សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនយោបាយថៃឈ្នះឆ្នោតថា នយោបាយបណ្តេញកម្មករប្រទេសជិតខាងមិនទទួលបានការគាំទ្រពីកម្ពុជាទេ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:33 នាទី ព្រឹក

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានប្រាប់អ្នកនយោបាយថៃថា គួរមើលឲ្យបានវែងឆ្ងាយ នយោបាយបណ្តេញពលករបរទេសចេញពីប្រទេសមិនទទួលបានការគាំទ្រពីប្រទេសចិត្តខាងដូចជាកម្ពុជា និងឡាវនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជិត ២ម៉ឺននាក់នៅ ក្នុងសួនឧស្សាហកម្មខេមតុន (CAM TON INDUSTRIAL PARK )ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។

សម្តេចតេជោ បានស្នើឲ្យមន្រ្តីកម្ពុជាតាមដាននឹងពិនិត្យមើលស្ថានភាពពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេស ថៃ ហើយកំពុងត្រូវបានគំរាមបណ្តេញចេញដោយសារនយោបាយរបស់គណបក្សដែលឈ្នះឆ្នោត ។

សម្តេចតេជោមានប្រសាសន៍ដូច្នេះថា «ត្រូវពិនិត្យមើលពលករកម្ពុជានៅក្នុងប្រទេសថៃ ដែលកំពុងត្រូវបណ្ដេញចេញ ខ្ញុំសង្ឃឹមថាអ្នកឈ្នះឆ្នោតនៅក្នុងប្រទេសថៃគួរមើលឲ្យបានឆ្ងាយ។ អ្នកជាអ្នកឈ្នះឆ្នោត ប៉ុន្តែអ្នកមិនប្រាកដថាក្លាយជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែអ្នកបានដាក់ចេញនយោបាយមួយដែលបង្កនូវគ្រោះថ្នាក់ មិនមែនគ្រាន់តែសេដ្ឋកិច្ច និងពលករកម្ពុជានិងពលករឡាវទេ ប៉ុន្តែវាខូចខាតដល់សេដ្ឋកិច្ចរបស់ថៃដែលកំពុងប្រើប្រាស់ពលករទៅពីកម្ពុជា ពីឡាវ និងមកពីមីយ៉ាន់ម៉ាផងដែរ» ។

សម្តេចបន្តថា «រដ្ឋាភិបាលលោក ប្រាយុទ្ធ ច័ន្ទអូឆា ពលករយើងដែលធ្វើការក្នុងប្រទេសថៃ ដែលពីកម្មករមិនស្របច្បាប់បានក្លាយទៅជាកម្មករដែលស្របច្បាប់» ។

សម្តេចតេជោថា ទោះបីយ៉ាងណាគេត្រូវការសំឡេងរហូត ៣៧៦ សំឡេងទើបបង្កើតរដ្ឋាភិបាលបាន មិនមែនត្រឹម ១៥១ សំឡេងនោះទេ ។

សម្តេចបញ្ជាក់ថា «មិនទាន់បានធ្វើអីផងគម្រាមបណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេសរបស់ខ្លួន! ខ្ញុំគិតថា ប្រហែលជានយោបាយនេះគឺមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាកម្ពុជា និងឡាវនោះទេ ហើយកម្ពុជាក៏មិនមានអ្វីទេគ្រាន់តែផ្តាំថាគួរប្រុងប្រយ័ត្ន ខ្ញុំមិនប្រដៅអ្នកនយោបាយថៃទេ តែគួរតែប្រុងប្រយ័ត្ន» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម