រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំកិច្ចសហការជាមួយ ACU បណ្តុះបណ្តាលផ្នែកច្បាប់ដល់អ្នកសារព័ត៌មានទូទាំងប្រទេស

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែតុលា ឆ្នាំ2023 ម៉ោង 1:06 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

«បច្ចុប្បន្នអ្នកសារព័ត៌មានដែលបានចុះបញ្ជីជាង ៥០០០ អង្គភាព ក្នុងនេះអនឡាញ ៩០០ អង្គភាពដែលមានអាជ្ញាប័ណ្ណ (License) រួចរាល់» ។ នេះជាប្រសាសន៍របស់ឯកឧត្តម នេត្រ ភ័ត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងឱកាស ដែលកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញធ្វើបាឋកថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ៩ តុលា ឆ្នាំ ២០២៣ ទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា  «បងប្អូនអ្នកសារព័ត៌មានតាមអនឡាញមានបញ្ហាច្រើនណាស់ ជាពិសេសទៅលើ ១. ក្រមសីលធម៌វិជ្ជាជីវៈ នឹងធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បណ្តុះបណ្តុះបណ្តាលទាំងផ្នែកជំនាញ និងក្រមសីលធម៌ ២. ការអនុវត្តច្បាប់ ជាពិសេសច្បាប់ពាក់ព័ន្ធជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ។

គោលដៅរបស់ក្រសួង គឺការពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ស្របតាមបរិបទរីកចម្រើនឌីជិថល ដែលយើងដាក់គោចរ ឆ្នាំ ២០៣០ និង ២០៥០ ដែលជាប្រទេសមានចំណូលខ្ពស់ ដូច្នេះតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ ដែលត្រូវធ្វើ៖

១. គុណភាពសារព័ត៌មាន ដែលសំដៅទៅលើអ្នកសារព័ត៌មាន អ្នកដែលបំពេញការងារក្នុងវិស័យសារព័ត៌មាន ត្រូវតែមានសមត្ថភាពពេញលេញ

២. ត្រូវតែមានក្រមសីលធម៌

៣. គុណភាពនៃការផលិតផលព័ត៌មាន

នៅក្នុងក្របខណ្ឌនេះ ក្រសួងក៏បានផ្តោតទៅលើការងារសន្តិសុខព័ត៌មាន ដែលសំដៅទៅលើធាតុបីសំខាន់

១. គឺសិទ្ធិទទួលបានព័ត៌មាន ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ

២. គុណភាពព័ត៌មាន

៣. សុវត្ថិភាពព័ត៌មាន មានន័យថា ពលរដ្ឋត្រូវតែទទួលព័ត៌មានពិត មិនមែនប្រភេទព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនត្រឹមត្រូវ

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី នូវកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយរៀបចំវគ្គបណ្តុះបណ្តាលផ្នែកច្បាប់ ដើម្បីបញ្ជ្រាបចំណេះដឹង ដើម្បីចូលរួមពង្រឹងបន្ថែមនូវក្រមសីលធម៌ដល់អ្នកកាសែតទូទាំងប្រទេស ដោយបែងចែកជាវគ្គៗទៅតាមលទ្ធភាពនៃការរៀបចំ។

បើតាមឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបើកភ្លើងខៀវហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម