កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី24 ខែសីហា ឆ្នាំ2023 ម៉ោង 7:13 នាទី ល្ងាច

 

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា ប្រព្រឹត្តទៅ នៅវិមានសន្តិភាព។ 

របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីលើកដំបូងរួមមាន៖

១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»

២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»

៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥៖ បញ្ហាផ្សេង

 

នៅក្នុងកិច្ចប្រជុំពេញអង្គដំបូងនេះ ជាការថ្លែងសារទៅកាន់ជនរួមជាតិ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានណែនាំដល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឲ្យសហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុនដោយមានការចូលរួមមកពីគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ។

សមាជិកឧត្តមក្រុមប្រឹក្សាមួយនេះ ត្រូវចែកជា២ប្រភេទ ដោយប្រភេទទី១ គឺជាសមាជិកគណបក្សស្ថាបនិកដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២. សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាពយន្តការនេះនៅពេលក្រោយ។

ចំពោះសមាជិកគណបក្សនយោបាយស្ថាបនិក នឹងបានទទួលនូវបុព្វសិទ្ធិច្រើនជាមុន ពោលគឺប្រតិភូមានរហូតដល់៣រូប ក្នុងនោះប្រធានប្រតិភូមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្រ្តី ហើយសមាជិកមានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឲ្យប្រធានប្រតិភូមានជំនួយការ២នាក់ផងដែរ ៕

 

រូបថត Telegram SHS (សម្តេចតេជោ)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម