ហេសបូឡា សត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែល ! ហេសបូឡាជានរណា?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី12 ខែតុលា ឆ្នាំ2023 ម៉ោង 6:23 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

ដល់កហើយអ៊ីស្រាអែល ក្រៅពីដៃម្ខាងប្រយុទ្ធតស៊ូនៅភាគខាងត្បូងហើយ ដៃម្ខាងទៀតត្រូវប្រយុទ្ធនៅភាគជើងជាប់ព្រំដែនលីបង់ទៀត គឺក្រុមខ្មាន់កាំភ្លើងនៅក្នុងប្រទេសលីបង់ ដែលបានបាញ់គ្រាប់មីស៊ីលចូលអ៊ីស្រាអែលកន្លង​មក ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងទៅៗ ។

នៅភាគខាងជើងអ៊ីស្រាអែល មានព្រំដែនជាមួយប្រទេសលីបង់ និងស៊ីរី ប្រទេស​​ពីរនេះ​ជាមូលដ្ឋានរឹងមាំរបស់​ក្រុម​ប្រដាប់អាវុធហេសបូឡា (Hezbollah) សត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែល ។ ក្រុមប្រដាប់អាវុធនេះ មានមូលដ្ឋាននៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងលិចប្រទេសស៊ីរី ជាក្រុមបង្កចលាចលមិនលោះពេលនៅភាគខាងជើងរបស់អ៊ីស្រាអែល ។

នេះជាមូលហេតុដែលធ្វើឲ្យអ៊ីស្រាអែលត្រូវវាយប្រហារនៅ​តំបន់​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ បន្ទាប់​ពី​ក្រុម​ហាម៉ាស​បាន​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​តាំង​ពី​ថ្ងៃ​សៅរ៍​ ទី៧ តុលាកន្លង​ទៅ ហើយមានការប្រាកដខ្លួនឡើងនូវ ក្រុម​ហេសបូឡា។

កាលពីថ្ងៃទី ១០ តុលា កងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយរថក្រោះ និងយោធាជាច្រើននាក់ទៅកាន់តំបន់ព្រំដែនភាគខាងជើង ។ តាមព័ត៌មាន កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​យុទ្ធជន​ហេសបូឡា​យ៉ាងតិច​បីនាក់​ ។

មិនយូរប៉ុន្មាន អ្នកគាំទ្រហេសបូឡាជាច្រើន បានប្រមូលផ្តុំគ្នានៅ ឃើប៊ីត ស្លីម (Kerbit Slim) ដែលជាតំបន់មួយនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីកាន់ទុក្ខ និងបញ្ចុះសពសមាជិកក្រុមហេសបូឡា ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែល ។

ពលរដ្ឋ​អ៊ីស្រាអែល​ដែល​រស់​នៅ​តំបន់​ភាគ​ខាង​ជើង​ជាប់​ព្រំដែន​លីបង់​បាន​ថ្លែង​ថា តើមានអ្វីកើតឡើងចំពោះអ៊ីស្រា​អែល និងតំបន់ភាគខាងជើងនៅពេលនេះ? វាពិតជាសុបិន្តអាក្រក់ណាស់!

អំពើ​ហិង្សា​ឆ្លង​កាត់​ព្រំដែន​អ៊ីស្រាអែល-លីបង់​បាន​កើត​ឡើង វាជាការប្រយុទ្ធគ្នាដ៏សាហាវបំផុតនៅលើខ្ពង់រាបចាប់តាំង​ពីសង្គ្រាមរដូវក្តៅឆ្នាំ ២០០៦ ឬ ១៧ ឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្សជាង ១.២០០ នាក់បានស្លាប់។

តើហេសបូឡាជានរណា ហេតុអ្វីបានជាគេវាយប្រហារអ៊ីស្រាអែលក្នុងពេលតែមួយជាមួយក្រុមហាម៉ាស?

ហេសបូឡា គឺជាក្រុមនយោបាយ និងប្រដាប់អាវុធរបស់និកាយស៊ុននី បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ឈ្មោះក្រុមនេះមានអត្ថន័យថា បក្សរបស់របស់ព្រះជាម្ចាស់ ។ ហេសបូឡា កើតឡើងចំពេលវិសមភាពដែលប្រឈមមុខដោយពួកមូស្លីមនិកាយស៊ុននីក្នុងប្រទេសលីបង់ ។

នៅប្រទេសលីបង់ មូស្លីមនិកាយស៊ុននី គឺជាក្រុមជនជាតិភាគតិច និងមានសិទ្ធិនយោបាយទាបជាងក្រុមដទៃទៀតនៅក្នុងសង្គម មិន​ថា​ជា​គ្រិស្ត​សាសនិក ឬ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។

កំណើត​របស់​ហេសបូឡា​គឺ​ស្រប​នឹង​ការ​លុកលុយ​ឆ្នាំ ១៩៨២ របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់ ឬ «សង្គ្រាមលីបង់លើកទី ១» ។ មូលហេតុដែលអ៊ីស្រាអែលឈ្លានពានលីបង់ វាកើតចេញពីការមិនពេញចិត្តនឹងការគាំទ្ររបស់លីបង់ អង្គការរំដោះប៉ាឡេស្ទីន (PLO) ដឹកនាំដោយលោក យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) ។

PLO បានប្រើភាគខាងត្បូងលីបង់ជាមូលដ្ឋានសំខាន់ ដើម្បីវាយប្រហារអ៊ីស្រាអែលក្នុងអំឡុងពេលជម្លោះ។ អ៊ីស្រាអែល​បាន​ប្រើ​កម្លាំង​ជើងគោក​ដើម្បី​ចូល​ឈ្លានពាន​លីបង់​ភាគ​ខាង​ត្បូង ដែលជាបន្ទាយរបស់ហេសបូឡា និងការវាយប្រហារតាមអាកាសលើទីក្រុងបេរូត រដ្ឋធានីប្រទេសលីបង់ ។ ប្រការនេះបាននាំឱ្យក្រុមហេសបូឡា ចាប់កាន់អាវុធក្រោមការឧបត្ថម្ភពីប្រទេសអ៊ីរ៉ង់ ។

ក្នុងពេលនោះ សហរដ្ឋអាមេរិក បារាំង មានទាហានប្រចាំការក្នុងប្រទេសលីបង់ ក្នុងឋានៈជាភ្នាក់ងាររក្សាសន្តិភាព ដោយសារតែប្រទេសលីបង់មានសង្គ្រាមស៊ីវិល ។

ក្រុមហេសបូឡា បានប្រើវិធីសាស្រ្តបំផ្ទុះអត្តឃាត ដែលរងការខូចខាតដ៏ធំបំផុត ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីឆ្នាំ ១៩៨៣ ដែលបានសម្លាប់មន្ត្រីកងម៉ារីនអាមេរិក ទាហានជាង ២១៤ នាក់បានស្លាប់ ហើយបារាំងបានបាត់បង់ទាហានឆ័ត្រយោងជិត ៥០ នាក់ទៀត បន្ទាប់ពីនោះ សហរដ្ឋអាមេរិក និងបារាំងបានដកកងកម្លាំងរបស់ពួកគេចេញពីប្រទេសលីបង់ ជា​លទ្ធផល អ៊ីស្រាអែល​ត្រូវ​សម្រេច​ដក​ទ័ព​ចេញ​តាម​ការ​កំណត់ផងដែរ ។

ក្រោយមក នៅឆ្នាំ ២០០០ កងកម្លាំងហេសបូឡា អាច​បណ្តេញ​កងទ័ព​អ៊ីស្រាអែល​ចេញ​ពី​ភាគ​ខាង​ត្បូង​លីបង់ បញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលដ៏យូរលង់ ។ បន្ទាប់ពីបណ្តេញអ៊ីស្រាអែលចេញពីលីបង់ ក្រុមហេសបូឡាក៏បានលេចចេញជាតួអង្គសំខាន់ក្នុងនយោបាយលីបង់ផងដែរ។ សមាជិក​របស់ខ្លួន​ជាច្រើន​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សភា និង​កាន់តំណែង​ក្នុង​រដ្ឋាភិបាល​លីបង់ ។

ទន្ទឹមនឹងនេះ ពួកគេនៅតែរក្សាកម្លាំងរបស់ខ្លួន។ បច្ចុប្បន្ន ក្រុមហេសបូឡា គឺជាក្រុមយោធាដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសលីបង់ ព្រោះ​មាន​សព្វាវុធ​ទំនើប​ៗ​ជា​ច្រើន​​កាន់កាប់ ។ អត្ថិភាពនៃក្រុមហេសបូឡា ត្រូវបានកំណត់ថាជារដ្ឋនៅក្នុងរដ្ឋមួយ។

ទន្ទឹមនឹងនេះ ពួកគេនៅតែរក្សាកម្លាំងរបស់ខ្លួន ។ បច្ចុប្បន្នក្រុមហេសបូឡា គឺជាក្រុមយោធាដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសលីបង់ ព្រោះ​ពួក​គេ​មាន​សព្វាវុធ​ទំនើប​ៗ​ជា​ច្រើន​ក្នុង​ការ​កាន់កាប់ ។ អត្ថិភាពនៃក្រុមហេសបូឡា ត្រូវបានកំណត់ថាជារដ្ឋនៅក្នុងរដ្ឋមួយ។

ទោះ​បី​ក្រុម​ហេសបូឡា​បាន​ប្រែ​ក្លាយ​ទៅ​ជា​ក្រុម​នយោបាយ​ក៏​ដោយ ប៉ុន្តែ​រឿង​មួយ​ដែល​មិន​បាន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ជំនាន់​ដំបូង​មក​ គឺ​ក្រុម​ហេសបូឡា​នៅ​តែ​ចាត់​ទុក​អ៊ីស្រាអែល​ជា​សត្រូវ​ចម្បង​របស់​ខ្លួន។ ជម្លោះ និងការសងសឹករវាងក្រុមហេសបូឡា និងអ៊ីស្រាអែល នៅតែកើតឡើងពីមួយពេលទៅមួយពេល ទាំង​នៅ​តាម​បណ្តោយ​ព្រំដែន និង​តំបន់​ផលប្រយោជន៍របស់​អ៊ីស្រាអែល ។

ខែកក្កដាកន្លងទៅ ក្រុមហេសបូឡាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកបីគ្រឿង ទៅវាយប្រហារនាវាខួងយកឧស្ម័នរបស់អ៊ីស្រាអែលនៅសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែ​យន្តហោះ​គ្មាន​មនុស្ស​បើកនោះ ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង និង​កាំជ្រួច​របស់​អ៊ីស្រាអែល។

យ៉ាង​ណា​មិញ ការ​វាយ​ប្រហារទៅលើ​​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ជើង វា​មិន​មែន​ជា​ស្នាដៃ​​តែ​ហេសបូឡា​មួយទេប៉ុណ្ណោះទេ តែនៅមានសត្រូវ​ស​ផ្សេងទៀត ​ដែល​អះអាង​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល ក្រុមនេះគឺ កងកម្លាំងប៉ាឡេស្ទីននៅស៊ីរី អ្នកជិតខាងខាងកើតរបស់អ៊ីស្រាអែល ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់ប្រភពនៅក្នុងប្រទេសស៊ីរី ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅភាគខាងត្បូងប្រទេសស៊ីរីបានបាញ់រ៉ុក្កែតចំនួនបីគ្រាប់ និងកាំភ្លើងធំជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល។ ទីតាំង​នៃ​ការ​វាយ​ប្រហារ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ទីតាំង​ដូច​គ្នា​នឹង​ក្រុម​ហេសបូឡា ហើយពួកគេទាំងពីរបានសហការគ្នា។

ទង្វើ​ស៊ីរីបែប​នេះ​​ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា សង្គ្រាម​ដែល​កំពុង​កើត​មាន​នៅ​អ៊ីស្រាអែល​នឹង​កាន់​តែ​ផ្ទុះខ្លាំង​ឡើង ដោយសារតែតួអង្គផ្សេងទៀតលូកដៃចូល​ច្បាំង​ជាមួយ​អ៊ីស្រាអែល​ ។

ថ្មីៗ​នេះ លោក ខាលេដ មេស្សាអាល់ (Khaled Meshaal) អតីត​មេដឹកនាំ​ក្រុម​ហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យប្រជាជននៅប្រទេសជិតខាងមូស្លីមរបស់អ៊ីស្រាអែល ធ្វើការតវ៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់ពួកគេ ឱ្យជួយក្រុមហាម៉ាស់ ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល ។

ប្រទេស​គោលដៅ​ដែល​ដែល​អតីត​មេដឹកនាំ​ក្រុម​ហាម៉ាស​លើកឡើង រួមមាន ហ្សកដានី ស៊ីរី លីបង់ និង​អេហ្ស៊ីប។​ គេមាន​ការ​ព្រួយ​បារម្ភ​ថា ការ​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​អ៊ីស្រាអែល​នឹង​កើត​ឡើង វា​អាច​នាំ​ទៅ​រក​អ្វី​ដែល​ហៅ​ថា​សង្គ្រាម​ទាំងស្រុង ។

ប៉ុន្តែ​អ្នក​វិភាគ​លោក​ខាង​លិច​គិត​ដូច្នេះថា ឱកាស​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​គឺ​មាន​តិចតួច ។ អតីត​តំណាង​សហរដ្ឋ​អាមេរិក​លោក ដេនីស រ៉ូស (Denis Ross) នៃមជ្ឈិមបូព៌ា បានបញ្ជាក់ថា សង្គ្រាម​ទ្រង់ទ្រាយ​ធំ​គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិន​ទំនង​ខ្លាំង​ទេ ដោយសារតែអ៊ីស្រាអែលមានសាមគ្គីភាពច្រើនជាងការប៉ាន់ស្មានរបស់ហេសបូឡា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម