នាយករដ្ឋមន្ត្រី ផ្កាយមាស៥ បញ្ជាឲ្យមេទ័ពខ្មែរប្រើកាំភ្លើងយន្តគ្រប់ប្រភេទបាញ់ទម្លាក់ដ្រូន! អំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភេ ព្រោះសង្គ្រាមមិនផ្ទុះនោះទេ!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:47 នាទី ព្រឹក

នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានចេញបញ្ជាជាថ្មីទៀត ឱ្យបំពាក់បន្ថែមកាំភ្លើងយន្តគ្រប់ប្រភេទបាញ់ទម្លាក់ដ្រូន (យន្តហោះគ្មានមនុស្​សបើក)ដែលហោះចូលមកទឹកដីកម្ពុជា ។ ការចេញបញ្ជាជាថ្មីបន្ទាប់ពីកាលពីល្ងាចម្សិលមិញសម្តេចបាន ចេញបញ្ជាឲ្យចល័តកងទ័ពទៅកាន់ខេត្តភូមិភាគឥសាន្តដើម្បីអន្តរាគមន៍រុករក និង បាញ់កម្ទេចដ្រូនរបស់បញ្ចាមិត្តដែលបានហោះចូលក្នុងបូរណភាពទឹកដីកម្ពុជានៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារសម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាជាថ្មីនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យប់មិញនេះមក ៥គ្រឿងទៀត អស់លោកសូម្បីតែអាវុធផ្ទុះមួយគ្រាប់ក៏អត់ដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយអស់លោកត្រូវយក CKC បាញ់… កាំភ្លើងទៅណាអស់ទៅអាធំ ឥឡូវឡើងទៅហើយកាំជ្រួចសម្រាប់បាញ់យន្តហោះ ។ ចាប់ពីពេលនេះទៅត ទៅបើលោកឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់អត់មានធ្វើស្លូតៗទេ»។

សម្តេចតេជោបន្តថា៖ ដោយសារតែការអត់បាញ់ហ្នឹងហើយ បានជាវាចេះតែព្រហើនចូល អញ្ចឹងលោកឯងដាក់សំណាញ់មេឃបាញ់ពីក្រោមចំណាយ ១លាន២លានគ្រាប់ចោល គង់តែត្រូវ លេងឱ្យក្រាស់បន្តិចបញ្ជូនឡើងទៅ DCA យើងក៏មានច្រើន ១២.៧ ក៏មានច្រើន អា ១៤យើងក៏មានច្រើន។

 សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្រទេសណាក៏ដោយ ដែលឱ្យដ្រូនបើកមកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា បើយើងស៊ើបអង្កេតបានយើងនឹងប្តឹងទៅអង្គការសហប្រជាជាតិ ហើយសូមបញ្ជាក់ថា អង្គភាពណាបាញ់ធ្លាក់ដ្រូនមួយគ្រឿង សម្តេចជូន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីសម្តេចចង់ដឹងថាអាដ្រូនហ្នឹងវាចេញពីណា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសនានាពិនិត្យមើលលើដ្រូនដែលបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ។ សម្តេចជឿជាក់ថា ដ្រូនដែលហោះចូលបំពានដែនអធិបតេយ្យភាពកម្ពុជានេះ មិនមែនជារបស់វៀតណាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រទេសនានាផងដែរថា៖«ខ្ញុំសូមអំពាវនាវដល់ប្រទេសនានាពិនិត្យមើល នេះជាការបំពានទាំងស្រុងលើឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។ យើងសួរទៅវៀតណាម វៀតណាមអត់ទាំងដឹងផង ហើយវៀតណាមគាត់មានផលប្រយោជន៍អីនឹងការបង្ហោះដ្រូនមកដោយមិនជូនដំណឹងឱ្យកម្ពុជា ហើយត្រូវចូលមកកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាពដើម្បីរុករកជួយពួកគាត់ ហើយបើគាត់ហោះហោះតែក្នុងដីគាត់ទៅ ប៉ុន្តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ»។

នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភេព្រោះសង្គ្រាមមិនផ្ទុះនោះទេ ។ សម្តេចជឿថា ខ្មាំងបាក់ទ័ពដែលរត់ពីវៀតណាមចូលក្នុងដីកម្ពុជា ហើយពួកនេះមានទំនាក់ទំនងជាមួយពួកបាក់ទ័ពហ្នឹងឯង ។ សម្តេចបានធ្វើការសន្និដ្ឋានថា ពួកក្រុមភេរវកម្មនេះគឺជាពួកជនជាតិភាគតិចយួន «ដឺហ្គា» ដែលមេដឹកនាំជនជាតិភាគតិចនេះឈ្មោះ កុក ស ធ្លាប់ចុះហត្ថលេខាជាមួយជនក្បត់ជាតិ៣ជំនាន់(សម រង្សី) នាពេលកន្លងទៅ។ សម្តេចបន្តថា យន្តហោះដ្រូននេះអាចហោះចេញពីប្រទេសមួយ ដែលសម្តេចមិនបញ្ចេញឈ្មោះនោះឡើយ ហើយក៏អាចហោះចេញពីនាវាមកកាន់ព្រំដែនកម្ពុជា ។

គួរបញ្ជាក់ជូនថា៖ កម្លាំងយោធាព្រំដែនរបស់កម្ពុជាក្នុងខេត្តមណ្ឌលគិរីបានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៧.៥០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានដ្រូនប្រមាណចំនួន ៧គ្រឿងបានហោះលើដីកម្ពុជា ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជានិងវៀតណាម។ ដ្រូនប្រភេទនេះបានហោះរំលោភបំពានចូលទឹកដីកម្ពុជា ប្រមាណមួយសប្តាហ៍មកហើយដែលកម្ពុជាសង្ស័យថាជារបស់ក្រុមភេរវកម្មដែលបោះបោរនៅប្រទេសវៀតណាម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម