ហេតុអ្វី សហភាពអាហ្វ្រិកសំខាន់ រហូតបានចូលជាសមាជិក G20?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:46 នាទី ល្ងាច

ដោយ សូរ្យសែង៖

កិច្ចប្រជុំកំពូល G20 បានប្រកាសទទួលយកសហភាពអាហ្រ្វិក (African Union) ដែលមាន ៥៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌាកាលពីសប្តាហ៍ទី ១ នៃខែកញ្ញានេះ ។

នាយករដ្ឋមន្ត្រីឥណ្ឌា  ណារេនដ្រា ម៉ូឌី (Narendra Modi) បានស្វាគមន៍សមាជិកថ្មីមកពីបណ្តាប្រទេសនៅអាហ្វ្រិក​ក្នុងពេលបើកកិច្ចប្រជុំកំពូល G20  ដែលអាចចាត់ទុកថា ជាសម័យកាលប្រវត្តិសាស្ត្រ ចំពេលមានការអបអរសាទរពីប្រជាជាតិនានាដែលចូលរួម មានលោក អាហ្សាឡេ អាស៊្សូមាណេ ប្រធាននៃកូម៉ូរ៉ូ ​បាន​ដើរ​ឡើង​ឱប​លោក ​ម៉ូឌី បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំរួចមក ។

គោលបំណងសំខាន់មួយរបស់ប្រទេសឥណ្ឌា ក្នុងនាមជាប្រធាន G20 គឺការបញ្ចូលសហភាពអាហ្វ្រិកជាសមាជិកអចិន្ត្រៃយ៍ វានឹងធ្វើឱ្យប្រទេស G20 ពង្រីកសមាជិកកាន់តែច្រើន ។ ការ​សម្រេច​ចិត្ត​លើកនេះ ​ក៏​ជំរុញ​ការ​ខិត​ខំ​របស់​លោក ម៉ូឌី ផង​ដែរ ដែលនឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាសំឡេងនៃបណ្តាប្រទេសនៃអឌ្ឍគោលខាងត្បូង រួមទាំងប្រទេសនៅអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងតំបន់អូសេអានី ។

លោក ម៉ូឌី បាននិយាយថា «ខ្ញុំជឿថា ការអញ្ជើញសហភាពអាហ្រ្វិកឱ្យក្លាយជាសមាជិក នឹងមានការគាំទ្រពីគ្រប់ប្រទេស» ។

អ្នកវិភាគចាត់ទុកសមាជិកអចិន្ត្រៃយ៍របស់សហភាពអាហ្រ្វិកនៅក្នុង G20 ជាការពង្រឹងសំលេងរបស់អឌ្ឍគោលខាងត្បូង ដែលមានឥណ្ឌា​កំពុង​ព្យាយាម​ដើរ​តួនាទី​នាំមុខ​ក្នុង​បញ្ហា​នេះ។ ជាងនេះទៅទៀត វាគឺជាការបង្កើតវេទិកាសំឡេងប្រជាជាតិមួយសម្រាប់ទ្វីបអាហ្វ្រិក ​ដែល​អាច​លើក​ឡើង​ពី​បញ្ហា​​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម និងមានសំឡេងកាន់តែធ្ងន់ ក្នុងការសម្រេចចិត្តលើបញ្ហាដែលធ្វើឡើងដោយប្រទេសអ្នកមាន។

ឥណ្ឌា​ចង់​ឱ្យ​របៀបវារៈ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ចំណុច​សំខាន់​នៃ​កិច្ចប្រជុំ​​ នេះគឺដោយសារតែប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនស្ថិតក្នុងស្ថានភាពដែលត្រូវសងបំណុលទៅប្រទេសចិន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រដ្ឋាភិបាលឥណ្ឌាចង់ឱ្យប្រទេសអ្នកមានជួយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម