ដោយ សូរ្យរិទ្ធ៖
នឹកឃើញអតីតកាលនៃប្រទេសកម្ពុជា ដែលទើបងើបផុតពីរបបខ្មែរក្រហម ១៩៧៩-១៩៨០ យើងគ្មានទឹកស្អាតប្រើ និងខ្វះខាតយ៉ាងលំបាក ហើយគ្មាននរណាមកជួយ ក្រៅពីរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងប៉ុណ្ណោះ ដែលជួយប្រជាជនក្នុងគ្រាដ៏លំបាក និងវេទនា។
ងាកមកពេលនេះ ទីក្រុងធំៗជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កំពុងប្រឈមនឹងការខ្វះខាតទឹកបរិភោគ ទឹកប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែទឹកម៉ាស៊ីនមិនចេញ អ្នកភូមិត្រូវតម្រង់ជួរយ៉ាងយូរដើម្បីទទួលសេវាទឹក ឬទិញក្នុងតម្លៃថ្លៃមកប្រើ ។
សហគមន៍ជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងបញ្ហាទឹកមិនហូរជាប់ជាច្រើនថ្ងៃ អ្នកភូមិត្រូវតម្រង់ជួរដើម្បីទទួលទឹកចែកពីអង្គការផ្សេងៗ ឬត្រូវទិញទឹកមកហូប និងប្រើក្នុងតម្លៃថ្លៃហួសហេតុ ។
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ សារព័ត៌មានមេគង្គ (Mekong News)បានរាយការណ៍ថា អ្នកភូមិមកពីសហគមន៍តូចមួយនៅស្រុកដាឡា ទីប្រជុំជន ទុយអាន តេ ភាគខាងត្បូងទីក្រុងយ៉ាំងហ្គោន ត្រូវឈរតម្រង់ជួរយ៉ាងវែង ដើម្បីទទួលការចែកទឹកពីអង្គការសប្បុរស ដោយសារតែសហគមន៍ដែលពួកគេរស់នៅ ទឹកមិនចេញច្រើនថ្ងៃមកហើយ អ្នកភូមិទាំងនេះត្រូវបានផ្តល់ទឹកចំនួន ១០០ លីត្រក្នុងមួយគ្រួសារ ឬប្រហែលពីរធុងធំ ។
សប្បុរសជនបានដឹកជញ្ជូនទឹកពីអាងស្តុកទឹក Cho Pyu ភាគខាងជើងទីក្រុងយ៉ាំងហ្គោន ជាមួយនឹងឡានទឹកធំ ប៉ុន្តែដោយសារតែមានអ្នកភូមិជាច្រើននាក់ចាំតម្រង់ជួរដើម្បីចែកទឹក រថយន្តដឹកទឹកត្រូវរត់ទៅទទួល និងដឹកជញ្ជូនទឹកយ៉ាងតិច ៦ ជើង ។
អ្នកភូមិម្នាក់បានប្រាប់ Eleven Media Group ថាវាជារដូវប្រាំងកាលពីឆ្នាំមុន តម្លៃទឹក៦០០០ ច័ត (លុយភូមា) ឬជិត ៣ ដុល្លារសហរដ្ឋអាមេរិកលក្នុងមួយធុងធំ ប៉ុន្តែឆ្នាំនេះឡើងដល់ ៨.០០០-១០.០០០ ច័ត ឬប្រមាណ 4-5 ដុល្លារ ។
មិនត្រឹមតែទីក្រុង ម៉លឡាមីន ដែលកំពុងប្រឈមមុខនឹងបញ្ហាកង្វះទឹកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងជាច្រើនក្នុងរដ្ឋមន ដូចជា ចៃថូ បេលីន សាតេម ពុង ចៃមៈរ័រ ចុងសុង មូដុង រេ និង ដាន់ពិសយ៉ា ក៏ប្រឈមនឹងការខ្វះខាតទឹកផងដែរ ៕