ផ្លូវខូច ១១ខ្សែក្នុងសង្កាត់បឹងកក់២ ត្រូវបានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ចំណាយថវិកាផ្ទាល់ខ្លួនជួសជុល និងអ៊ុតកៅស៊ូត្រជាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:37 នាទី ល្ងាច

ផ្លូវចំនួន ១១ ខ្សែស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលខូចលើសពីសម្បុកមាន់ ត្រូវបានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន​ខណ្ឌទួលគោក ចំណាយថវិកាផ្ទាល់ខ្លួនជួសជុលចាក់អ៊ុតកៅស៊ូ ដោយសហការជាមួយមន្ទីរសាធារណការក្រុង រដ្ឋបាលខណ្ឌទួលគោក និងក្រុមការងារចុះជួយសង្កាត់បឹងកក់២ ផងដែរ ។

អញ្ជើញចុះទៅពិនិត្យការជួសជុលនាព្រឹកថ្ងៃទី ១ ខែមិថុនា ឯកឧត្តម ទូច ស៊ុនណារី អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយមូលដ្ឋានខណ្ឌទួលគោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានយកការងារជួសជុល និងធ្វើផ្លូវ ជាការងារអាទិភាព ដើម្បីសម្រួលការលំបាក និងធ្វើដំណើររបស់ពលរដ្ឋឲ្យមានភាពងាយស្រួល និងសុវត្ថិភាព ។

ឯកឧត្តម អនុប្រធានបានឲ្យដឹងទៀតថា សង្កាត់ទាំង ១០ ក្នុងខណ្ឌទួលគោក នឹងទទួលបានការជួសជុល និងអ៊ុតកៅស៊ូដូចគ្នាទាំងអស់ ហើយកៅស៊ូអ៊ុតនេះ ជាប្រភេទ«កៅស៊ូត្រជាក់» ដែលសិក្សាស្រាវជ្រាវផលិតពីក្រុមហ៊ុន RRP របស់ជនជាតិខ្មែរអស់រយៈពេល ១០ ឆ្នាំមកហើយ ហើយទើបយកមកប្រើក្នុងខណ្ឌទួលគោកដំបូងគេនេះ ។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងក្រុមការងារ ដែលយកចិត្តទុកដាក់ អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម