ដោយ សាវុឌ្ឍ៖
ពី siamrath
ទីផ្សារអង្ករពិភពលោកកំពុងប្រឈមនឹងសភាវៈតានតឹងខ្លាំង រួមជាមួយនឹងតម្លៃកើនឡើងរហូតមកដល់ចុងខែសីហាកន្លងទៅ បន្ទាប់ពីអាជ្ញាធរឥណ្ឌាផ្អាកការនាំចេញអង្ករគ្រប់ប្រភេទ លើកលែងតែអង្ករបាសម៉ា កាលពី ៦ សប្តាហ៍មុន ឬពីថ្ងៃ២០ កក្កដាមក ។
ដោយអង្ករបាក់ 5% របស់ប្រទេសថៃ ដែលត្រូវបានដំឡើងដល់តម្លៃមធ្យមនៃទីផ្សារអង្ករនៅអាស៊ី តម្លៃបានកើនឡើងដល់ ៦៤៨ ដុល្លារអាមេរិកក្នុងមួយតោន ចាត់ទុកជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០០៨ ។ ចំណែកអង្ករក្រអូបផ្កាម្លិះថៃ តម្លៃក៏បានបង្កើតកំណត់ត្រាថ្មីផងដែរ ក្នុងតម្លៃ ៧៩៦ ដុល្លារក្នុងមួយតោន កាលពីពាក់កណ្តាលខែសីហាកន្លងទៅ កើនឡើងចាប់ពីដើមខែកក្កដាកន្លង តម្លៃ ៦៦២ដុល្លារក្នុងមួយតោន ។
មួយវិញទៀត អ្នកវិភាគបានសម្ដែងការយល់ឃើញរបស់ខ្លួន ព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀងពិភពលោក បើប្រទេសនាំចេញអង្ករលំដាប់ទី២ និងទី៣ របស់ពិភពលោក នោះមានន័យថា ថៃ និងវៀតណាម ផ្អាកការនាំចេញអង្ករដូចប្រទេសឥណ្ឌាដែរ ដែលជាប្រទេសនាំចេញអង្ករលេខ ១ របស់ពិភពលោក ដោយប្រទេសឥណ្ឌាផ្អាកការនាំចេញរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពទីផ្សារម្ហូបអាហារក្នុងស្រុក កុំឱ្យឡើងខ្ពស់ពេក ៕