មិនធម្មតាទេការនាំចេញរថយន្តចិន ៦ ខែដំបូង លេខ ១ លើពិភពលោក វ៉ាជែងចប៉ុន

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី13 ខែសីហា ឆ្នាំ2023 ម៉ោង 5:38 នាទី ល្ងាច

 

ពី prachachat

ដោយ សូរ្យសែង៖

ក្រឡេកមើលសេដ្ឋកិច្ចចិន ! ការនាំចេញរថយន្ត ៦ ខែដំបូង លេខ ១ លើពិភពលោក វ៉ាជែងជប៉ុន

បកប្រែពី prachachat

ដោយ Bong Rith:

រថយន្តចិនបន្តវ៉ាជែងរថយន្តជប៉ុន ក្លាយជាអ្នកនាំចេញលេខ 1 របស់ពិភពលោកក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ការ​នាំ​ចេញ​រថយន្ត​ពាក់កណ្តាល​ឆ្នាំ​របស់​ចិន​បាន​លើស​ជប៉ុន ជា​លទ្ធផល រថយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន​បាន​​លក់​កាន់តែ​ច្រើន​ជុំវិញ​ពិភពលោក ។

រង់ចាំមើល តើគោលដៅរបស់ចិន អាចផ្ដួលរំលំការនាំចេញសរុបរបស់ពិភពលោកនៅចុងឆ្នាំនេះឬទេ?

កាសែត Nikkei Asia រាយការណ៍កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ ថា ប្រទេសចិនបាន​ក្លាយជា​ប្រទេសនាំចេញរថយន្តឈានមុខគេរបស់ពិភពលោកក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ ដោយមានការ​នាំចេញរថយន្តច្រើនជាងប្រទេសជប៉ុន ។ ការ​នាំ​ចេញ​ប្រចាំ​ត្រីមាស​របស់​ចិន​បាន​លើស​ជប៉ុន ជា​លទ្ធផល​នៃ​ការ​លក់​រថយន្ត​អគ្គិសនី (EV) ដ៏​មាន​សន្ទុះ និង​ចំណេញ​នៅ​ទីផ្សារ​អឺរ៉ុប និង​រុស្ស៊ី ។

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ២,១៤ លានគ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៧៦% ធៀបនឹងឆ្នាំមុន (នេះជាការអះអាងពី​សមាគមផលិតរថយន្តប្រទេសចិន(China Association of Automobile Manufacturers : CAAM) ។ ចំណែកទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) តាមពីក្រោយចិន គឺ ២,០២ លានគ្រឿង កើនឡើង ១៧% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ការនាំចេញរថយន្តថាមពលថ្មីរបស់ចិន នោះរួមមានរថយន្តអគ្គិសនី (EVs) រថយន្តអគ្គិសនីហាយប៊្រីដ (PHEV) និងរថយន្តអគ្គិសនីប្រើប្រេងឥន្ធនៈ (FCEVs) កើនឡើងជាងទ្វេដងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលស្មើនឹង ២៥% ពីការនាំចេញរថយន្តសរុបរបស់ក្រុមហ៊ុន Tesla ប្រេនដ៍រថយន្តរបស់សហរដ្ឋអាមេរិកដែល​មាន​មូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន គឺជាមជ្ឈមណ្ឌលនាំចេញសម្រាប់ទីផ្សារអាស៊ី ។ យានជំនិះជាង ១៨០.០០០ គ្រឿងត្រូវបាននាំចេញ ខណៈដែលម៉ាករថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD បាននាំចេញជាង ៨០.០០០ គ្រឿង។

រុស្ស៊ី​ជា​គោលដៅ​ទី​១​ សម្រាប់​ការ​នាំ​ចេញ​រថយន្ត​របស់​ចិន ។ ប្រទេសចិនបានដឹកជញ្ជូនរថយន្តចំនួន ២៨៧.០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេល ៥ ខែដំបូង។ ម៉ាករថយន្តរបស់ចិនបានឆ្លៀតឱកាស​ដើម្បីបំពេញចន្លោះ​នៅក្នុងទីផ្សាររុស្ស៊ី បន្ទាប់​ពី​ម៉ាក​រថយន្ត​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ ដែលបាន​ដក​អាជីវកម្ម​របស់​ពួក​គេ​ពី​រុស្ស៊ី​បន្ទាប់​ពី​រុស្ស៊ី​លុកលុយ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ។

ម៉ិកស៊ិក ជាប្រទេសដែលមានតម្រូវការខ្លាំងសម្រាប់រថយន្តប្រើប្រេង ហើយបែលហ្ស៊ិកដែលជាមជ្ឈមណ្ឌលដឹក​ជញ្ជូនដ៏ធំរបស់អឺរ៉ុប កំពុងបំប្លែងរថយន្តដឹកជញ្ជូនរបស់ខ្លួនទៅជារថយន្តអគ្គិសនី វាក៏ស្ថិតនៅកំពូលនៃ​បញ្ជី​ទិសដៅនាំចេញរថយន្តរបស់ចិនដូចគ្នា ។

ការ​លក់​រថយន្ត​ថ្មី​ក្នុង​ស្រុក​នៃប្រទេស​ចិន​មាន​ចំនួន ២៦,៨៦ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០២២ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ។ រថយន្ត​អគ្គិសនី (EV) តែ​មួយមុខ ​លក់បាន​ដល់ ៥,៣៦ លាន​គ្រឿង វ៉ាជែងការលក់​រថយន្ត​ថ្មី​របស់​ប្រទេស​ជប៉ុន រួមទាំងរថយន្តប្រើប្រេង មានចំនួនសរុប ៤,២ លានគ្រឿង ។

ក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងធុរកិច្ច AlixPartners ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បានព្យាករណ៍ថា​នៅឆ្នាំ ២០២៧ រថយន្តអគ្គិសនីនឹងមានចំនួន ៣៩% នៃការលក់រថយន្តថ្មីនៅក្នុងប្រទេសចិន នេះគឺខ្ពស់ជាង​ការរំពឹង​ទុក ២៣% នៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក​។

ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការទិញរថយន្តអគ្គិសនី បានរួមចំណែកយ៉ាងធំធេងដល់ការ​លក់​រថយន្តអគ្គិសនី ហើយគេរំពឹងថា នៅឆ្នាំ ២០៣០ ម៉ាករថយន្តអគ្គិសនីរបស់ចិន ដូចជា BYD នឹងមានចំនួន ៦៥% នៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ។

ជាមួយនឹងវត្តមាននៃបណ្តាញផ្គត់ផ្គង់ថ្ម lithium-ion ក្នុងស្រុក គឹជាបច្ច័យកំណត់ប្រសិទ្ធភាព និងតម្លៃរថយន្ត​អគ្គិសនី ដូច្នេះម៉ាករថយន្តចិនអាចបង្កើនការប្រកួតប្រជែងនាំចេញរបស់ពួកគេខ្លាំងទៀមទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម