ដោយ ម៉ារ៉ា៖
កាលពីថ្ងៃទី ២៨ ខែកញ្ញា គេហទំព័រ naewna ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា នៅទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋផេនស៊ីលវេនៀ សហរដ្ឋអាមេរិក មានកើតហេតុក្រុមមនុស្សមួយចំនួនធំ បានសម្រុកចូលទៅលួចរបស់របរក្នុងហាង រួចគេចខ្លួនបំបែកយ៉ាងលឿន ដោយហាងដែលជាគោលដៅ ភាគច្រើនជាហាងសាខាដែលមានទីតាំងតាមបណ្តោយផ្លូវ រួមមានហាង Lululemon ដែលជាម៉ាកសម្លៀកបំពាក់ហាត់ប្រាណដ៏ល្បីល្បាញ និងហាង Foot Locker ដែលជាហាងលក់ទំនិញកីឡា។
ក្រោយពេលកើតហេតុ គេបានឃើញសភាពនៅក្នុងហាង មានការខូចខាតយ៉ាងដំណំ កញ្ចក់បែក និងសន្តិសុខហាងជាច្រើននាក់ត្រូវបានវាយតប់ ។ មន្ត្រីប៉ូលិសដែលចល័តដើម្បីទប់ស្កាត់ហេតុការណ៍បាននិយាយថា ក្រុមយុវជនមួយក្រុមមានគ្នាពី ១០០-២០០ នាក់បានសម្រុកចូលក្នុងហាងដើម្បីលួច ដែលភាគច្រើនមានពាក់ម៉ាសបិទមុខ ។ មានសេចក្តីរាយការណ៍ថា ជនល្មើសមួយចំនួនត្រូវបានចាប់ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ៕