែង៖

ថ្ងៃ២២ មេសា ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនក្របខណ្ឌក្រសួងសុខាភិបាល ចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់​ឆ្នាំ ២០២៣ ។

ការប្រឡងធ្វើឡើង ៣ មណ្ឌល គឺវិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក និង បឋមសិក្សា ជា ស៊ីម សន្ធរម៉ុក សរុប ១៤៤ បន្ទប់ ដែលមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន 3,508 រូប ជ្រើសរើសយក 200 រូបខាង ។

តាមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា មន្ត្រី ACU មានវត្តមានចូលរួមសង្កេតការណ៍ចំនួន ១៧៣ រូប ក្នុងដំណើរការប្រឡងសំណេរ ហើយនិងដល់ចេញលទ្ធផល ។ នេះជាលើកទី៧ ហើយ គិតចាប់ពីឆ្នាំ២០១៦ មក ដែល អ.ប.ព. បានចូលរួមសង្កេតការណ៍ប្រឡងជ្រើសរើសក្របខណ្ឌក្រសួងសុខាភិបាល ។

ជំនាញដែលត្រូវរើសមាន ៖

១. វេជ្ជបណ្ឌិតឯកទេស និង វេជ្ជបណ្ឌិត ចំនួន ១០០ នាក់ ដែលក្នុងនោះវេជ្ជបណ្ឌិតឯកទេសត្រូវការមានឯកទេសប្រពោធនកម្មដាក់ថ្នាំសណ្ដំ និង សង្រ្គោះបន្ទាន់, ឯកទេសសល្យសាស្រ្តទូទៅ, ឯកទេសសល្យសាស្រ្តជំងឺឆ្អឹង និង បាក់បែក, ឯកទេសសម្ភព និង រោគស្រ្តី, ឯកទេសជំងឺទឹកនោមផ្អែម និង ជំងឺក្រពេញ, ឯកទេសជំហឺថ្លើម ក្រពញ ពោះវៀន, ឯកទេសរោគកុមារ, ឯកទេសជំងឺសួត, ឯកទេសបេះដូងវិទ្យា, ឯកទេសជំងឺប្រព័ន្ធប្រសាទ និង ឯកទេសវិទ្យុសាស្រ្ត និង រូបភាពវេជ្ជសាស្រ្ត។

២. បរិញ្ញាបត្រឱសថការី ចំនួន ១១ នាក់

៣. បរិញ្ញាបត្រគិលានុបដ្ឋាក ចំនួន ១០ នាក់

៤. បរិញ្ញាបត្រឆ្មប ចំនួន ១០ នាក់

៥. បរិញ្ញាបត្ររងគិលានុបដ្ឋាក(គិលានុបដ្ឋាកមធ្យម) ចំនួន ៣០ នាក់

៦. បរិញ្ញាបត្ររងឆ្មប(ឆ្មបមធ្យម) ចំនួន ៣០ នាក់

៧. បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ៩ នាក់។

លក្ខខណ្ឌដែលត្រូវជ្រើសរើស បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/អង្គភាពសាម៉ី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។ ក្នុងករណីរកឃើញថា បេក្ខជនជាមន្ត្រីរាជការដែលគ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាម៉ី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។ ម្យ៉ាងទៀត ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងនៅពេលនេះទេ ។ បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស (យកក្រោយពេលប្រឡងជាប់)។

សូមបញ្ជាក់ថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនឹងគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ នេះ ។ ជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា មានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ អាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ ម៉ឺនគ្រែ បើធៀបនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ធំជាង ១០ដង អាចចតរថយន្ត ២១០ គ្រឿង មានសួនច្បារទំហំ ៤.៤៩០ ម៉ែត្រការ៉េ ។ មន្ទីរពេទ្យនេះស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សរុបមាន ១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់, អគារព្យាបាលកម្រិតធ្ងន់, អគារព្យាបាលកម្រិតស្រាល, អគារបច្ចេកទេស, អគារផ្គត់ផ្គង់និងព័ត៌មាន, អគារស្នាក់នៅសម្រាប់បុគ្គលិក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកន្លងមកថា៖ «មន្ទីរពេទ្យនេះរឹងមាំណាស់ ដែលមានសមត្ថភាពដល់ ៧០ឆ្នាំ តែបើយើងមិនចេះថែទាំទេ តែ ១០ឆ្នាំខ្ទេច»។

ដូច្នេះហើយ រាជរដ្ឋាភិបាលត្រូវការធនធានផ្នែកសុខាភិបាល ទើបឲ្យមានការប្រឡងជ្រើសរើសគ្រូពេទ្យមកបម្រើការងារចំនួន ២០០ នាក់ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះ ។

កន្លងតែមួយថ្ងៃ លទ្ធផលបានចេញជាផ្លូវការដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ។ មូលហេតុដែលចេញលទ្ធផលលឿនរហ័ស តាមប្រសាសន៍ឯកឧត្តម ម៉ី សំបូរ ប្រធានគណៈកម្មាធិការប្រឡងមណ្ឌល វិទ្យាល័យ ជា ស៊ីម ថា ឥឡូវក្រសួងកែតាមបច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រ មិនអនុវត្តកំណែដោយដៃដូចឆ្នាំមុនៗទេ គឺអនុវត្តតាំងឆ្នាំ ២០២២ មកម៉្លេះ ៕

 ប្រភពរូបថត ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម