គ.ជ.ប. អំពាវនាវគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត

នយោបាយថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

នៅថ្ងៃទី ៧ កក្កដានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវមួយចុះហត្ថលេខាងដោយ លោក ប្រាជ្ញ ចន្ទ  ប្រធាន គ.ជ.ប. ជូនចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត ។

ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។

ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប. បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និង អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថ្ងៃឈប់សម្រាក ៣ ថ្ងៃសម្រាប់អ្នកទៅបោះឆ្នោតនៅតាមបណ្តាខេត្ត​ផ្សេងៗ គឺថ្ងៃទី ២២ ដល់ ២៤ ខែក្កដា ឆ្នាំ ២០២៣ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម