លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:55 នាទី ល្ងាច

ដោយ សូរ្យរសែង៖ 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុង បាវិត គឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ ដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរ ទិសចរាចរណ៍(Intercha nge)។

ផ្លូវល្បឿនលឿននេះនឹងជួយជំរុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មីអរិយក្សត្រនៃខេត្តកណ្តាលខេត្ត ព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្មទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគីរវាងកម្ពុជានិងវៀតណាមបន្ថែមទៀត ។ បន្ថែមពីលើនេះផ្លូវល្បឿនលឿននេះនឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ផ្លូវល្បឿនលឿននេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៅផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ឱ្យកាន់តែទូលំទូលាយដើម្បីពង្រឹងសក្តានុពលនៃទីផ្សារការ ប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ច-សង្គម តាមរយៈការធ្វើឱ្យកាន់តែស៊ីចង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ដែលក្នុងនោះការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម