ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នាំទ័ព ACU ទទួលស្វាគមន៍ និងអបអរសាទរ ព្រះអគ្គីជ័យកីឡាស៊ីហ្គេម

កីឡាថ្ងៃសៅរ៍ ទី29 ខែមេសា ឆ្នាំ2023 ម៉ោង 10:09 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ម៉ោង ៦ ព្រឹក ថ្ងៃទី ២៩ ខែមេសា ពិធីដង្ហែព្រះអគ្គីជ័យកីឡា ឬភ្លើងគប់ ដែលតំណាងឲ្យព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ី-អាគ្នេយ៍ (SEA Games) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កាន់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដង្ហែចេញពីវត្តលង្កា មកតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅទីរមណីយដ្ឋានវត្តភ្នំដូនពេញ រាជធានីភ្នំពេញ ។ 

ព្រះអគ្គីជ័យកីឡា បានដង្ហែឆ្លងកាត់អង្គភាពប្រឆាំងអំពើពុករលួយ ដែលឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននាំទ័ព ACU ប្រមាណជាង ១០០ នាក់ ឈរទទួលស្វាគមន៍ និងអបអរសាទរដោយទឹកមុខស្រស់ថ្លា ញញឹមពព្រាយក្នុងសេចក្តីរីករាយ និងមោទកភាពជាទីបំផុត ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ ក្នុងរយៈពេល ៦៤ ឆ្នាំកន្លងមក ក៏ដូចជាបន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាម ទទួលសន្តិភាពពេញលេញ ។ ក្នុងនេះអមសងខាងផ្លូវ ដោយសិស្សានុសិស្សជាច្រើន លើកគ្រវីទង់ជាតិខ្មែរព្រោងព្រាត ក្នុងសញ្ញាណជាជាតិខ្មែរដែលមានអរិយធម៌រុងរឿង ។

ពិធីដង្ហែនេះ នឹងបន្តទៅកាន់ខេត្តជុំវិញបឹងទន្លេសាប ដូចជា កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប រួចដល់ថ្ងៃទី ៥ នឹងឆ្ពោះទៅកាន់កីឡដ្ឋានមរតកតេជោ ដែលជាទីកន្លែងបើកពិធីប្រកួតកីឡាជាផ្លូវការតែម្តងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែមកហើយ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ពីប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម