របាយការណ៍ UN៖ មីយ៉ាន់ម៉ាទិញអាវុធពីរុស្ស៊ី និងចិន តម្លៃពាន់លានដុល្លារ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែឩសភា ឆ្នាំ2023 ម៉ោង 7:42 នាទី ល្ងាច

ដោយ សូរ្យសែង៖

របាយការណ៍របស់អ្នកជំនាញការសហប្រជាជាតិ (UN) បានផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភាថា ចិន និងរុស្ស៊ី បានបញ្ជូនជំនួយផ្នែកសព្វាវុធក្នុងតម្លៃ ១ ពាន់លានដុល្លារ ។

ទីភ្នាក់ងាររ៉ឺទ័ររាយការណ៍ថា លោក ថម អេនឌ្រូវ អ្នកធ្វើរបាយការណ៍ពិសេសរបស់​សហប្រជាជាតិ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ានាំចូលអាវុធ  និងវត្ថុធាតុដើមសម្រាប់យោធាផ្សេងៗ គិតជាតម្លៃយ៉ាងតិចក៏ ១ ពាន់លានដុល្លារ ចាប់តាំងពីការធ្វើរដ្ឋប្រហារមក ។

ចាប់តាំងពីកងទ័ពបានដណ្តើមអំណាច និងចាប់ដាក់គុកមេដឹកនាំប្រជាធិបតេយ្យ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ងាក​មក​កាន់​អាវុធ ឬ​ចូល​រួម​ជាមួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​តាម​តំបន់​ផ្សេង​ៗ ​ដែល​ធ្វើ​ឱ្យ​កងទ័ព​ឆ្លើយ​តប​ដោយ​ការ​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស និង​អាវុធ​ធុន​ធ្ងន់ រួមទាំងនៅក្នុងតំបន់លំនៅដ្ឋានស៊ីវិល ។

របាយការណ៍របស់លោក អេនឌ្រូ រួមមានឧទ្ធម្ភាគចក្រ Mi-35 យន្តហោះចម្បាំង MiG-29 និងយន្តហោះធុនស្រាល(light aircraft) Yak-130 ផលិតដោយរុស្ស៊ី ហើយ​យន្តហោះ​ចម្បាំង K-8 របស់​ចិន​ ត្រូវ​បាន​គេ​ប្រើ​ញឹកញាប់​បំផុត​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ជន​ស៊ីវិល​ដែល​បំផ្លាញ​សាលារៀន កន្លែង​ពេទ្យ ផ្ទះ​ជន​ស៊ីវិល និង​អគារ។

ការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅក្នុងឧប្បត្តិហេតុតែមួយ វាបានកើតឡើងនៅក្នុងភូមិមួយក្នុងតំបន់សាហ្គាំង កាលពីថ្ងៃទី 11 ខែមេសា ឆ្នាំ 2023 ក្នុងអំឡុងពេលបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំងរដ្ឋាភិបាល ។ គ្រាប់បែកពីរគ្រាប់ទម្លាក់ដោយយន្តហោះ Yak-130 បានសម្លាប់មនុស្សយ៉ាងហោចណាស់ 160 នាក់ រួមទាំងកុមារជិត 40 នាក់ ប៉ុន្តែយោធាបានបដិសេធមិនកំណត់គោលដៅលើក្រុមផ្តាច់ខ្លួនប្រដាប់អាវុធ។ ក្រោយ​ការ​វាយ​ប្រហារ​លើ​ខេត្ត​សាហ្គា ហើយ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​សម្លាប់​ប្រហែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​របប​យោធា​បាន​ពណ៌នា​ថា​ជា​ការ​សម្លាប់ «ភេរវករ» ។

លោក ងេនឌ្រូ បញ្ជាក់​ថា «ដំណឹង​ល្អ​គឺ​ថា ​ឥឡូវ​នេះ​យើង​ដឹង​ថា​នរណា​ជា​អ្នក​ផ្តល់​អាវុធ និងវិសាលភាពដែលយុត្តាធិការ និងច្បាប់ត្រូវបានគ្រប់គ្រង» លោកបានជំរុញឱ្យសមាជិកអង្គការសហប្រជាជាតិបង្កើនវិធានការរារាំង​អាវុធ​មិន​ឲ្យ​ចូល​ដល់​កងទ័ព​មីយ៉ាន់ម៉ា អនុវត្តទណ្ឌកម្មដែលមានស្រាប់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយវិធានការដាក់ទណ្ឌកម្មផ្សេងទៀត ។

របាយការណ៍នេះប្រើការវិភាគទិន្នន័យពាណិជ្ជកម្ម ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃការដឹកជញ្ជូនអាវុធ និងទំនិញផ្សេងទៀត រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតអាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ 2021 មក វាមានតម្លៃ 406 លានដុល្លារក្នុងការនាំចូលពីប្រទេសរុស្ស៊ី និង 267 លានដុល្លារពីប្រទេសចិន ក៏ដូចជាផលិតផលយោធាមួយចំនួនពីក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា និងថៃផង ។

ការច្រកចេញដើម្បីបានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហាក់នៅឆ្ងាយ បន្ទាប់ពីប្រទេស​ប៊្រុយណេ រួមកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២៣ នេះ កំពុងខ្នះខ្នែងគ្រប់មធ្យោបាយដើម្បីរកផ្លូវចេញ ប៉ុន្តែអ្វីដែលមីយ៉ាន់ម៉ាឆ្លើយតបមកវិញ បានត្រឹមធ្វើឲ្យអាស៊ានអស់សង្ឃឹម ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម