ដោយ សូរ្យរិទ្ធ៖
វត្ថុបុរាណជាច្រើនត្រូវបានគេគិតថា មានអាយុកាលតាំងពីសម័យអាណាចក្រខ្មែរ មហាអំណាចខ្មែរដែលធ្លាប់មានឥទ្ធិពលដ៏មហិមា កម្លាំងខ្លាំងក្លា បានសាយភាយឥទ្ធិពលរបស់ខ្លួន ភាគច្រើនទៅលើប្រទេស ថៃ វៀតណាម និងឡាវ នៅចន្លោះសតវត្សទី ៩-១៥ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំណប់ទ្រព្យដែលត្រូវបានលួចពីប្រទេសកម្ពុជាទៅ ត្រូវបានប្រគល់មកវិញពីសារមន្ទីរបស្ចិមប្រទេស និងអ្នកប្រមូល ។
ឥឡូវនេះ វត្ថុបុរាណចំនួន ៣៣ ថែមទៀត ដែលបានពីការប្រមូលទុករបស់គ្រួសារ លីនដឺមេន (Lindemann) នឹងត្រូវប្រគល់មកកម្ពុជាវិញដោយស្ម័គ្រចិត្ត ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាឲ្យដឹង ។
«សន្តានចិត្តដ៏កម្របែបនេះ បានបង្កើតជាគំរូដ៏ល្អមួយសម្រាប់អ្នកយកវ្ថុបុរាណខ្មែរទាំងឡាយលើពិភពលោក ហើយសក្តិសមសម្រាប់សារមន្ទីផ្សេងទៀត ជាលក្ខណៈឯកជនក្តី ត្រូវប្រគល់សម្បត្តិជាតិយើងមកវិញ» ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានកំណត់ថា តើវត្ថុបុរាណតាំងនោះ នឹងមកដល់នៅពេលណាឡើយ ។
វត្ថុបុរាណដែលត្រូវបានប្រគល់មកវិញ ក៏មានរូបសំណាកព្រះវិស្ណុផងដែរ ដែលគេជឿថា យកចេញពីទីក្រុងបុរាណកោះកេរ ដែលសាក្សីនិយាយថា ត្រូវបានចោរលួចក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ។
«យើងទិញវត្ថុបុរាណទាំងនេះពីឈ្មួញកណ្តាលដែលស្មោះត្រង់គួរឱ្យទុកចិត្ត ។ យើងមានការសោកស្ដាយជាពន់ពេក ដែលបានដឹងថា វត្ថុបុរាណទាំងនេះចូលមកក្នុងទីផ្សារសហរដ្ឋអាមេរិក» ។ កាសែត New York Times បានដកស្រង់សម្តីរបស់គ្រួសារ លីនដឺមេន ។
កាលខែមុន វិចិត្រសាលជាតិអូស្ត្រាលីបញ្ជាក់ថា នឹងបញ្ជូនរូបព្រះពុទ្ធបដិមាចំនួន ៣ ដុំ មកកម្ពុជាវិញ ក្រោយការស៊ើបអង្កេតរកឃើញថា ចម្លាក់នេះទំនងជានាំចេញដោយខុសច្បាប់ ។
រូបចម្លាក់សំរិទ្ធពីសតវត្សទី ៩-១០ ត្រូវបានទិញក្នុងតម្លៃ 1.5 លានដុល្លារក្នុងឆ្នាំ 2011 ដោយឈ្មួញកណ្តាលជនជាតិអង់គ្លេស ឌូក្លាស ឡាតហ្វដ (Douglas Latchford) ។ តមកត្រូវគេជឿថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរវត្ថុបុរាណខុសច្បាប់ ៕