កិច្ចប្រជុំដ៏មានសារសំខាន់នៅគណបក្សខណ្ឌទួលគោក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត  ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី

នយោបាយថ្ងៃសៅរ៍ ទី26 ខែសីហា ឆ្នាំ2023 ម៉ោង 1:32 នាទី ល្ងាច

អត្ថបទលោក សូរ្យសែងៈ

នាព្រឹកថ្ងៃសៅរ៍ ទី26 ខែសីហា ឆ្នាំ2023 មានបើកកិច្ចប្រជុំជីវភាពគណបក្សខណ្ឌទួលគោកប្រចាំខែសីហា  និងទិសដៅខែកញ្ញា ឆ្នាំ2023  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត  ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពីគណបក្សខណ្ឌ សង្កាត់ និងតំណាងក្រុមការងារទាំង ១០ សង្កាត់ ។

 

ខ្លឹមសារបានផ្តោតទៅលើរបាយការណ៍ការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ ២០២៣ ដែលអានដោយឯកឧត្តម ជា ពិសី ប្រធានគណបក្សខណ្ឌទួលគោក ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក បានមានប្រសាសន៍ថា ការប្រជុំគណ:រដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តោតសំខាន់ទៅលើ៖

  • អាណត្តិថ្មី ត្រូវគិតគូរពីធនធានមនុស្ស សម្រាំងយកសមត្ថភាព និងគុណភាព ដោយ «រក្សាចាស់ ពង្រីកថ្មី» តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ។
  • ការប្រឡងក្របខណ្ឌ ចាប់ពីឆ្នាំក្រោយក្រសួងស្ថាប័ន លែងរើសដោយខ្លួនឯងហើយ គឺក្រសួងមុខងារសាធារណ:ជាអ្នករើស
  • ការបង្ក្រាបគ្រឿងញៀន ជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដោយមានទេសរដ្ឋមន្ត្រី ១រូប ជាអ្នកដឹកនាំ ។ កន្លងមកកម្ពុជា ទប់ស្កាត់បាន ៤ពាន់តោន ធ្វើឱ្យវៀតណាមអរគុណកម្ពុជា ហើយការបង្ក្រាបគ្រឿងញៀន ត្រូវធ្វើដូច ACU ដោយមានកំណែទម្រង់ឱ្យប្រសើរជាងមុន
  • គុណភាពនៃការសិក្សាអប់រំ ក៏ត្រូវការពង្រឹងគុណភាពឱ្យល្អប្រសើរជាងមុនដែរ
  • ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ឯកឧត្តមឲ្យក្រុមការងារ និងសង្កាត់ ជួលគ្រូមកបង្រៀនកូនចៅប្រជាជន ដើម្បីត្រៀមប្រឡង ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារទាំងអស់ សូមកុំបន្ធូរដៃ សូមរឹងមាំ ជឿជាក់ កក់ក្តៅ និងសង្ឃឹមមកលើគណបក្សប្រជាជនយើង និងលើរាជរដ្ឋាភិបាលអាណត្តិថ្មី ហើយសូមបន្តរក្សា បន្តពង្រឹងការងារ (មិនមែនបោះឆ្នោតរួច នាំគ្នាសម្រាកនោះទេ) រួមទាំងណែនាំឲ្យក្រុមការងារជួយការងារស្ថិតិ ដោយឯកឧត្តម នឹងផ្តល់កុំព្យូទ័រសម្រាប់បំពេញការងារនេះ ។

ចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ណែនាំឲ្យក្រុមការងារទាំងអស់ នាំគ្នាឈ្វេងយល់អំពីគោល​នយោបាយ​របស់រាជ​រដ្ឋាភិបាលថ្មី ដែលឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើង និងអនុវត្តឱ្យបានគត់មត់ចំពោះទិសដៅទាំង ១១ ចំណុច របស់គណបក្សខណ្ឌ ។​

១. ផ្សព្វផ្សាយឲ្យទូលំទូលាយនូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោត ពេញចិត្តពេញថ្លើមមកលើគណបក្សប្រជាជន ។

២. ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ (២០២៣-២០២៨) របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ។

៣. បន្តយកចិត្តទុកដាក់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ

៤. អនុវត្តយុទ្ធសាស្ត្រ នៃការកសាងសមាជិកបក្ស តាមទិសស្លោក«កសាងសមាជិកដល់ណា ពង្រឹងដល់នោះ ដោយធានាសមាជិកបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ។

៥. មន្ត្រីបក្សត្រូវសាងអំពើល្អ ក្តាប់បញ្ហាប្រឈម និងដោះស្រាយដំណូមពររបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។

៦. កសាងជួរមន្ត្រីវ័យក្មេងសម្រាប់បន្តវេន និងអប់រំបណ្តុះបណ្តាល

៧. ប្រកាន់ខ្ជាប់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

៨. ត្រូវឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ អ្នកងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩

៩. ជំរុញការផ្តល់សេវាសាធារណៈឲ្យបានល្អ តម្លាភាព ដោះស្រាយឲ្យអស់លទ្ធភាពនូវកង្វល់របស់ប្រជាពលរដ្ឋ

១០. យកចិត្តទុកដាក់ផ្សព្វផ្សាយនូវជោគជ័យ ៦ ចំណុច របស់រាជរដ្ឋាភិបាល និង ការអនុវត្តភារកិច្ចចំពោះមុខ ១៨ ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ។

១១. ទប់ស្កាត់ បង្ក្រាបរាល់និន្នាការប្រឆាំងរបស់ក្រុមអគតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម