តើការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ មិនលើស ៣០ថ្ងៃ ហើយសុំលាលែងវិញ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី23 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:34 នាទី ល្ងាច

សំណួរនេះ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)  ឬ ACU បកស្រាយបំភ្លឺយ៉ាងច្បាស់នៅលើ​លិខិត​ជូន​​ដំណឹងមួយ នាថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០២៣ ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចែងក្នុងជំពូកទី ៤ មាត្រា ១៧ ស្តីអំពីសមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល (ទំព័រ ១១ នៃច្បាប់ប្រឆាំងអំពើពុករលួយ) ចែងថា «ក្នុងពេលចូលកាន់មុខតំណែង បុគ្គលដូចខាងក្រោម (មាន ៧ ប្រភេទ) ត្រូវប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬ ជាទម្រង់អេឡិចត្រូនិក ទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តី រួមទាំងបំណុលផង ហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់» ។

ក្នុងនេះចំណុចទី ៤ ចែងថា មន្ត្រីរាជការស៊ីវិល យោធា នគរបាល និងអ្នករាជការសាធារណៈផ្សេងទៀត ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

ការប្រកាសនេះ មិនឲ្យលើសពី​៣០ ថ្ងៃបន្ទាប់ពីទទួលបានការតែងតាំង ។ ក្នុងករណីលាលែង វិញ ក៏ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរដូចគ្នា ក្រោយមានព្រះរាជក្រឹត្យ ឬអនុក្រឹត្យ បញ្ចប់ភារកិច្ច ។

នៅក្នុងលិខិតបានបកស្រាយបំភ្លឺទៀតថា សម្រាប់ការលាលែងក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ អង្គភាពប្រឆាំងអំពើពុករលួយយល់ឃើញថា ឲ្យប្រកាសមួយលើកជាការស្រេច ដោយចាត់ទុកជាការប្រកាសលើកទី១ និងចុងក្រោយ មិនតម្រូវឲ្យប្រកាសតាមរបប ២​ឆ្នាំទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម