រឿងក្តៅមាត្រា ១១២ ! គណបក្សកាវក្លៃចង់បានគណបក្សភូមិចៃថៃមករួមរដ្ឋាភិបាល ទាល់តែកុំនិយាយរឿងមាត្រា ១១២! អ្វីទៅមាត្រា ១១២ របស់ថៃ?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែឩសភា ឆ្នាំ2023 ម៉ោង 5:36 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

រឿងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ នៅតែជារឿងស្មុគស្មាញ និងអូសបន្លាយជាយូរមកហើយ ក្នុងអាណត្តិរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា កាន់តំណែង ។ គណបក្សប្រឆាំងទាំងតូច ទាំងធំ ក្នុងប្រទេសថៃ ទាមទារលុប ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៅលើមាត្រា ១១២ នេះ ។

មកដល់ពេលនេះ ក្រោយបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ គណបក្សប្រឆាំងធំៗ ដូចជា គណបក្ស​​កាវក្លៃ របស់ ភិថាន លីមចារើនរ៉ាត់ ឈ្នះអសនៈសភា ១៥១ ភឿថៃបាន ១៤១ អសនៈ របស់កូន ថាក់ស៊ីន និងគណបក្សទី ៣ ភូមិចៃថៃ ៧១ ធ្វើឲ្យគណបក្សធំទាំងពីរខាងលើ មិនអាចបង្កើត​រដ្ឋាភិបាល​បាន ត្រូវស្វែងរកដៃគូចម្រុះដើម្បីចាត់តាំងរដ្ឋាភិបាលក្នុងរយៈពេល ៦០ ថ្ងៃ ។

មានរូបមន្តខ្លះដែលត្រូវគិតភ្លាមៗ តែមិនទទួលបានសម្រេចការ ទោះគណបក្សប្រឆាំងធំទាំងពីរ និងតូចៗប្រមាណ ៦ បូកចូលគ្នាបាន ៣១៣ សម្លេង (MOU នៅថ្ងៃទី ២៤ ឧសភា) នៅមិនគ្រប់គ្រប់ ៣៧៦ សម្លេង ។ គេត្រូវការចាំបាច់ ប្រសិនអសនៈ ៧១ របស់គណបក្សភូមិចៃថៃមកចូលរួម ប៉ុន្តែនៅត្រង់ថា បើគណបក្សធំទាំងពីរមិនលុបចោល ឬធ្វើវិសោធនកម្មមាត្រា១១២ នោះទេ ភូមិចៃថៃនឹងអាចចូលរួមបង្កើតរដ្ឋាភិបាលជាមួយ ។ នេះយើងទុកមួយឡែក មិននិយាយអំពីសមាជិកព្រឹទ្ធសភា ២៥០ ដែលជាកូនសោសំខាន់ក្នុងការរើសនាយករដ្ឋមន្ត្រីថ្មី ។

តើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ វាសំខាន់យ៉ាងណាទៅ?

ប្រទេសថៃគ្រប់គ្រងដោយរបប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែ​ព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន ដែលមាន​ព្រះជន្មជាង ៧០ ព្រះវស្សា មាន​ឥទ្ធិពល​នយោបាយ និងសេដ្ឋកិច្ច​យ៉ាងទូលំទូលាយ ។

ក្រុមអ្នករិះគន់និយាយថា អំណាចទាំងនោះ​មិនអាចយកមក​ជជែកវែកញែក​បានទេ ដោយសារតែច្បាប់បរិហារកេរ្តិ៍​ព្រះមហាក្សត្រ នៅមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំចំពោះជនណាម្នាក់​ដែលត្រូវបាន​ចាត់ទុក​ថាមានទោស​ពីបទបរិហារកេរ្តិ៍ ប្រមាថ ឬការគំរាមកំហែងសមាជិក​រាជវង្សានុវង្ស​សំខាន់ៗ ។

កន្លងមក មនុស្សរាប់សិបនាក់ រួមទាំងយុវជន​ជំទង់ៗ ត្រូវបានចោទប្រកាន់​ក្រោមច្បាប់នេះ​ ចាប់តាំងពីការតវ៉ា​ដ៏ធំដែលដឹកនាំ​ដោយយុវជន​បានផ្ទុះឡើង​ក្នុងឆ្នាំ២០២០ ។ បាតុកម្ម​ទាំងនោះមាន​ការអំពាវនាវ​ជាសាធារណៈ​ដែលមិនធ្លាប់មាន​ពីមុនមកឲ្យធ្វើ​កំណែ​ទម្រង់​របបរាជានិយម និងការលុបចោល​មាត្រា ១១២ រហូតត្រូវចាប់​ឃុំខ្លួនយុវជនជាច្រើននាក់ និងទាមទារឲ្យដោះលែងអ្នកនយោបាយទាំងនោះ ។

របបរាជានិយម​របស់ប្រទេសថៃ​ត្រូវបានគាំទ្រ​ដោយកងទ័ព​រាជានិយម ដែលបាន​បំបែក​កិច្ច​ប្រឹងប្រែង​ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ដោយធ្វើ​រដ្ឋប្រហារ​ជោគជ័យចំនួន ១៣ដង​ ចាប់តាំងពីឆ្នាំ១៩៣២មក ។

គណបក្សភឿថៃ​ របស់លោកស្រី​ ផេតថងថាន ស៊ីនណាវ៉ាត់ ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ដែលអាចប្រើឈ្មោះ​គ្រួសារ​ដើម្បីទទួលបាន​សន្លឹក​ឆ្នោត។ ផ្ទុយទៅវិញ ការទទួល​ខុសត្រូវ​លើការកែទម្រង់ច្បាប់​បានធ្លាក់ទៅលើ​គណបក្សកាវក្លៃ​ (Move Forward ឈានមុខ ឬចលនាឆ្ពោះទៅមុខ) ដែលជាគណបក្ស​ចម្រើននិយម​ និងផ្តោតលើ​យុវជនជាកម្លាំង ។

ជាដំបូង​គណបក្ស​ចង់ឱ្យការផ្តន្ទាទោស​តាមច្បាប់ ​ត្រូវបាន​កាត់បន្ថយ​មកត្រឹម​រយៈពេល​អតិបរមា​មួយឆ្នាំ ប៉ុន្តែមេដឹក​នាំ​​គណបក្សនិយាយថា រហូតមកដល់​ពេលនេះ ប្រធានសភា​បានរារាំង​សំណើនេះ​មិនឱ្យ​យកមក​ជជែកគ្នា​នៅក្នុង​សភាទេ។

សមាជិកសភាគណបក្សកាវក្លៃ​មួយរូបថ្លែងថា «ដរាបណា​យើងនៅតែ​មានច្បាប់ ១១២ នេះ ​ប្រទេសថៃគ្មានផ្លូវ​អាចក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​បានទេ, តើយើងអាចហៅ​ខ្លួនយើង​ថា ជាប្រជាធិបតេយ្យ​ដោយ​របៀបណា នៅពេលដែលយើង​មានច្បាប់​ដែលហាមប្រាម​មនុស្ស​មិនឲ្យ​និយាយ ឬបញ្ចេញមតិ​ដោយសេរីនោះ?» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម