បែងចែកកូតា «រដ្ឋមន្ត្រី» របស់គណបក្សឈ្នះឆ្នោតថៃ គឺប្រើរូបមន្ត 14+1

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 6:27 នាទី ល្ងាច

 

ដោយ Admin សូរ្យរិទ្ធ៖

កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២៣ វឌ្ឍនភាពនៃការចរចាជាមួយគណបក្សនយោបាយទាំង ៨ របស់​ប្រទេសថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​កាវក្លៃរបស់លោក ភិថា ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ស្អែកនេះ គ្រោង​នឹង​បើក​កិច្ច​ប្រជុំរួមគ្នានៅទីស្នាក់ការគណបក្សប្រាឆាឆាត ។ ចំណែក​គណបក្ស​កាវក្លៃ  និង​គណបក្ស​ភឿ​ថៃ នឹង​មានការ​ពិភាក្សា​គ្នា​ជា​មុន​សិន ជាពិសេស​តំណែង​ប្រធាន​សភា ដែលនៅតែជាបញ្ហាមិនស៊ីសង្វាក់គ្នា ។

គណបក្សភឿថៃ នៅតែបញ្ជាក់យ៉ាងច្បាស់ថា គណបក្សត្រូវតែទទួលតំណែងប្រធានរដ្ឋសភា ដោយសារតែគណបក្ស កាវក្លៃ​ ​​បានទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ផ្នែកប្រតិបត្តិ ។ មាន​ព័ត៌មានមិនផ្លូវការមួយថា ​​អន្តរការី​ដូច​លោក វ៉ាន់ម៉ូហាម៉ាត់ ន័រម៉ាត់ថា ប្រធាន​គណបក្ស​ប្រាឆាឆាត បានមកកាន់តំណែងជាប្រធានរដ្ឋសភាជំនួសវិញ ដើម្បីដោះស្រាយភាពមិនស៊ីសង្វាក់គ្នារវាងភាគីទាំងពីរ តែលោក វ៉ាន់ម៉ូហាម៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកនឹងមិនកាន់តំណែងប្រធានរដ្ឋសភានោះទេ ។

សារព័ត៌មាន​រាយការណ៍​ថា​ ​ការ​បែង​ចែក​កូតា​​រដ្ឋមន្ត្រី​ក្រសួង​ផ្សេងៗនោះ គឺ​ច្បាស់​ណាស់​ថា គណបក្សកាវក្លៃ នឹង​ទទួល​បន្ទុក​ផ្តោត​លើ​ក្រសួង​សន្តិសុខ ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ រួមទាំងក្រសួងហិរញ្ញវត្ថុ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក្រសួងឧស្សាហកម្ម ក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម ។ ចំណែកខាង​គណបក្សភឿថៃ នឹង​មាន​ក្រសួង​ពាក់ព័ន្ធ​នឹងវិស័យ​សេដ្ឋកិច្ច ដូចជា ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងដឹកជញ្ជូន ក្រសួងកសិកម្ម និងសហករណ៍ ក្រសួងថាមពល ក្រសួងការបរទេស ក្រសួងសុខាភិបាល ជាដើម ។

គណបក្សកាវក្លៃនឹងទទួលបានតំណែងរដ្ឋមន្ត្រី 14+1 ដែលមានន័យថារួមនឹងតំណែងនាយករដ្ឋមន្ត្រីដែលត្រូវដាក់បញ្ចូលរបស់ប្រមុខគណបក្សកាវក្លៃ ស្របពេលដែលគណបក្សភឿថៃ ក៏នឹងទទួលបានកៅអីរដ្ឋមន្ត្រី 14+1 ផងដែរ មានន័យថា តំណែងប្រធានរដ្ឋសភានឹងត្រូវដាក់បញ្ចូលរបស់ប្រធានគណបក្សភឿថៃ ដូច្នេះ​វា​នឹង​សមស្រប​ក្នុង​ការ​បែងចែក​កៅអី​ថ្នាក់​រដ្ឋមន្ត្រី ដើម្បីឱ្យមានភាពយុត្តិធម៌ នៅ​ក្នុង​ផ្នែក​កូតា​ក្រសួង ។ ប៉ុន្តែ​រូបមន្ត​ខាងលើនេះ អាចមានការប្រែប្រួលបាន អាស្រ័យលើការព្រមព្រៀងផ្សេងទៀតរបស់ភាគីគណបក្សធំទាំងពីរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម