ជក់ចិត្តមើលទាត់បាល់ផង មើលទាត់មនុស្សផង!

កីឡាថ្ងៃពុធ ទី17 ខែឩសភា ឆ្នាំ2023 ម៉ោង 11:15 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

តាំងពី​ខ្ញុំ​ចេះ​មើល​បាល់ទាត់​មក ​ការប្រកួត​ពីយប់មិញ (១៦ ឧសភា ២០២៣) រវាងគូ U22 ថៃ និង U22 ឥណ្ឌូនេស៊ី (ដណ្តើមយកមេដាយមាសក្នុងស៊ីហ្គេមលើកទី ៣២) សែនជក់ចិត្ត! ជក់​មើល​ទាត់បាល់ផង ជក់ចិត្តទាំងទាត់មនុស្សផង ​គេដេញ​វ៉ៃ​គ្នា​បែប​អនាធិបតេយ្យ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រត់​ពេញ​តារាង​បាល់ទាត់ ​ ហាក់បី​ដូចជា​គ្មាន​​ច្បាប់​ទម្លាប់អ្វីសោះ ។

ខ្ញុំមិនដឹងថា ដើមហេតុបណ្តាលមកពីអ្វីនោះទេ ដឹងត្រឹមតែកាមេរ៉ារេមកចាប់ត្រង់ប្លង់វាយគ្នា អ្នកក្នុងតារាងវាយអ្នកក្រៅ អ្នកខាងក្រៅទាត់អ្នកខាងក្នុង កីឡាករវាយគ្នាផ្សេង គ្រូជំនួយវាយគ្នាផ្សឹង ដេញពេញតារាងយ៉ាងរញ៉េរញ៉ៃ បន្ទាប់ពីក្រុមឥណ្ឌូនេស៊ី ស៊ុតបាន 3-2 ទៅលើក្រុមថៃ ក្នុងពេលថែមម៉ោង ១៥ នាទីពីរដង ។

បើតាំងចិត្តជាកីឡាករ ចាញ់គឺចាញ់ ឈ្នះគឺឈ្នះ ត្រូវទទួលស្គាល់ ប៉ុន្តែមិនទាន់បញ្ចប់ម៉ោងឯណា ទើបចូលម៉ោងបន្ថែម ១៥ នាទីដំបូង ប៉ុន្តែសមរភូមិទាត់បាល់ ក្លាយជាសមរភូមិទាត់មនុស្ស ប្រៀបដូចហ្វូងតោដេញខាំសត្វឈ្លូសជាអាហារ ហើយចេញចរិតជាក្មេងស្ទាវយ៉ាងអនាធិបតេយ្យ ល្អមើលជាងភាពយន្ត ទាល់តែកងកម្លាំងការពារកម្ពុជាចេញមកឃាត់ទើបរឿងបានស្ងប់ស្ងាត់ទៅវិញ តែត្រូវព្រមានកាតក្រហមប្រមាណ ៤ នាក់ (ទាំងកីឡាករ ទាំងគ្រូជំនួយ)។ យើងមិនគាំទ្រនូវចរិតជាកីឡាករធ្វើបែបននេះទេ ។ 

ចំណែកគ្រូបង្វឹករបស់ក្រុម U22 ឥណ្ឌូនេស៊ីនិយាយថា ក្រុមកីឡាករបាល់ទាត់ថៃ បង្កហឹង្សាមុន ទើបធ្វើឲ្យស្ថានការណ៍ប្រកួតមានភាពច្របូកច្របល់ ។

កីឡាករនៃប្រទេសទាំងពីរ សុទ្ធតែចាស់ចិត្ត ចាស់គំនិតជាងគេនៅក្នុងតំបន់ខាងផ្នែកកីឡា ពិសេសប្រទេសថៃ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ទាំងកីឡាអាស៊ី ទាំងកីឡាអាស៊ាន (ស៊ីហ្គេម) គួរពង្រឹងក្រមសីលធម៌ និងវិន័យកីឡារបស់ខ្លួនមុនមកប្រកួតស៊ីហ្គេម ឬការប្រកួតកីឡាផ្សេងៗ ដែលមិនគួរឲ្យកើតមានរឿងបែបនេះនៅក្នុងស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ប្រវត្តិសាស្ត្រនឹងចារឹកទុក មិនរលុបទេនូវការប៉ះទង្គិចជាជម្លោះជាតសាសន៍កីឡាទាំងពីរប្រទេសនេះ ។

ប៉ុណ្ណឹងហើយ​មិន​ទាន់​គ្រប់គ្រាន់​​ មានកីឡាករបាល់ទាត់ថៃម្នាក់បានលូកយកតុក្កតា មុនគណៈកម្មការហុចឲ្យ ហើយបានគ្រវាត់រូបតុក្កតាតំណាងកីឡាស៊ីហ្គេម និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ដែលនេះជាចរិតព្រហើនមួយបង្ហាញថាមិន​មែនជាអ្នកកីឡានៃប្រទេសស៊ីវិល័យទេ ។ ដែនដីពិភពលោក មិនមែនមានតែកីឡាករថៃមួយក្រុម ឬម្នាក់នេះទេដែលខ្លាំង ។ កីឡាករណាក៏ដោយ កុំមានអំណួត កុំអាងថាខ្លួនខ្លាំង កុំតាំងចិត្តជាបងធំខាងកីឡា មានស៊ី មានសង ពិភព​លោក ពិសេសស្ថាប័នកីឡាផ្សេងៗ មិនពេញចិត្តនឹងទង្វើបែបនេះទេ ពិសេសកម្ពុជាជាម្ចាស់ផ្ទះ ដែលខិតខំរៀបចំសាងនូវកីឡាសន្តិភាព មិត្តភាពជាមួយគ្នាក្នុងតំបន់ តែបែរជាចេញចរិតច្រឡោងខាម ហាក់មើលស្រាលដល់ម្ចាស់ផ្ទះ និងស្ថាប័នកីឡាអន្តរជាតិផ្សេងទៀតមិនមែនជាអ្នកកីឡា ។

យើងមិនទាន់ដឹងថា មាន​ការដាក់​ទណ្ឌកម្ម និង​ពិន័យ​ចំពោះ​កូន​ក្រុមបាល់ទាត់ថៃបែបណានោះទេ ហើយម្យ៉ាងទៀត ២ឆ្នាំក្រោយ ស៊ីហ្គេមលើកទី ៣៣ ថៃធ្វើជាម្ចាស់ផ្ទះ នឹងទៅជាយ៉ាងណា ក្នុងពេលដែលការមកប្រកួតនៅទឹកដីប្រទេសផ្សេង កីឡាករមានចរិតចចកកាចបែបនេះទៅហើយ ចុះទម្រាំខ្លួនធ្វើជាម្ចាស់​ផ្ទះទៀត នឹងធ្វើព្យុះ ធ្វើភ្លៀងយ៉ាងណា?

នេះជាគំរូមួយយ៉ាងអាក្រក់ ​ចរិត​របស់​កីឡាករ​ដែល​ទម្លាប់​លេង​កាច និង​ដើរ​ខ្សែ​លើ​មិន​មាន​ការអត់ឱន​ឲ្យឡើយ ​គួរសហព័ន្ធនៃប្រទេសនោះដាក់ពិន័យ ។ ក្នុង​នាម​ជា​គ្រូបង្វឹក ឬ​ក៏​ស្ថាប័នដឹកនាំ​ ​មិន​គួរ​ពន្យុះ​ឲ្យ​កូន​ក្រុម​លេង​ធាក់​គ្នា ឬ​ក៏​វ៉ៃ​គ្នា​នោះ​ទេ ហើយក៏​មិន​ត្រូវ​ចូល​ខ្លួន​មក​ឡូកឡំ​ប្រតាយប្រតប់​នឹង​គេ​នោះ​ដែរ ​។

ម្យ៉ាងទៀត ក្នុង​នាម​ជា​កីឡាករ​បម្រុង​មិន​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ទីលាន​ និង​ដេញ​វ៉ៃ​គេ​នោះ​ដែរ ហើយក្នុង​នាម​ជា​អ្នក​គាំទ្រ​អង្គុយ​មើល​ ​សូម​កុំ​ពន្យុះ​ឲ្យ​កីឡាករ​វ៉ៃ​គ្នា ចោល​របស់របរ​ចូល​ក្នុង​ទីលាន ឬ​ក៏​ខ្លួន​រត់​ចូល​ទីលាន​ប្រកួត​ឲ្យ​ប្រសាច ​៕

 ទស្សនាវីដេអូខាងក្រោម៖

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម