ដោយ សាវុឌ្ឍ៖
មេដឹកនាំអ៊ីស្រាអែលប្រកាសពីការ «ឆ្លើយតបយ៉ាងម៉ឺងម៉ាត់» បន្ទាប់ពីភ្ញាក់ផ្អើលពីការបើកប្រតិបត្តិការធំ របស់លើក្រុមហាម៉ាស ប៉ាឡេស្ទីន ។
ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងតេចអាវ៊ីល (Tel Aviv)ថា កាលពីថ្ងៃទី៧ តុលាថា នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសថា «អ៊ីស្រាអែលកំពុងមានសង្គ្រាមហើយ» ហើយបានប្រកាសថា «សត្រូវរបស់អ៊ីស្រាអែលប្រឈមមុខនឹងកម្រិតនៃការសងសឹកដែលមិនធ្លាប់មានពីមុនមក»។
ការប្រកាសនេះ ត្រឹមតែប៉ុន្មានម៉ោង ក្រោយក្រុមហាម៉ាសដែលគ្រប់គ្រងជ្រោយកាហ្សា ប្រកាសបើកប្រតិបត្តិការ «អាល់-អាក់សរ ផ្លាត់» ទៅអ៊ីស្រាអែល ដោយមានការបាញ់កាំជ្រួចដាក់អ៊ីស្រាអែលប្រមាណ ៥.០០០ គ្រាប់ ។
រហតមកដល់ថ្ងៃទី ៨ តុលា តួលេខអ្នកបាត់បង់ជីវិត ២៣០ នាក់ និងរបួសជាង ១៧.០០០ នាក់ហើយ ។
ខណៈពេលដែលបណ្តាញអ្នកប្រយុទ្ធប៉ាឡេស្ទីន បញ្ជូនកម្លាំងជ្រៀតចូលពីហ្គាហ្សា ចូលតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដើម្បីដំណើរការ «ទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល» ។
ព័ត៌មានបឋមពីក្រសួងសុខាភិបាលអ៊ីស្រាអែលថា ការទម្លាក់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស ជាលទ្ធផលមនុស្ស ២២ នាក់បានស្លាប់ និងជាង ៥៤៥ នាក់បានរងរបួស។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកស៊ីរ៉ែន ដើម្បីព្រមានពលរដ្ឋទូទាំងប្រទេស និងបានធ្វើការវាយប្រហារតាមអាកាសជាង ២០ ទីតាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមិនមានការបញ្ជាក់ជាផ្លូវការអំពីការខាតបង់នោះទេ ។
ចំពោះមូលហេតុនៃជម្លោះនេះ បណ្តាលមកពីអ៊ីស្រាអែលបិទច្រកព្រំដែននៅតំបន់ហ្គាហ្សាស្ទ្រីបរយៈពេលពីរសប្តាហ៍ក្នុងខែកញ្ញា ដែលនាំឱ្យមានការបះបោរពីប៉ាឡេស្ទីននៅក្នុងតំបន់ រហូតដល់អ៊ីស្រាអែលយល់ព្រមបើកច្រកព្រំដែនឡើងវិញនៅថ្ងៃទី 28 ខែកញ្ញា ហើយប៉ូលីសអ៊ីស្រាអែលបានឆែកឆេរវិហារ អាល់-អាក់សា និងតំបន់លំនៅដ្ឋានរបស់ប៉ាឡេស្ទីនជាបន្តបន្ទាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រនៃកម្ពុជា បានចេញសារសំលេង ជូនពលរដ្ឋ និងនិស្សិតខ្មែរ ដែលនៅអ៊ីស្រាអែល រួមទាំងមានការបារម្ភចំពោះសុវត្ថិភាព ហើយបានណែនាំឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការ និង ក្រសួងកសិកម្ម ទំនាក់ទំនងឲ្យបានជាប់ជាមួយអាជ្ញាធរអ៊ីស្រែល ដើម្បីជួយពួកគាត់រកកន្លែងសាសុវត្ថិភាព និងស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ៕
រូបភាព AFP