ស្ថានទូតចិនប្រចាំប្រទេសថៃ ចេញសេចក្តីថ្លែងការណ៍ពីការបាញ់ប្រហារនៅ ស្យាម ផារ៉ាហ្គន បណ្តាលឲ្យជនជាតិចិនស្លាប់ និងរបួស

ព័ត៌មានសង្គមថ្ងៃពុធ ទី04 ខែតុលា ឆ្នាំ2023 ម៉ោង 7:21 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

នៅ​ថ្ងៃ​ទី​៤ ខែ​តុលានេះ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២៣ មាន​ករណី​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Siam Paragon ដែលបណ្តាលឲ្យជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស ។

អ្នករបួសដែលជាជនជាតិចិន ត្រូវបានស្ថានទូតចិនធ្វើការជាមួយភាគីថៃ ​ដើម្បី​ស៊ើប​អង្កេត​ពីស្ថានការណ៍នោះ ហើយបានទៅសួរសុខទុក្ខអ្នករបួសនៅមន្ទីរពេទ្យ និងស្គាល់អត្តសញ្ញាណ​អ្នក​ស្លាប់​ និងអ្នករបួសកំពុងសម្រាកព្យាបាល ក្នុងនេះ លោក សេដ្ឋា ថា​វី​ស៊ីន នាយក​រដ្ឋមន្ត្រី​ថៃ ក៏បានទៅសួរសុខទុក្ខជនជាតិចិនដែលរងរបួសនៅមន្ទីរពេទ្យ និងមានការបារម្ភពីសុវត្ថិភាពដល់ភ្ញៀវចិនផងដែរ ។

ភាគី​ថៃសន្យា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ឆាប់​តាម​ច្បាប់ និងពង្រឹងការគ្រប់គ្រងសុវត្ថិភាពសាធារណៈ ដើម្បីផ្តល់ជូននូវបរិយាកាសដែលអាចទុកចិត្តបាន និងសុវត្ថិភាពសម្រាប់ប្រជាជនចិនដែលធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃ ។

សូមបញ្ជាក់ថា ប្រជាជនចិនបានសម្រុកមកកម្សាន្តនៅប្រទេសថៃ ក្នុងពេលឈប់សម្រាកវិស្សមកាលជាច្រើនថ្ងៃ ហើយត្រូវបាននាយករដ្ឋមន្ត្រីថៃ យកចិត្តទុកដាក់ទទួលស្វាគមន៍ដល់អាកាសយានដ្ឋាន ក្នុងន័យទាក់ទាញ​ភ្ញៀវទេសចរណ៍ចិនឲ្យចូលមកកម្សាន្តក្នុងប្រទេសខ្លួន តែជារឿងស៊យ បានជួបនូវហេតុការណ៍បាញ់ប្រហារពីក្មេងប្រុសអាយុ ១៤ ឆ្នាំ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងពីមូលហេតុនៃការបាញ់នៅឡើយ ហេតុការណ៍នោះ ធ្វើឲ្យមនុស្សស្លាប់ ៣ នាក់ និងរបួស ៥ នាក់ ក្នុងនេះមានជនជាតិចិនផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម