សម្តេចតេជោ ហ៊ុន សែន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:54 នាទី ល្ងាច

ដោយ តារារិទ្ធ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។ ជាមួយនេះសម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីអេមីរ៉ាតអារ៉ាប់រួម មានការ ពិចារណាលើការវិនិយោគលើវិស័យកសិកម្ម មានវិស័យស្រូវអង្ករ ស្វាយចន្ទី និង ដំឡូង ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសបានអនុញ្ញាតឲ្យលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យបន្ទាប់ពីជំនួបនោះថាលោក Thani bin Ahmed Al Zeyoudi បានសំដែងការរីករាយជាមួយ នឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ដែលកិច្ចព្រមព្រៀងនេះនឹងនាំសេដ្ឋកិច្ចនិងប្រជាជននៃប្រទេសទាំងពីរកាន់តែជិត គ្នាថែមទៀតហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើសក្តានុពលដែលកំពុងមាន ។

ជាការឆ្លើយតបសម្ដេចតេជោបានសម្តែងសេចក្តីរីករាយចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមហើយបានមានប្រសាសន៍ ថាកិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។ ដោយឡែកសម្ដេចតេជោបានលើកទឹកចិត្តឱ្យមានការពិចារណាលើការវិនិយោគលើវិស័យកសិកម្ម ទីមួយ.វិស័យគេស្រូវអង្ករដែលកម្ពុជាមានស្រូវនៅសល់ប្រមាណ ៦ លានតោនដែលអាចនាំចេញ ក្នុងន័យនេះសម្ដេចបានស្នើឲ្យ អេមីរ៉ាត អារ៉ាប់រួម មានការពិចារណាវិនិយោគ បង្កើតម៉ាស៊ីនកិនស្រូវ ឃ្លាំង និង បណ្ដាញសម្រាប់ទិញស្រូវកែច្នៃជាអង្ករបម្រើឲ្យការនាំចេញ ។ ទីពី.ស្វាយចន្ទីដែលកម្ពុជាមានស្វាយចន្ទីជាង ១ លានតោន ហើយស្វាយចន្ទីនេះ មិនទាន់មានការកែច្នៃសម្រាប់បម្រើឲ្យការនាំចេញនៅឡើយទេ ដូច្នេះសម្ដេចស្នើឲ្យមានការពិចារណាជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីបម្រើការនាំចេញទៅកាន់  អេមីរ៉ាត អារ៉ាប់រួម ផងនិងបំរើឲ្យការនាំចេញទៅប្រទេសជ្សេងផង ។ សម្ដេចតេជោក៏បានស្នើសុំឲ្យមានការពិចារណាផងដែរធ្វើការវិនិយោគនៅលើដំឡូងមីដែលកម្ពុជាមាន ច្រើនសម្រាប់ធ្វើការកែច្នៃនិងសម្រាប់នាំចេញ ។ សម្ដេចក៏បានស្នើឲ្យភាគី អេមីរ៉ាត អារ៉ាប់រួម  ជំរុញឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីជាការលើកទឹកចិត្តដល់ អ្នកវិនិយោគនិងជំរុញឲ្យមានការហោះហើរត្រង់ពីអេមីរ៉ាតអារ៉ាប់រួមមកកម្ពុជាផង។

បន្ទាប់ពីជំនួបនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួម  ។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះគឺជាប្រទេសទី៣ហើយក្រោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិននិងជាមួយកូរ៉េខាងត្បូងដែលបានចូលជាធរមានរួចហើយ។ ប្រសិនបើកិច្ចចរចាជាមួយអេមីរ៉ាតអារ៉ាប់រួមទទួលបានជោគជ័យទៀតនោះមានន័យថាកម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣ ហើយគិតមកទល់នឹងពេលនេះ ដូច្នេះគ្រប់ទំនិញរបស់កម្ពុជានឹងអាចនាំចេញទៅបណ្ដាប្រទេសទាំងនោះ ដោយគ្មានរបាំងពន្ធឡើយ ហើយទំនិញនៃបណ្ដាប្រទេសទាំងនេះនាំចូលមកកម្ពុជាក៏គ្មានបង់ពន្ធដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម