បាល់ទាត់ថៃត្រូវពិន័យច្រើនលើកមកហើយ ! ឥឡូវបារម្ភខ្លាចមិនបានប្រកួត World Cup 2026 ដោយសារអ្នកគាំទ្រ

កីឡាថ្ងៃសុក្រ ទី02 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:04 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

បាល់ទាត់ថៃ បានខាតបង់ប្រាក់ ៤,៥ លានបាត ស្មើ ៧០.០០០ ដុល្លារ ដោយសារអ្នកគាំទ្របានដុត ភ្លើងនៅក្នុងទីលានប្រកួត ។ មន្ត្រីជំនាញថៃបារម្ភថា បើមិនមានវិធានការនោះទេ អាចមិនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងនឹង​រងប៉ះពាល់ដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ថែមទៀតផង ។

«កំហុសដែលកើតឡើងទាំងប៉ុន្មានលើកកន្លងមក ទាំងបាល់ទាត់ ទាំងក្នុងសាល ទាំងលើឆ្នេរខ្សាច់ នឹងត្រូវដាក់ពិន័យ ហើយបច្ចុប្បន្ន ថៃ​បាន​ទទួល​ទោស​ធ្ងន់​ធ្ងរ​រួច​ទៅ​ហើយ ដែលអាចត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រកួត ខាតបង់ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ» ។ នេះជាការបារម្ភរបស់ស្ថាប័នបាល់ទាត់ថៃ ។

លោក ប៊ិកប៉ម អឌិសក្តិ បេនសិរិវណ្ណ ឧបនាយកសមាគម និងជាប្រធានអភិវឌ្ឍបាល់ទាត់ហ៊្វុតសាល (បាល់ទាត់ក្នុងសាល) និងបាល់ទាត់លើខ្សាច់ និយាយថា ក្រោយ AFC ពិន័យសមាគម ៧០.០០០ ដុល្លារ ក្នុងពេលប្រកួតមានអ្នកគាំទ្រ (ហ្វេន) ដុតភ្លើងនៅកន្លែងប្រកួតលើខ្សាច់នៃជើងឯកអាស៊ីនាទីក្រុងផាថាយ៉ា កាលពីខែមីនា កន្លងទៅ ។

កាលពីប៉ុន្មានខែកន្លងមក សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានពិន័យថៃ ២០.០០០ ដុល្លារ ដោយសារហ្វេនដុតក្នុងទីលានកាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងពេលប្រកួតថៃឈ្នះហ្វីលីពីន 4-0 ។

កាលពីឆ្នាំ ២០១៤ AFF ក៏បានពិន័យ ១១.០០០ ដុល្លារ ពីហេតុការណ៍ហ្វេនដុតភ្លើងពេល U16 ថៃ ប្រកួតចាញ់ ម៉ាឡេស៊ី 0-1 ប្រកួតជើងឯកអាស៊ីនៅទីលានខេត្តថង កាលពីឆ្នាំ២០១៤ ។

ឆ្នាំ ២០១៧ AFF ពិន័យក្រុមថៃ ៣០.០០០ ដុល្លារ ក្នុងហេតុការណ៍អ្នកគាំទ្រដុតភ្លើង ពេលថៃប្រកួតឈ្នះឥណ្ឌូនេស៊ី 2-0 ប្រកួតជើងឯកអាស៊ាន ឆ្នាំ ២០១៦ នៅទីលានរ៉ាចម័ងក្លា ។

មន្ត្រីកីឡាបាល់ទាត់ថៃបារម្ភថា ពិតប្រាកដណាស់ ប្រសិនក្រុមថៃមានកំហុសដដែលៗទៀត នឹងមានឱកាសខ្ពស់ ហាមមិនឲ្យចូលរួមប្រកួត ឬហាមមិនឲ្យរៀបចំជាម្ចាស់ផ្ទះ ។

ដោយឡែក ជាមួយនឹងការប្រកួតជម្រុះ World Cup 2026 ដែលចាប់ផ្តើមនៅខែវិច្ឆិកានេះ ដែលត្រូវបានរៀបចំជាទម្រង់ផ្ទះ-ក្រៅដី ប្រសិន​បើ​អ្នក​គាំទ្រ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ក្នុង​កីឡដ្ឋាន នឹងបាត់បង់អត្ថប្រយោជន៍នៃការលើកទឹកចិត្ត ជាពិសេសត្រូវបានហាមឃាត់នៅក្នុងផ្ទះ នោះការខូចខាតកាន់តែធំ ក្តីសង្ឃឹមស្ទើរតែរលត់ទៅហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម