លោក សូ ណារ៉ូ ​«បេះដូងប្រែពណ៌» ខុសពីមេឃកំពុងភ្លៀងផ្គរ!

នយោបាយថ្ងៃសុក្រ ទី23 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:33 នាទី ល្ងាច

អត្ថបទលោក សូរ្យរិទ្ធ ៖

១១ ឆ្នាំ ហាក់ដូចជាយូរ ប៉ុន្តែក៏ហាក់ដូចជាឆាប់ផងដែរ សម្រាប់លោក សូ ណារ៉ូ ដែលជាអ្នកមានវោហារខាងនយោបាយ ដែលបានទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារ ហើយបានមាតុភូមិនិវត្តន៍កម្ពុជាជាមួយក្រុមគ្រួសារ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ។

ពេលបានចាកចេញពីប្រទេសកម្ពុជា (មិនចាំឆ្នាំ) បុរសដែលជាបណ្ឌិតខាងវិទ្យាសាស្ត្រនយោបាយ សូ ណារ៉ូ អាយុ ៥៩ ឆ្នាំ បានវាយប្រហារផ្នែកវោហាស័ព្ទឥតសំចៃមាត់ ចេញជាឃ្លីបវីដេអូបន្តភាគនៅលើបណ្តាញសង្គម មកលើឥស្សរជនរដ្ឋាភិបាល និងគណបក្សប្រជាជន ។ តែក្រោយមក លោក សូ ណារ៉ូ បានហែកវាំងនន​ដ៏ខ្មៅគគ្រិច ទៅលើអសមត្ថភាពនៃការដើរធ្វើនយោបាយទទួលបរាជ័យរហូតរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ។

ប៉ុន្តែ«ក្រោយផ្គររន្ទះភ្លៀង មេឃស្រឡះ» មេឃស្រឡះដោយសារការសណ្តោសប្រណីលើកលែងទោស និងនយោបាយបង្រួបបង្រួមខ្មែរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា មិនថាតែលោក សូ ណារ៉ូ ម្នាក់ទេ គឺកម្មជនទាំងអម្បាលមាណ​ដែលដឹងកំហុស និងសុំចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា  វៀរលែងតែ​បុគ្គលម្នាក់ប៉ុណ្ណោះដែល​ជាជនក្បត់ ៣ ជំនាន់ គឺសម្តេចលើកលែងទោសជានិច្ច ហើយថែមទាំងផ្តល់ឋានៈតួនាទីទ្រើសៗក្នុងជួររាជរដ្ឋាភិបាលផងដែរ ដូចជាលោក សូ ណារ៉ូ ទទួលឋានៈមិនតូចទេ គឺជា«រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ។ តាមតួលេខឆ្នាំ ២០១៨ អ្នកទទួលឋានៈជា «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» មានទាំងអស់ ១៩ រូប បើបូកទាំងលោក សូ ណារ៉ូ មួយរូបទៀត មានចំនួន ២០ រូបគត់ នេះបើតាមសារព័ត៌មានចុះផ្សាយកាលពីឆ្នាំ ២០១៨ ។

រាល់រូបថត​ដែលលោក​ផុសលើបណ្តាញសង្គមហ្វេសប៊ុក សុទ្ធសឹងមានទឹកមុខញញឹម សប្បាយក្នុងហប្ញទ័យ ដោយសារ​«បេះដូងប្រែពណ៌» ខុសពីមេឃកំពុងភ្លៀងផ្គរ ។

អ្នកដែលស្គាល់លោក សូ ណារ៉ូ បើយកមកផ្ទឹមកាលពី ១១ ឆ្នាំមុន ហាក់មិនសូវប្លែកប៉ុន្មានទេ ចាស់ក៏មិនសូវ​ចាស់ សក់ក៏មិនសូវស្កូវ ហើយពេលហៀបចេញដំណើរមកកម្ពុជា លោកបានវាចារនៅលើហ្វេសប៊ុកថា «ខ្ញុំព្រះករុណាខ្ញុំបាទ ជិតបានវិលត្រឡប់ទៅមាតុភូមិកំណើតជាទីនឹករលឹក និងបានទៅសែនចេតីយ៍ប៉ាម៉ាក់វិញហើយ» និងបានជួបមេដឹកកំពូល ដែលលោកធ្លាប់ធ្វើការជាមួយមុនៗ ហើយលោកក៏បានថ្លែងអំណរគុណនូវព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានរបស់សម្តេចទាំងទ្វេ ដែលបានបានបើកទំព័រថ្មីនៃជីវិតរបស់គាត់ ហើយចុងក្រោយលោកបានពោលពាក្យ «អរគុណសន្តិភាព» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម