អតីត CIA របស់អាមេរិក និយាយថា កងទ័ពអ៊ុយក្រែនអាចធ្វើរដ្ឋប្រហារទម្លាក់ សេលេនស្គី

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី31 ខែសីហា ឆ្នាំ2023 ម៉ោង 8:03 នាទី ល្ងាច

 

ប្រភព RT News

ដោយ សូរ្យសែង៖

ភាពបរាជ័យនៅក្នុងសមរភូមិប្រយុទ្ធ អាចជំរុញឲ្យកងទ័ពអ៊ុយក្រែន ធ្វើរដ្ឋប្រហារទម្លាក់អំណាចប្រធានាធិបតី សេលេនស្គី ។ នេះជាការមើលឃើញពីលោក លែរី ចនសុន អតីតអ្នកវិភាគរបស់ភ្នាក់ងារចារកម្ម​កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) ។

ចនសុន នៅក្នុងបទសម្ភាសន៍ជាមួយពិធីករ Clayton Morris នៅលើប៉ុស្តិ៍ YouTube Redacted ដែលបានបង្ហោះកាលពីចុងសប្តាហ៍បាននិយាយថា «វាអាចទៅរួចដែល សេលេនស្គី នឹងត្រូវបានបណ្តេញចេញពីរដ្ឋប្រហារក្នុងរយៈពេលបី ឬបួនសប្តាហ៍ខាងមុខ ព្រោះ​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ទាហាន​នៅ​ជួរ​មុខ​ភាគខាង​កើត»។

លោក Larry C. Chohnson

កងទ័ពអ៊ុយក្រែនដែលបានហ្វឹកហាត់នៅប្រទេសលោកខាងលិច រួមទាំងរថក្រោះ និងរថពាសដែក ដែលទទួលពីអង្គការណាតូ បានបើកការវាយប្រហារប្រឆាំងដ៏ធំមួយនៅក្នុងតំបន់ Zaporizhia ចាប់តាំងពីដើមខែមិថុនា ប៉ុន្តែ​នៅតែទទួល​បរាជ័យ​ ហើយ​ឥឡូវ​នេះ​គឺ​ស្ថិតនៅ​ចំណុច​ដែល​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​សម្តែង​ការ​ខកចិត្ត​ជា​ចំហ​ចំពោះ​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន ។

ចនសុន មិនមែនជាអ្នកវិភាគអាមេរិកដំបូងគេទេ ដែលបានប្រមើលមើលពីលទ្ធភាពយោធាអ៊ុយក្រែន បែរខ្នងមក លើ សេលេនស្គី នោះ ។ កាលពីដើមខែនេះ លោក Scott Ritter អតីតទាហានម៉ារីនអាមេរិក បាននិយាយថា លទ្ធភាពនៃរដ្ឋប្រហារកំពុងកើនឡើង រាល់ពេលដែលកងទ័ពអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញដោយរុស្ស៊ី ។

លោក Scott Ritter

Ritter បានប្រាប់ពិធីករ YouTube លោក George Galloway ថា «យើងអាចឈានដល់ពេលមួយដូចសម័យ កេរេនស្គី 1917 ដែលយោធានិយាយថាយើងត្រូវធ្វើ» ។ ការអត្ថាធិប្បាយរបស់គាត់ក៏ត្រូវបានរាយការណ៍នៅលើគេហទំព័រព័ត៌មានដ៏ល្បីល្បាញ Politico ផងដែរ ។ Politico បានប៉ាន់ស្មានថា តើអ្នកណានឹងគ្រប់គ្រងអ៊ុយក្រែន ប្រសិនបើរុស្ស៊ីធ្វើឃាត សេលេនស្គី ?

ទោះ​ជា​យ៉ាង​ណា ខាង​លោក Ritter ​គិត​ថា រុស្ស៊ី​មិន​គួរ​មាន​ចេតនា​ដេញ​តាម​លោក សេលេនស្គី ទេ ហើយ​មេ​ដឹក​នាំរូប​នេះ​អាច​នឹង​ត្រូវ​យោធាក្រញេច និងត្រូវបានជំនួសដោយអ្នកណាផ្សេងដែលមានចិត្តក្រែងរែងជាង។

លោក ចនសុន បាន​អធិប្បាយ​ដូច្នេះ ជាមួយនឹងទិសដៅនៃជម្លោះដែលកំពុងកើតឡើង ។ ទីក្រុងគៀវ គឺពឹងផ្អែកទាំងស្រុងលើលោកខាងលិច ហើយ​តម្រូវការ​របស់​ពួកគេ​កំពុង​តែ​កើនឡើង ដោយសារតែសក្តានុពលផ្សេងៗរបស់ពួកគេបានថយចុះបន្តិចម្តងៗ ។

អតីតមន្ត្រី CIA រូបនេះ បានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្ររបស់អាមេរិក ក្នុង​ជម្លោះ​នេះ គឺ​ដើម្បី​ទាក់ទាញ​រុស្ស៊ី​ឲ្យ​ចូល​ក្នុង​សង្រ្គាម​ដែល​ខ្លួន​មិន​អាច​ឈ្នះ​បាន ប៉ុន្តែ «វា​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​ជំនួស​វិញ» ហើយ​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​គណនា​ពី​របៀប​ដក​ថយ​ពី​ជម្លោះ ព្រោះ​គេ​មើល​ស្រាល​កម្លាំង​សេដ្ឋកិច្ច និង​យោធា​របស់​រុស្ស៊ី។

លោក សឹហ្គេ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្លាប់លើកហេតុផលស្រដៀងគ្នានេះកាលពីដើមខែនេះ នៅ​ក្នុង​បទ​សម្ភាស​មួយ​ដែល​ចៅហ្វាយ​នាយ​លោក​ខាង​លិច​របស់​អ៊ុយក្រែន នៅចំពោះមុខសាធារណជន គាត់សន្យាថានឹងប្រយុទ្ធរហូតដល់អ៊ុយក្រែនចុងក្រោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​ប្រវត្តិ​អតីតកាល ពួកគេតែងតែបោះបង់ចោលសម្ព័ន្ធមិត្ត និងភ្នាក់ងាររបស់ពួកគេរហូត តាំងពីសង្គ្រាមនៅវៀតណាមខាងត្បូង រហូតដល់រដ្ឋាភិបាលរបស់ អារ៉ាហ្វ ហ្គានី នៃប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ 2021 ។

ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​លោក​ខាង​លិច​អំពី​ភាព​ស្រប​ច្បាប់​របស់​មេដឹកនាំ​អ៊ុយក្រែន ប្រសិនបើពួកគេលុបចោលការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 តែ សេលេនស្គី ស្នើឱ្យបន្តការបោះឆ្នោត ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ដែល​លោក​ខាងលិច​ត្រូវ​ទទួល​បន្ទុក​ចំណាយ ។

មេដឹកនាំ​អ៊ុយក្រែន​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ ប្រសិន​បើ​​ត្រូវ​លោក​ខាង​លិច​បោះបង់​ចោល  ។ ប៉ុន្តែ​ជំនួយការ​ម្នាក់​របស់គាត់​បាន​ប្រកែក​តាំងពី​ពេលនោះ​មក​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​គាំទ្រ​ពួកគេ​សម្រាប់​ការវាយប្រហារ​លើ​ទឹកដី​ផ្សេងៗ ដែលត្រូវកាន់កាប់ គឺតំបន់ Donetsk, Luhansk, Zaporizhia និង Kherson និងរួមបញ្ចូលទាំងតំបន់គ្រីមៀ ដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014 ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម