កុំស្អប់«នយោបាយ»!

នយោបាយថ្ងៃសុក្រ ទី23 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:04 នាទី ល្ងាច

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា​Politikos ហើយវាទាក់ទងទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល ឬក្នុងកិច្ចការរដ្ឋជាដើម រួមបញ្ជូល​ទាំងសកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ ប៉ុន្ដែវាក៏ជួយសម្រាប់ការអភិវឌ្ឍទីជនបទ ជាពិសេសខាងផ្នែករួបរួមគ្នាជាក្រុម ជាបណ្ឌិតសភា និង សាសនា នៅក្នុងសង្គម។ នយោបាយដែលទំនើប គឺសំដៅនិយាយអំពីប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងរវាងមនុស្ស និងនយោបាយ។ នេះជាប្រសាសន៍បកស្រាយរបស់លោកបណ្ឌិត ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកយកពាក្យ «នយោបាយ»។

ប្រវត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីដើមកំណើត និងការអភិវឌ្ឍសេដ្ឋកិច្ច និងការស្ថាបនារបស់រដ្ឋា​ភិ​បាល។ ជាទូទៅ ផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលតែងតែមិនពេញចិត្តចំពោះរឿងនយោបាយ វាកើតមាននៅលើជុំវិញពិភពលោកទាំងមូល ជាពិសេសគឺនៅបណ្តាប្រទេសក្រីក្រ ដែលប្រជាពលរដ្ឋមិនសូវមានចំណេះដឹង ហើយនិងប្រទេសដែលទើបងើបចេញពីភ្លើងសង្រ្គាម ជាដើម។ ពួកគេបានចាត់ទុកការងារនយោបាយ ថាជាការបោកប្រាស់ ការងារខ្មៅកខ្វក់ និងកាចសាហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ភូតកុហក ជាដើម ។

ពាក្យថា នយោបាយ គឺជា «ការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ» មិនមែនជាការបោកប្រាស ខ្មៅកខ្វក់ ឬស្មោក​គ្រោកនោះទេ ពាក្យនេះបានលេចឮឡើងតាំងពីសម័យយូរលង់ណាស់មកហើយនៅលើសកលលោកនេះ មិនមែនទើប តែឮនៅក្នុងពេលបច្ចុប្បន្ននោះទេ។

សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឱ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬមិនពេញចិត្តចំពោះពាក្យនយោបាយ ថាជាពាក្យមិនល្អ ហើយថែមទាំងយល់ថា នយោបាយគឺជាការងារមួយមិនស្មោះត្រង់ មិនគួរសេពគប់ ។

មានពេលខ្លះប្រជាពលរដ្ឋ ឱ្យតែឮគេនិយាយរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ថ្ងៃអ៊ីចឹង។ ផ្នត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា មិនឱ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀន គិតតែពីរៀនទៅ បើធ្វើស្រែឱ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ កុំទៅខ្វល់រឿងនយោបាយ ធ្វើម៉េចឱ្យតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក... ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ កុំទៅចំណាយពេលឥតប្រយោជន៍ រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ ព្រោះរឿងស្រុកទេសរឿងជាតិ មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ ទាំងនេះសុទ្ធតែជា​ផ្នត់​គំនិតបែបចាស់គំរឹល ។

តាមពិត នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ ប៉ុន្តែនយោបាយជាការងារសម្រាប់បុគ្គលមានចិត្តសប្បុរស មានបេះដូងស្មោះត្រង់បរិសុទ្ធ មានទស្សនវិស័យ ចក្ខុវិស័យ ហើយធ្វើការងារដើម្បីជួយសង្គ្រោះមនុស្ស និងសង្គមជាតិឲ្យរីកចម្រើន ។ លើសពីនេះ នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឱ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលជួយមនុស្សរស់នៅនៅក្នុងសង្គមបាន។ បើយើងពិចារណានិងឈ្វេងយល់តាមដានយូរទៅចំពោះរឿងនយោបាយឱ្យបានច្បាស់នោះ យើងនឹងយល់ថា មិនមែននយោបាយជារឿងខ្មៅកខ្វក់ទេ តែអ្នកនយោបាយមួយចំនួនឯណោះទេ ដែលធ្វើឱ្យនយោបាយក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ អាត្មានិយម អាងអីទៅ​ក្រៅប្រទេស យកនយោបាយជាមុខរបររកស៊ី មកចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។

ដូច្នេះនយោបាយមិនមានកំហុសទេ! នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿងចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតខ្មៅទៅវិញទេ ដែលជាអ្នកមានកំហុស ។

ពេលនេះ ជាងពេលណាៗទាំងអស់ ដែលនយោបាយត្រូវបានពលរដ្ឋឱ្យតម្លៃ គឺនៅពេលដែលពលរដ្ឋយល់ដឹងនូវវប្បធម៌នយោបាយ វិទ្យាសាស្ត្រសង្គមកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មានឱ្យបានទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណាបានចំពោះអ្នកនយោបាយដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍នៃនយោបាយសម្រាប់ជាតិ និងបានដឹងច្បាស់ថា ការចូលរួមតាមដានសកម្មភាពនយោបាយ គឺជាកិច្ចការងារមួយចាំបាច់ធំបំផុត និងជាកាតព្វកិច្ចមួយខានមិនបានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ក្រៅពីនេះទៀត ការចូលរួមនយោបាយសំខាន់ណាស់ ចូលរួមដោយមានការយល់ដឹង មានសីលធម៌ គុណធម៌ និងគុណភាព របស់អ្នកចូលរួម ហើយកាលណាពលរដ្ឋមានការយល់ដឹងខ្ពស់នោះ ធ្វើឱ្យអ្នកនយោបាយបោកប្រាស់ មិនអាចមកក្បែរខ្លួនបាន ពិសេស ការខិតចូលមកជិតនូវការបោះឆ្នោតសកលនៅកម្ពុជា ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ថាតើនយោបាយរបស់គណបក្សណាល្អ ដែលមានគោលយោបាយយុទ្ធសាស្ត្រច្បាស់លាស់ កសាង​ប្រទេសឲ្យរីកចម្រើនពីបាតដៃ ទទេ ពីសង្គ្រាម ពីសេដ្ឋកិច្ចសូន្យ ហើយតើមេដឹកនាំ​ណាដែលរួមរស់ ស៊ូនៅកម្សត់​កម្រជាមួយប្រជាជន នោះគឺស្ថិតលើសន្លឹកឆ្នោតមួយសន្លឹកដ៏មាន​តម្លៃរបស់​ពុកម៉ែ បងប្អូន នោះហើយ ។ ការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការនយោបាយសំខាន់ណាស់ក្នុងការជ្រើសរើសអ្នកនយោបាយដែលមានទេពកោសល្យខ្ពស់ក្នុងការងារនយោបាយ និងជាអ្នកនយោបាយស្មោះត្រង់ មានបេះដូងបរិសុទ្ធ ហើយនិងជាមនុស្សពោរពេញទៅដោយទស្សនវិស័យ ចក្ខុវិស័យ គិតគូរពីវាសនាប្រទេសជាតិជាធំ ៕

សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម