ច្បាស់ការណ៍ហើយ សម្តេចតេជោប្រកាស ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលអាណត្តិថ្មី

នយោបាយថ្ងៃពុធ ទី26 ខែកក្កដា ឆ្នាំ2023 ម៉ោង 5:58 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅរសៀលម៉ោង ១៤.០០ ថ្ងៃនេះ (២៦ កក្កដា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារពិសេសតាមទូរទស្សន៍ស្តីពីដំណើរការរៀបចំគណៈរដ្ឋមន្រ្តីនៅអាណត្តិថ្មី ។

សារសម្តេចតេជោថ្លែងថា «សម្តេចមិនទទួលតំណែងជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីតទៅទៀតទេ ដោយប្រគល់តំណែងនេះទៅឲ្យនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងនៅថ្ងៃទី ២២ សីហា ខាងមុខនេះ ។ សារសម្តេចតេជោបន្តថា ការប្រគល់តំណែងដល់ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើងស្របច្បាប់ ព្រោះគាត់ជាសមាជិកសភា ។ ប៉ុន្តែសម្តេចនៅជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជាដដែល ហើយព្រះមហាក្សត្រព្រះរាជានុញ្ញាតឲ្យសម្តេចជា​ប្រធានឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រទៀតផង ។

សម្តេចតេជោថ្លែង​ថា​៖ «​ចាប់​តាំង​ពី​ខ្ញុំ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ១៩៨៥ រហូត​ដល់​ថ្ងៃ​ទី ២២ ខែ សីហា ឆ្នាំ ២០២៣ ខ្ញុំ​បាន​កាន់​តំណែង​រយៈពេល ១៤ ០៩៩ ថ្ងៃ ឬ ២ ០១៤ សប្តាហ៍ ឬ ៤៦៣ ខែ ឬ ៣៨ ឆ្នាំ ៧ ខែ ៨ ថ្ងៃ»។

សម្តេចបន្តថា «ដូច្នេះខ្ញុំនៅតែមានឱកាសបម្រើប្រជាជន និងជួយរដ្ឋាភិបាលក្នុងការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព រួមទាំងការអភិវឌ្ឍន៍ប្រទេស ក៏​ដូច​ជា​ការ​ជួយ​ព្រះ​មហាក្សត្រ​ពេល​ទ្រង់​មិន​នៅ​ក្នុង​ប្រទេស​នោះ» ។ សម្តេច​នឹង​មិន​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នាយករដ្ឋមន្ត្រី​ថ្មី ឬ​រដ្ឋាភិបាល​ថ្មី​ឡើយ ព្រោះមានការបែងចែកច្បាស់លាស់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចសូមស្នើដល់បណ្តារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រី អាណត្តិថ្មី សូមមេត្តាយោគយល់ ហើយត្រូវមានការលះបង់ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ ។ សម្តេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីដែលមិនទទួលបានតំណែងក្នុងគណៈរដ្ឋមន្ត្រី អាចនឹងត្រូវធ្វើជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ហើយខ្លះក៏អាចត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរ ។

«ខ្ញុំស្នើដល់បងប្អូនជារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀត សុំមេត្តាយោគយល់ យើងត្រូវតែមានការលះបង់មួយ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះគឺជាការលះបង់ហើយ ដូច្នេះសុំឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ មួយចំនួនទៀតក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ដែលយើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួន មិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភារបស់យើងមានអាយុ៨០ឆ្នាំ ឬក៏គៀកនឹង៨០ឆ្នាំ ក៏ល្មមនឹងការចាកចេញផងដែរ»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម