សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ហ៊ុនម៉ាណែត មានសមត្ថភាពជាបេក្ខជននាយករដ្ឋមន្ត្រី បើទោះបីមិនមែនជាកូន របស់ហ៊ុន សែន ក៏ដោយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:53 នាទី ល្ងាច

ដោយ ពស់ព្រលិត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ បានលើកឡើងថា បើទោះបី ហ៊ុន ម៉ាណែត មិនមែនកូនរបស់ ហ៊ុន សែន ក៏ ហ៊ុន ម៉ាណែតមានសមត្ថភាពអាចជាបេក្ខជននាយករដ្ឋមន្ត្រីបានដែរ ព្រោះ ហ៊ុន ម៉ាណែត មានលក្ខណៈគ្រប់គ្រាន់សម្រាប់ជាបេក្ខជននាយករដ្ឋមន្ត្រី ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «លក្ខខណ្ឌដើម្បីធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាបាន ដំបូងបំផុតគឺគណបក្សរបស់ខ្លួនត្រូវជ្រើសរើសបេក្ខជន ។ គណបក្សប្រជាជនមានមនុស្សច្រើនណាស់ដែលអាចធ្វើជានាយករដ្ឋមន្ត្រីបាន បញ្ហាវានៅត្រង់ថា ហ៊ុន ម៉ាណែត ជាកូនរបស់ ហ៊ុន សែន តែប៉ុណ្ណឹងទេ ក៏ប៉ុន្តែបើទោះបីវាមិនមែនជាកូន ក៏យើងនៅតែរើសវាដែរ វាគ្រប់លក្ខណសម្បត្តិ អញ្ចឹងគណបក្សបានសម្រេច ២ឆ្នាំរួចមកហើយទៅលើបេក្ខភាពរូបនេះ ព្រោះ​បើក​គណបក្សមិនគាំទ្រ អ្នកឯងមិនអាចក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីទេ»។

សម្តេចតេជោបន្តទៀតថា «ទី២. ម៉ាណែត ត្រូវតែជាប់ឆ្នោតជាតំណាងរាស្ត្រ ឥឡូវជាបេក្ខជនឈរឈ្មោះនៅមណ្ឌលភ្នំពេញ ការបោះឆ្នោតសមាមាត្រ វាមិនលំបាកទេសម្រាប់ការជាប់ឆ្នោតនៅលេខរៀងទី១នោះ ។បន្ទាប់ទៅត្រូវទទួលបានការតែងតាំងពីព្រះមហាក្សត្រឱ្យធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែប៉ុណ្ណឹងមិនគ្រប់គ្រាន់ ដើម្បីឲ្យក្លាយជានាយករដ្ឋមន្ត្រីផ្លូវការបាន ត្រូវរៀបចំគណៈរដ្ឋមន្ត្រីមួយទៅសុំការទុកចិត្តពីរដ្ឋសភា សភាអនុម័តទទួលយកជាផ្លូវការនូវខណៈរដ្ឋមន្ត្រីទាំងមូល រួចហើយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលទាំងមូល រួចហើយស្បថចូលកាន់តំណែង» ។

សម្តេចតេជោបញ្ជាក់ថា «នេះក្នុងករណីដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើរឿងនេះមិនអាចកើតឡើងក្រោយការបោះឆ្នោតនេះទេ  ហ៊ុន ម៉ាណែត ត្រូវបន្តធ្វើជាអ្នកតំណាងរាស្ត្រ ព្រោះបើមិនមែនជាអ្នកតំណាងរាស្ត្រមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានទេ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មិនមែនតំណាងរាស្ត្រក៏អាចធ្វើបានដែរ ប៉ុន្តែតំណែងនាយករដ្ឋមន្ត្រីត្រូវតែជាអ្នកតំណាងរាស្ត្រ ។ អញ្ចឹងនៅពេលណាមួយ គណៈរដ្ឋមន្ត្រីត្រូវបានរំលាយតាមរយៈការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីចាស់ អញ្ចឹងនាយករដ្ឋមន្ត្រីចាស់ត្រូវតែទទួលខុសត្រូវក្នុងការធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានបង្កើតឡើង ។ អញ្ចឹងពេលហ្នឹងប្រធានគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ស្នើសុំព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រីថ្មី ។ នាយករដ្ឋមន្ត្រីថ្មីនោះរៀបចំផ្គូផ្គងសមាជិករាជរដ្ឋាភិបាលរួចហើយ យកទៅសុំការទុកចិត្តពីរដ្ឋសភា សភាអនុម័តហើយគឺព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីចាស់ចាស់ត្រូវរំសាយ» ។

សម្តេចបន្តថា រឿងវាតែប៉ុណ្ណឹងឯង ចាំបាច់និយាយថា រឿងគុណសម្បត្តិស្អី អាអ្នកវាចង់មកធ្វើនាយករដ្ឋមន្ត្រីវាមានគុណសម្បត្តិស្អីវា ក្រៅពីបំផ្លាញជាតិ!

សម្តេចបានសួរបញ្រ្ចាស់ទៅវិញថា «តើអាអ្នកប៉ុនប៉ងមកធ្វើនាយករដ្ឋមន្ត្រីនេះ មានអាមួយណា ពួកឯងហ្នឹងដែលមានគុណសម្បត្តិមកធ្វើនាយករដ្ឋមន្ត្រីនៅស្រុកខ្មែរ! អញ្ចឹងពួកឯងកុំព្រហើនចាំមើលអញធ្វើឱ្យហ្អែងមើលនាយករដ្ឋមន្ត្រីបន្ទាប់ពី ហ៊ុន សែន ទៅគឺកូនហ៊ុន សែន ហើយកូនវាមិនដែលក្បត់នឹងឪរបស់វាទេ ។ នេះនិយាយតាមមួយបែបអញ្ចឹងទៅ ហើយម្យ៉ាងទៀតបើទោះបីមិនមែនជាកូនរបស់ ហ៊ុន សែន ក៏នៅតែជ្រើសរើសមនុស្សក្នុងគណបក្សប្រជាជនមិនមែនពួកឯងទេ ។ ពួកហ្អែងគ្មានភ័ព្វសំណាងធ្វើនាយករដ្ឋមន្ត្រីទេ អ្វីមួយដែលជាការកត់សម្គាល់ធំគឺពួកអស់លោកឯងគ្មានយុវជនបន្តវេនដូចគណបក្សប្រជាជនទេ ។ គណបក្សប្រជាជនមានយុវជនរាប់សិបនាក់ដែលអាចមានលទ្ធភាពធ្វើជានាយករដ្ឋមន្ត្រីបាន ។ ផ្ដាំទៅពួកអស់លោកឯង ហើយបើនិយាយពីតួអង្គសំខាន់ៗ ពួកឯងគ្មានអ្នកដែលមានសមត្ថភាពសម្រាប់ធ្វើជានាយករដ្ឋមន្ត្រីទេ ។ អាខ្លះវាមិនទាំងចេះខ្មែរផង ហើយជនជាតិបរទេសទៀតដែលរដ្ឋធម្មនុញ្ញហាមឃាត់មិនឱ្យធ្វើនាយករដ្ឋមន្ត្រី» ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកម្មករ-កម្មការិនីទាំងអស់ថា ទោះបីពូមិនធ្វើនាយករដ្ឋមន្ត្រីបន្តទៀត ក៏ពូនៅតែជាអ្នកគ្រប់គ្រងគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ក្នុងន័យដែលពូមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត គឺមានមនុស្សច្រើនណាស់ដែលអាចធ្វើជានាយករដ្ឋមន្ត្រីបាន ប៉ុន្តែត្រូវបានអនុម័តដោយគណបក្ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរោងចក្រ ឡឺក្រោន ស៊ូ អ៊ិន ដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម