ប្រជាពលរដ្ឋ ៣ សង្កាត់ក្នុងខណ្ឌទួលគោក បានពិនិត្យ និងព្យាបាលភ្នែក និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយឥតគិតថ្លៃ ពី ACU សហការមន្ទីរពេទ្យព្រះអង្គឌួង និងពេទ្យបង្អែកខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី28 ខែឩសភា ឆ្នាំ2023 ម៉ោង 2:35 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

សេវាពិនិត្យ និងព្យាបាលភ្នែក មិនគិតថ្លៃនេះ ធ្វើឡើងពេញមួយថ្ងៃ អាទិត្យ ទី ២៨ ឧសភា នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង រដ្ឋបាលខណ្ឌទួលគោក និងនាយកសាលា ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក បាន សំណេះសំណាលជាមួយប្រជាពលរដ្ឋមកពី ៣ សង្កាត់ គឺសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ។

ឯកឧត្តម ឃាង សេង មានប្រសាសន៍ដោយទឹកមុខញញឹមថា «ថ្ងៃនេះពិតជាមានសេចក្តីរីករាយដែលបានមកជួបជុំជាមួយបងប្អួនប្រជាពលរដ្ឋទាំងបីសង្កាត់ ការជួបជុំនេះធ្វើឡើងក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ សន្តិភាពប្រៀបដូចអាយុជីវិតរបស់យើង និងបានឱ្យយើងទាំងអស់គ្នាមានអ្វីៗទាំងអស់ ! អរគុណសន្តិភាព អរគុណសម្តេចតេជោ!

ឯកឧត្តមអនុប្រធាន ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង អាជ្ញាធរខណ្ឌទួលគោក នាយកសាលាបឋមសិក្សាសន្ធរម៉ុក ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ។ តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាល ឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ជាប្រចាំថ្ងៃផងដែរ។

ឯកឧត្តមអនុប្រធាន ឃាង សេង បានសម្តែងនូវការកោតសរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ ដែលដែលលះបង់ពេលវេលា ក្នុងស្មារតីជួយជ្រោមជ្រែងសុខភាពរបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះការយកចិត្តទុកដាក់ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងប្រសិទ្ធភាព ក្នុងការព្យាបាល ជូនបងប្អូន ទង្វើនេះឆ្លុះបញ្ចាំងពីបេះដូងដែលមានទំនួលខុសត្រូវមិនអាចកាត់ថ្លៃបានរបស់ក្រសួងសុខាភិបាល ដោយ ឡែកក្រុមគ្រូពេទ្យព្រះអង្គដួងជាង ៤០រូប ដែលមានលោកវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរពេទ្យដឹកនាំ ។ ប្រជាពល រដ្ឋមានសុខភាពល្អ ហាក់បីដូចយើងមានទ្រព្យសម្បត្តិដ៏មហាសាលដូច្នេះដែរ ។

ការរួមសហការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ទីរពេទ្យព្រះអង្គឌួងលើកនេះ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ក្នុងចំណោម វិស័យស្នូលទាំងបួន ក្នុងការចូលរួមលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ កាពិនិត្យ និងព្យាបាលជំងឺភ្នែកលើកនេះ មានឧបករណ៍ទំនើបសម្រាប់ពិនិត្យ ឱសថព្យាបាល និងវ៉ែនតា ផ្តល់ជូនអ្នកជំងឺដោយឥតគិតថ្លៃ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបង្អែកខណ្ឌទួលគោក ក៏បានផ្តល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ ពីដូសទី២ ទៅដូសទី៦ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបានពិនិត្យភ្នែកហើយ ចូលមកចាក់វ៉ាក់សាំងតែម្តង ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម