កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធ បិទច្រកចេញ-ចូលជ្រោយកាហ្សា ស្ទ្រីបទាំងស្រុង តាមប្រមាញ់ក្រុមហាម៉ាស

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី09 ខែតុលា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

លោក យ៉ូអាហ្វ ក័នឡាន់ រដ្ឋមន្ត្រីក្រសួងការពារអ៊ីស្រាអែល បានប្រកាសនៅម៉ោង ១៦.៣០ នាទីថ្ងៃនេះ​(៩ តុលា) ថា កងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធជ្រោយកាហ្សា គ្រប់ផ្លូវចេញ-ចូលហើយ ។

រដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បានប្រាប់ដែរ​ថា បានកាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ ហើយ​បាន​បញ្ឈប់​ទាំងស្រុង​នូវ​ការផ្តល់​ស្បៀងអាហារ និង​ឥន្ធនៈ​ចូលទៅក្នុង​ទឹកដី​ជ្រោយកាហ្សា ស្ទ្រីបទាំងស្រុង ។

លោក ក័នឡាន់  បានបញ្ជាក់ទៀតថា ផែនការនេះនឹងក្លាយជាផ្នែកមួយនៃសង្រ្គាមដើម្បីប្រយុទ្ធជាមួយ «ក្រុមមនុស្សឃោរឃៅ» ។

Gaza Strip គឺជាផ្នែកមួយនៃប៉ាឡេស្ទីន ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស។ មួយទៀតគឺ វេសបេង (West Bank) ឬច្រាំងខាងលិចនៃទន្លេហ្សកដង់ (Jordan)  ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីន ប៉ុន្តែ​តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ដោយ​អ្នក​តាំង​ទីលំនៅ​ជាជនជាតិ​អ៊ីស្រាអែល​ភាគច្រើន​។

ក្រុមហាម៉ាស់បានបើកការវាយលុកចុងក្រោយបំផុតរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែលដោយមិនឲ្យឱកាសអ៊ីស្រាអែលត្រៀមខ្លួនមុនកាលពីថ្ងៃសៅរ៍ ជាមួយនឹងការបាញ់រ៉ុក្កែតចំនួន 5,000 គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដីគោក សមុទ្រ និងផ្លូវអាកាស ដែលបានបាញ់ទៅឆ្ងាយដល់ទីក្រុងតេវអាវីវ (Tel Aviv) របស់អ៊ីស្រាអែល ដែលមានចម្ងាយប្រហែល 70 គីឡូម៉ែត្រពី កាហ្សា ស្ទ្រីប ។មិនត្រឹមតែប៉ុណ្ណោះទេ សមាជិក​ក្រុម​ហាម៉ាស​ បាន​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ សម្លាប់ និងចាប់មនុស្សផងដែរ។

តំណាងក្រុមហាម៉ាស់បាននិយាយថា៖ ប្រតិបត្តិការ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គាប​សង្កត់​របស់​អ៊ីស្រាអែល​រាប់​ទសវត្សរ៍​មក​ហើយ មកលើ​ប្រជាជន​ប៉ាឡេស្ទីន និងចង់រំដោះប៉ាឡេស្ទីនចេញពីការកាន់កាប់ទឹកដីរបស់ពួកគេ ។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​រាល់​គ្នា មិន​មែន​តែ​នៅ​ហ្គាហ្សា​ ស្ទ្រីប ទេ ទាំងនៅវេសបេង និងប្រជាជាតិអារ៉ាប់ផ្សេងទៀត ចូរ​ក្រោក​ឡើង​ប្រយុទ្ធ​នឹង​អ៊ីស្រាអែល ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម