កម្ពុជាមិនមែនជាប្រទេស«មានខ្លាំង» ប៉ុន្តែរាជរដ្ឋាភិបាល មិនមែនខ្វះទឹកចិត្តជួយប្រជាពលរដ្ឋខ្លួននោះទេ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:18 នាទី ល្ងាច

មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?

ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។

នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ÷

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩  ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។

ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន ៧ សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)

២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)

៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)

ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយ រងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។

ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មាន គោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។

កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួន ឯងនោះទេ ៕

Channel Samdech Thipadei Hun Manet, Prime Minister 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម