ឥណ្ឌូនេស៊ី​ដាក់​ដំណើរការ​កម្មវិធី Golden Visa (ទិដ្ឋាការមាស) ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍, ចុះកម្ពុជាជាមានអ្វីថ្មី?

ទេសចរណ៍ថ្ងៃច័ន្ទុ ទី25 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:30 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

មានព័ត៌មានជាច្រើនបាននិយាយច្រំដែលៗ អំពីភ្ញៀវទេសចរណ៍បរទេសចូលមកលេងប្រទេសកម្ពុជា មិនច្រើនដូចប្រទេសជិតខាង ។ តើមកពីមូលហេតុអ្វី?

ឥណ្ឌូណេស៊ី​ត្រៀម​ដាក់​ដំណើរការ​កម្មវិធី Golden Visa (ទិដ្ឋាការមាស) ដើម្បីទាក់ទាញវិនិយោគិនឯកត្តជន និងក្រុមហ៊ុនបរទេសមកបណ្តាក់ទុនក្នុងប្រទេស ដើម្បីជំរុញសេដ្ឋកិច្ច នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ច្បាប់ និង​សិទ្ធិ​មនុស្ស​ឥណ្ឌូនេស៊ី ចេញផ្សាយកាលពីដើមខែកញ្ញា ។

លោក ស៊ីលមី ការីម (Silmi Karim) អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការកាន់ Golden Visa នឹងពន្យារសុពលភាពនៃប័ណ្ណស្នាក់នៅសម្រាប់រយៈពេលពី ៥ ទៅ ១០ ឆ្នាំ ហើយអ្នកកាន់ទិដ្ឋាការហ្គោលដិននឹងមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតចូល ពេលមកដល់ប្រទេសឥណ្ឌូនេស៊ីទៀតឡើយ ។

វិនិយោគិនបុគ្គលដែលសត្រូវការទិដ្ឋាការរយៈពេល ៥ ឆ្នាំត្រូវតែបង្កើតក្រុមហ៊ុនក្នុងទឹកប្រាក់ ២,៥ លានដុល្លារអាមេរិកហើយសម្រាប់អ្នកវិនិយោគដែលចង់បានទិដ្ឋាការរយៈពេល ១០ ឆ្នាំ ពួកគេត្រូវវិនិយោគក្នុងទឹកប្រាក់ ៥ លានដុល្លារអាមេរិក ។

ចំណែកអ្នកវិនិយោគ ក្រុមហ៊ុនត្រូវវិនិយោគ ២៥ លានដុល្លារអាមេរិក ដើម្បីឲ្យនាយក និងក្រុមប្រឹក្សាក្រុមហ៊ុនទទួលបានទិដ្ឋាការរយៈពេល ៥ ឆ្នាំ ហើយក្រុមហ៊ុនត្រូវវិនិយោគបន្ថែម ៥០ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ ឆ្នាំ។

យ៉ាង​ណា​មិញ សម្រាប់​អ្នក​វិនិយោគ​បរទេស​ដែល​មិន​​បង្កើត​ក្រុមហ៊ុន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី តែត្រូវការទិដ្ឋាការមាស នឹងត្រូវការវិនិយោគប្រាក់ ៣៥០.០០០-៧០០.០០០ដុល្លារអាមេរិក នៅក្នុងមូលនិធិដើម្បីទិញមូលបត្ររដ្ឋាភិបាលឥណ្ឌូនេស៊ី ។

នៅប្រទេសថៃ កាលពីថ្ងៃទី ១៣ ខែកញ្ញា លោក សេដ្ឋា ថាវីសីន នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃបានអនុវត្តការលើកលែងទិដ្ឋាការរយៈពេលប្រហែល ៥ ខែចំពោះភ្ញៀវទេសចរចិនចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ប្រទេសវៀតណាម សុទ្ធតែបានដាក់គោលដៅជាឆ្នាំទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ គ្រាន់តែ ៤ ខែដើមឆ្នាំ ២០២៣ វៀតណាមទទួលភ្ញៀវទេសចរណ៍បរទេសបាន ៣,៧ លាននាក់ និងទេសចរណ៍ក្នុងស្រុក ៣៨ លាននាក់ បានចំណូលសរុប ១៩៦,៦ ពាន់ពាន់លានដុង ស្មើនឹង ៨,៤ ពាន់លានដុល្លារ ។

ចុះកម្ពុជា?

មានចំណុចមួយដែលកម្ពុជាត្រូវប្រុងប្រយ័ត្ន ចំពោះការផ្សាយព័ត៌មានរបស់សារព័ត៌មានបរទេស ដែលផ្សាយមិនពិត បំភ្លៃ ឬការផ្សាយបង្ខូចកេរ្តិ៍ឈញមោះ អំពីការជួញដូរមនុស្ស ចោរកម្មតាមអនឡាញ ការចាប់ជម្រិត អំពីពួកយីកូងជនជាតិចិន ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជាយើង និងធ្វើឲ្យមានការខ្លាចរអែងដល់ភ្ញៀវទេសចរណ៍មិនហ៊ានមកលេងនៅកម្ពុជា ។

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកើ់នឡើង Admin សូមផ្តល់ទស្សនៈខ្លះៗ ដើម្បីឲ្យទេសចរណ៍ចូលមកលេងប្រទេស​យើង គឺ ៖

  • ថែរក្សាព្រៃឈើ សត្វព្រៃ និងសត្វស្លាបឲ្យបានគង់វង្ស
  • រៀបចំថែរក្សារមណីដ្ឋាន (ឆ្នេរសមុទ្រ ភ្នំ ល្បាក់ ទឹក សួនច្បារ បង្កើតសួនសត្វ)
  • រៀបចំសម្បត្តិវប្បធម៌ (ការពារជួសជុល និងសម្អាតប្រាសាទបុរាណ ​វត្តអារាម សារមន្ទីរ) ឲ្យក្លាយជាទីកម្សាន្ត ឬទីគោរពសក្ការៈដ៏ពេញនិយម
  • រៀបចំថែរក្សាភ្លេងប្រពៃណណី របាំ មហោស្រពធំៗ
  • ទទួលភ្ញៀវដោយរាក់ទាក់ រាបសាស្រគត់ស្រគំ ញញឹមស្រស់ស្រាយ
  • រៀបចំថែរក្សាសិប្បកម្មប្រពៃណី (ផ្នែកតម្បាញ ផ្នែកចម្លាក់ សូនរូប)
  • រៀបចំកន្លែងស្នាក់នៅ និងហូបចុកឲ្យបានគ្រប់គ្រាន់ (សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល)
  • តម្លៃទំនិញសព្វសារពើត្រូវរក្សាឲ្យបានសមរម្យ (កុំលក់កោរ កុំលក់របស់របរក្លែងក្លាយ )
  • រៀបចំផ្លូវជាតិ និងផ្លូវលំឲ្យបានល្អ
  • រៀបចំសន្តិសុខឲ្យបានគ្រប់គ្រាន់ ធានាបានសុវត្ថិភាពជូនភ្ញៀវទេសចរ (គ្មានចោរឆក់ ចោរប្លន់ ការបោកប្រាស់ភ្ញៀវ...)
  • រៀបចំទីក្រុង និងទីប្រជុំជនឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មានអនាម័យ
  • រៀបចំមណ្ឌលឧស្សាហកម្ម ដោយរកទីតាំងឲ្យបានសមស្រប ដើម្បីចៀសវាងបំពុលដោយផ្សែង និងកាកសំណល់នានា
  • រៀបចំបរិស្ថានឲ្យបានល្អ ទាំងបរិស្ថានធម្មជាតិ ទាំងបរិស្ថានសង្គម
  • កសាងស្ពាន ថ្នល់ ផ្លូវលំ ឲ្យបានស្អាត និងរឹងមាំល្អ
  • អភិវឌ្ឍន៍ ធនធានមនុស្ស
  • ពង្រីករមណីយដ្ឋានឲ្យបានច្រើន
  • ជំរុញការផ្សព្វផ្សាយពីវឌ្ឍនភាព នៃវិស័យទេសចរណ៍ ឲ្យបានទូលំទូលាយ
  • ផ្ដល់សេវាកម្មបម្រើដោយមានជំនាញជាក់លាក់
  • ទប់ស្កាត់ការនាំចូលគ្រឿងញៀន ការជួញដូរមនុស្ស និងភេរវកម្ម
  • ការលើកលែងទិដ្ឋាការ ជាមុំមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ចូលស្រុក
  • បន្ថូរបន្ថយតម្លៃចូលរមណីយដ្ឋានកម្សាន្តនានា ឬលើកលែងមិនយកថ្លៃតែម្តង (សូមលើកករណីមួយនៅរមណីយដ្ឋានគីរីរម្យ គ្រាន់តែកន្លែងលក់សំបុត្រចូល មានដល់ ៣ កន្លែង...)

មហាជនជាច្រើនបានសម្តែងចម្ងល់ដូចៗគ្នាថា ហេតុអ្វីប្រទេសកម្ពុជាយើងមានភ្ញៀវមកលេងតិច ហើយប្រទេសជិតខាងបែរជាមានភ្ញៀវទេសចរណ៍ចូលប្រទេសគេច្រើន ។ ជាការពិត និន្នាការនៅប្រទេសអាស៊ានមួយចំនួន ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ជាដើម ចាប់ផ្តើមលើកលែងទិដ្ឋាការ ដោយកំណត់ច្បាស់ពីការចូលវិនិយោគរបស់ឯកត្តបុគ្គល ក្រុមហ៊ុន និង ទេសចរណ៍ ។ ដូច្នេះការលើកលែងទិដ្ឋាការ (វីសា) ជារឿងសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ចូលស្រុក ។

កម្ពុជាសង្ឃឹមថា នៅពេលអាកាសយានដ្ឋានថ្មីទាំងពីរ (សៀមរាប និង ខេត្តកណ្តាល) បើកដំណើរការពេញលេញ យើងនឹងបានការហោះហើរត្រង់ ពីប្រទេសមួយចំនួន ពិសេសប្រទេសចិន និងឥណ្ឌា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម