អត្ថបទ សូរ្យសែង៖
ដោយមើលឃើញថា បញ្ហាសុខភាពភ្នែក គឺជារឿងសំខាន់ និងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទើបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទទួលគោក ដែលមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាប្រធាន បានសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែក ក្នុងខណ្ឌទួលគោក ដែលមាន ១០ សង្កាត់រៀបចំឡើងជាបន្តបន្ទាប់ ហើយថ្ងៃនេះ (២៥ មិថុនា) ជាថ្ងៃបង្គ្រប់ ៤ សង្កាត់ទៀត គឺសង្កាត់ទឹកល្អក់១ ទឹកល្អក់២ បឹងកក់១ និងសង្កាត់បឹងកក២ ក្នុងខណ្ឌទួលគោក ដែលមានពលរដ្ឋ ៤.០០០ នាក់មកពិនិត្យជំងឺភ្នែក ។
ក្រុមគ្រូពេទ្យចំនួន ៤០ រូប បានស្ម័គ្រចិត្ត លះបង់ពេលវេលា មកព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ រួមទាំងមានចែកជូនថ្នាក់បន្តក់ភ្នែក វ៉ែនតាតាមវេជ្ជបញ្ជា ពិសេសមានចាក់វ៉ាសាក់សាំងការពារ កូវីដ-១៩ ជូនទៀតផង ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាភ្នែកជាបញ្ហាសំខាន់មែនទែន ដែលត្រូវយកចិត្តទុកដាក់ ហើយមិនត្រឹមពិនិត្យនៅទីនេះទេ នៅពេលពិនិត្យឃើញមានបញ្ហា ក្រុមការងារនឹងបន្តបញ្ជូនដល់មន្ទីរពេទ្យ រហូតដល់ព្យាបាលវះកាត់ ។ ឯកឧត្តមថា ភ្នែកខ្លះបើទុកយូរ វានឹងហួសពេល មានភ្នែកខ្លះវាមិនធ្វើទុក្ខអីទាំងអស់ ដល់ពេលមួយមើលមិនឃើញតែម្តង ដូច្នេះ ថ្ងៃនេះប្រជាពលរដ្ឋមានសំណាស់ណាស់ ដែលបានឯកឧត្តមវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យខ្មែរ សូវៀត បានដឹកនាំវេជ្ជបណ្ឌិតចំណានៗ ៤០ រូប ជាមួយនឹងឧបករណ៍ទំនើប មកពិនិត្យ និង ព្យាបាលថ្ងៃនេះ ។
នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការលំបាក កាត់បន្ថយការចំណាយថវិកា និងពេលវេលា ដើម្បីសុខភាពរបស់ពលរដ្ឋ ។ ឯកឧត្តមអរគុណសម្តេចតេជោ «គុណធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច» ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានលើកឡើងថា យើងនឹងមានមន្ទីរពេទ្យថ្មីដ៏ធំជាងគេនៅអាស៊ី មានគ្រែ ១០.០០០ សម្រាប់ ២០-៣០ ឆ្នាំទៀត សម្រាប់ទប់ទល់នឹងជំងឺអ្វីដែលមានថ្មី ដែលនេះជាចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានការគិតគូរខ្ពស់ណាស់ដើម្បីប្រជាជនខ្មែរ តកូនតចៅ ។
ចុងបញ្ចប់ ឯកឧត្តម បានលើកយកពាក្យថា ស្រឡាញ់អ្នកណា គឺ«ស្រឡាញ់ស្មើកែវភ្នែក» គឺសំដៅកែវភ្នែកដែលសំខាន់សម្រាប់មនុស្សមើល ឲ្យនៅមើលឃើញការអភិវឌ្ឍន៍បន្តទៀតរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះបញ្ហាភ្នែករបស់ពលរដ្ឋ ត្រូវតែសង្វាតយកចិត្តទុកដាក់ កុំទុកឲ្យវាកាន់តែធ្ងន់រហូតមើលមិនជា តែពេលនេះ បានគ្រូពេទ្យចុះមកពិនិត្យពិតជាសំណាង បើព្យាបាលមិនជាទាំងស្រុង ក៏បានធូរស្រាលដែរ ៕