ប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ អញ្ជើញទស្សនកិច្ចជាផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែមិថុនា ឆ្នាំ2023 ម៉ោង 5:51 នាទី ល្ងាច

ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម កិត្តិនីតិ កោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ខាំផាន់ ផុមម៉ះថាត់ (KHAMPHANH PHOMMATHATH) ប្រធាននៃអាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (SIA ទ្បាវ) បានដឹកនាំសមាជិកគណៈប្រតិភូចំនួន ៦រូប មានតួនាទីជាអនុប្រធាន អគ្គនាយក អគ្គនាយករង លេខាធិការ និងមន្ត្រី មកបំពេញទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាចាប់ពីថ្ងៃទី២០-២៣ ខែមិថុនា ឆ្នាំ​២០២៣។  ដំណើរទស្សនកិច្ចផ្លូវការនេះមានគោលបំណងសំខាន់ចំនួន ២ គឺ៖

១.    កិច្ចពិភាក្សាការងារទ្វេភាគីដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីចូលរួមចំណែក លើកកម្ពស់កិច្ចសហការទ្វេភាគីនិងបង្កើនការអនុវត្តការងារប្រឆាំងអំពើ​ពុក​រលួយរបស់ភាគីនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាព។

២. ​ចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) វាងភាគីទាំង២ សម្រាប់៥ឆ្នាំបន្តទៀត (២០២៣-២០២៨) ក្នុងគោល​បំណងលើកស្ទួយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរវាងស្ថាប័នទាំងពីរ និងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ លើមូលដ្ឋាន នៃសមភាពការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

អ.ប.ព. កម្ពុជា និង SIA ឡាវ បានចុះហត្ថលេខាលើ MoU ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងឆ្នាំ ២០១៣ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ហើយឆ្នាំ ២០២៣ នេះ ជាលើកទី៣ ដែល SIA ឡាវ បានបំពេញទស្សន​កិច្ចផ្លូវការមកកាន់ អ.ប.ព.កម្ពុជា (លើកទី១ នៅឆ្នាំ២០១៤, លើកទី២ នៅឆ្នាំ ២០១៨) ។ ជាមួយគ្នានេះ អ.ប.ព. កម្ពុជា ក៏បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ SIA ទ្បាវកាលពីឆ្នាំ ២០១៦ ផងដែរ ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូទ្បាវនឹងស្វែងយល់ពីការងារសំខាន់ៗរបស់ អ.ប.ព. មានដូចជា ការងារស៊ើបអង្កេត ការអប់រំបង្ការទប់ស្កាត់ ការងារថវិការបស់ អ.ប.ព. និងទស្សនាមូលដ្ឋានវប្បធម៌ (ព្រះបរមរាជវាំង សារមន្ទីរជាតិ) មូលដ្ឋានសេដ្ឋកិច្ច (ខេត្តព្រះសីហនុ កំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុ សារមន្ទីរព្រះស្រីឦសានវរ្ម័ន និងអាកាស​យាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

បន្ទាប់មក គណៈប្រតិភូនឹងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ) និងជា​អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុក​រលួយ​ផងដែរ ។

សូមបញ្ជាក់ថា SIA ឡាវ បានចូលរួមជាភាគីសង្កេតការណ៍នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាគីអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ (SEA-PAC) ចាប់តាំងពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៧ និងបានចូលជាសមាជិក SEA-PAC (បច្ចុប្បន្ននេះហៅថា អង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC)) នៅថ្ងៃទី៤-៦ ខែវិច្ឆិកា​​ ឆ្នាំ២០១០ ដែល អ.ប.ព. កម្ពុជាធ្វើជាម្ចាស់ផ្ទះ (លើកទី១) នៃកិច្ចប្រជុំថ្នាក់ដឹកនាំ SEA-PAC លើកទី៦ នៅខេត្តសៀមរាប ហើយនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅទីនេះ អ.ប.ព. កម្ពុជាក៏បានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនរបស់អាស៊ាន-ផេក (ASEAN-PAC) ជាលើកទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ បន្ទាប់ពីភាគី​ប្រ៊ុយណេ ហើយនៅចុងឆ្នាំ២០២៣ នេះ SIA ទ្បាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនរបស់អាស៊ាន-ផេក បន្ទាប់ពី អ.ប.ព. កម្ពុជា ។

ASEAN-PAC ក៏ជាអង្គភាពភ្ជាប់ខ្លួនជាមួយអាស៊ាន ដែលបច្ចុប្បន្នមានភាគីជាសមាជិកចំនួន១០ ប្រទេសមកពីស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសអាស៊ានទាំង ១០ ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេស ទីម័រ ទ្បេស្ត បានទទួលឋានៈប្រទេសសង្កេតការណ៍អាស៊ាន ហើយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេស ទីម័រ ទ្បេស្ត នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំ និងកម្មវិធី បណ្តុះបណ្តាលសមត្ថភាពរបស់អាស៊ាន-ផេក ក្នុងឋានៈជាភាគីសង្កេតការណ៍ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម