កម្មកររោងចក្រស្បែកជើងម៉ាកល្បីក្នុងវៀតណាមចំនួន ១.២០០ នាក់ត្រូវបញ្ឈប់ ដោយសារការនាំចេញធ្លាក់ចុះ

សេដ្ឋកិច្ចថ្ងៃសុក្រ ទី25 ខែសីហា ឆ្នាំ2023 ម៉ោង 7:31 នាទី ល្ងាច

ដោយ អោម សាវុឌ្ឍ៖

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣ អំពីរោងចក្រមួយផលិតស្បែកជើងប៉ាត់តាដ៏ធំបំផុតមួយរបស់វៀតណាម ដែលផលិតផលម៉ាកប្រេនដ៍ ដូចជា Adidas, Nike និង និង Reebok នឹងបញ្ឈប់ការងារជាលើកទីបីក្នុងឆ្នាំនេះ។

ប្រទេសក្នុងអាស៊ានមួយនេះ ជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និង គ្រឿងសង្ហារឹម ធំបំផុតរបស់ពិភពលោក ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារ​តម្រូវការ​ធ្លាក់ចុះ​បាន​ប៉ះពាល់​ដល់​ការនាំចេញ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីមន្ត្រីនៅទីក្រុងហូជីមិញថា ក្រុមហ៊ុន PouYuen Vietnam ដែលជាសាខាសម្ព័ន្ធរបស់ក្រុមហ៊ុន Pou Chen Group ដែលមានមូលដ្ឋាននៅតៃវ៉ាន់នឹងបញ្ឈប់កម្មករជាប់កិច្ចសន្យាអចិន្ត្រៃយ៍ប្រហែល ១.២០០ នាក់ ចាប់ពីចុងខែសីហានេះតទៅ។

ក្រុមហ៊ុន PouYuen Vietnam ​បាន​និយាយ​ថា ​ការ​បញ្ឈប់​ការងារ​គឺ​ដោយ​សារ​តែ​ការ​បញ្ជា​ទិញ​មិន​បាន​ងើប​ឡើង​វិញ​។ ទីភ្នាក់ងារព័ត៌មាន VnExpress បានរាយការណ៍ថា មានអតិថិជនតែពីរបីនាក់ប៉ុណ្ណោះដែលបញ្ជាទិញ។

នេះ​ជា​លើក​ទី​៣​ ហើយ​ដែល​ការងារ​នេះ​ត្រូវ​បាន​គេ​បញ្ឈប់។ ក្រុមហ៊ុនបានប្រកាសកាលពីខែឧសភាថា កម្មករជាប់កិច្ចសន្យាអចិន្ត្រៃយ៍ជិត ៦.០០០ នឹងត្រូវបញ្ឈប់ពីការងារ បន្ទាប់​ពី​បាន​បញ្ឈប់​កម្មករ​ពេញ​ម៉ោង​ជិត ៣​ពាន់​នាក់​កាល​ពី​ខែ​កុម្ភៈ។

ការប្រែប្រួលនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន PouYuen បានផ្តល់ឱ្យបុគ្គលិករបស់ខ្លួនចំនួន ២០.០០០នាក់នូវការឈប់សម្រាកដោយគ្មានប្រាក់ខែកាលពីឆ្នាំមុន។

យោងតាមការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ មនុស្សជាង ២១៧.០០០ នាក់បានបាត់បង់ការងារ ដែលភាគច្រើនធ្វើការនៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងអេឡិចត្រូនិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម