មីយ៉ាន់ម៉ា ឡាំប៉ា ចំពោះសេចក្តីថ្លែងការណ៍អាស៊ាន

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

ដោយ សូរ្យសែង៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់សេចក្តីថ្លែងការណ៍របស់អាស៊ានដែលថ្កោលទោសអំពើហឹង្សាយោធា និងបានកំណត់គោលដៅវាយប្រហារលើជនស៊ីវិលតែភាគីម្ខាង ។ ការផ្លាស់ប្តូរឥរិយាបថនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីវាបាននិយាយថា ខ្លួននឹងមិនទទួលយកតំណែងប្រធានប្តូរវេនអាស៊ាននាពេលខាងមុខនោះទេ ។

ប្រទេសមីយ៉ាន់ម៉ា មានភាពវឹកវរតាំងពីរដ្ឋប្រហារក្នុងឆ្នាំ ២០២១ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងព្យាយាមដោះស្រាយវិបត្តិនេះ ជាមួយ​នឹង​ផែនការ​សន្តិភាព ​៥​ចំណុច​ដែល​បាន​ព្រមព្រៀង​ជាមួយ​មេទ័ព​ភូមា ប៉ុន្តែរបបយោធាបានបដិសេធមិនចូលរួមជាមួយគូប្រជែងរបស់ខ្លួន។

នៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ ទី ៥ ខែកញ្ញា មេដឹកនាំអាស៊ានបានអំពាវនាវឱ្យយោធាប្រទេសនេះ កាត់បន្ថយអំពើហិង្សា និងបញ្ចប់ការវាយប្រហារទៅលើជនស៊ីវិល ហើយឥណ្ឌូនេស៊ី ប្រធាន​កិច្ចប្រជុំ​​នៅ​ឆ្នាំ​នេះ​ បាន​និយាយ​ថា​ មិន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ផែនការ​ប្រាំ​ចំណុច​នោះ​ទេ ។ មីយ៉ាន់ម៉ា​បាន​រិះគន់​ការ​ពិនិត្យ​របស់​អាស៊ាន​ថា​ ជា​ការ​​លម្អៀងតែ​ម្ខាង។ នេះជាបទវិចារណកថាមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី ៦ កញ្ញា នៅក្នុងកាសែត Global New Light of Myanmar ដែលគាំទ្រដោយរដ្ឋ។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ភូមាបានអំពាវនាវឱ្យអាស៊ានគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអាស៊ាន ជាពិសេស មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ារស៊ូឌី បានប្រាប់អ្នកសារព័ត៌មានថា មីយ៉ាន់ម៉ានឹងមិនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ 2026 ទេ ដោយហ្វីលីពីនទទួលជំនួសវិញ ។ នេះបើតាមអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក ហ្ស័រ មីន ទុន បានបញ្ជាក់ប្រាប់ AFP ដោយមិនផ្តល់ព័ត៌មានលម្អិតទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម