សម្ដេចតេជោហ៊ុនសែនស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែមិថុនា ឆ្នាំ2023 ម៉ោង 5:47 នាទី ល្ងាច

ដោយ តារារិទ្ធ៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប និងសៀមរាប-ប៉ោយប៉ែតឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើបែប នេះទៅកាន់លោក ទូ ហ្វី (DU Fei ) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិននៅក្នុងជំនួបនាល្ងាចថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបន្ទាប់ពីជំនួននោះថា លោក ទូ ហ្វី បានគោរពជម្រាបអរគុណសម្ដេចតេជោ ដែលបានផ្ដល់កិត្តិយសអញ្ជើញ ជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអនុញ្ញាតឲ្យក្រុមហ៊ុនចុះហត្ថលេខាក្នុងក្របខ័ណ្ឌសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប-ប៉ោយប៉ែត ។

ឆ្លៀតឱកាសនោះលោក ទូ ហ្វី បានប្ដេជ្ញាចិត្តថា ក្រុមហ៊ុននឹងជម្រុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឲ្យបានលឿនដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកជួយធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការរីករាយជាមួយវត្តមានរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជាដែលមានរយៈពេល ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកកសាងហេដ្ឋារចនា សម្ព័ន្ធបានយ៉ាងច្រើន ជាពិសេសថ្មីៗនេះបានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ ។

សម្ដេចតេជោបានលើកទឹកចិត្តឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម