មកស្គាល់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស សុទ្ធតែកំពូលអ្នកមានចំណេះ ដែលអ៊ីស្រាអែលតាមប្រមាញ់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែតុលា ឆ្នាំ2023 ម៉ោង 6:31 នាទី ល្ងាច

 

​​  បកប្រែពី BBC Thai  

  ដោយ សូរ្យសែង៖  

មេដឹកនាំសំខាន់ៗរបស់ហាម៉ាស ទាំង​ក្នុង​បន្ទាត់​នយោបាយ និង​ខ្សែ​ប្រយុទ្ធ ពួកគេត្រូវលាក់ខ្លួនអស់ជាច្រើនទសវត្សរ៍កន្លងមកហើយ ដោយសារ​អាជ្ញាធរ​អ៊ីស្រាអែល​តាម​ប្រមាញ់​ជាច្រើន​ដង​អស់​មួយ​ជីវិត ។

អ្នក​ទាំង​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​ ដែលវាយប្រហារអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីបដោយមិននឹកស្មានដល់ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ។

អ្នកឆ្លើយឆ្លងព័ត៌មាន BBC ជាភាសាអារ៉ាប់ បាន​ចងក្រង​ប្រវត្តិ​របស់​មេដឹកនាំ​ហាម៉ាសទាំងនោះ ដែល​មិន​ធ្លាប់​បង្ហាញ​ខ្លួន​ជា​សាធារណៈ​កន្លង​មក តែភាគច្រើន ពួកគេតែងតែបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយដោយមានស្បៃមុខ ឬរបាំងមុខ ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ។

ម៉ូហាំម៉េដ ឌីអេប(Mohamed Diab Al-Masry)

ជាអ្នកដាក់ផែនការ ​និងកសាងរូងអាថ៌កំបាំង សម្រាប់បើកផ្លូវឲ្យអ្នកប្រយុទ្ធហាម៉ាស​ចូលទៅវាយប្រហារក្នុងទឹកដីជ្រោយកាហ្សារបស់អ៊ីស្រាអែល ។

ឈ្មោះពិតរបស់គាត់គឺ Mohamed Diab Al-Masry គាត់ត្រូវបានគេស្គាល់ថា "Abu Khaled" ឈ្មោះហៅក្រៅ Al-Deif ជាមេបញ្ជាការកងវរសេនាតូច Izz al-Din al-Qassam ដែលជាអង្គភាពយោធារបស់ហាម៉ាស។ .

ម៉ារម៉ាន អ៊ីស្សា(Marwan Issa)

អាជ្ញាធរ​អ៊ីស្រាអែល​ពណ៌នា​គាត់​ថា​ជា​បុរស​ដែល​«ធ្វើ​ច្រើន​ជាង​កនិយាយ» ហើយ​មាន​ភាព​ឆ្លាតវៃ​ "អាចប្តូរ ផ្លាស្ទិកទៅជាលោហៈ" ។ ដរាបណាបុរសនេះនៅរស់ សង្គ្រាម​លើ​ថាមពល​ខួរក្បាល​នឹង​មិន​ចេះ​ចប់​ឡើយ។

Issa គឺជាដៃស្តាំរបស់ Deif និងជាអគ្គមេបញ្ជាការរងនៃកងវរសេនាតូច Iz al-Din Al-Kassam ជាសមាជិកនៃស្លាបផ្នែកនយោបាយ និងយោធារបស់ហាម៉ាស គាត់បានទទួលរហស្សនាមថា «បុរសស្រមោល» ។

យ៉ាសយ៉ា ស៊ីនវ៉ារ (Yahya Sinwar)

នៅខែកញ្ញា ឆ្នាំ ២០១៥ អាជ្ញាធរអាមេរិកបានរាប់បញ្ចូលគាត់ជាមនុស្សម្នាក់ក្នុងចំណោម “ភេរវករអន្តរជាតិ” ដោយសារជាមេដឹកនាំក្រុមហាម៉ាស និងជាប្រធានចលនានយោបាយនៅហ្គាហ្សាស្ទ្រីប។

អាប់ឌុលឡាហ៍ បារកូទី (Abdullah Barghouti)

ជា «មេវិស្វករ» នៅពីក្រោយការផលិតគ្រឿងផ្ទុះប្រភេទផ្សេងគ្នានៃអាវុធ និងជាតិពុលរបស់ក្រុមហាម៉ាស ។ Barghouti កើតនៅប្រទេសគុយវ៉ែតក្នុងឆ្នាំ ១៩៧២ ហើយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសហ្ស៊កដានី ។ បន្ទាប់ពីសង្គ្រាមឈូងសមុទ្រពែរ្សលើកទី ២ ក្នុងឆ្នាំ ១៩៩០ គាត់បានសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យកូរ៉េខាងត្បូងរយៈពេល ៣ ឆ្នាំ គាត់បានរៀនពីរបៀបបង្កើតគ្រាប់បែកប្រភេទផ្សេងៗគ្នា ប៉ុន្តែគាត់មិនដែលបានបញ្ចប់ការសិក្សាទេ គាត់​សុំ​លិខិត​អនុញ្ញាត​ចូល​ទឹកដីប៉ាឡេស្ទីន​មុន​គេ។

អ៊ីស្មាអ៊ីល ហានិយេហ៍ (Ismail Haniyeh)

គាត់ជា​ប្រមុខ​នយោបាយ​នៃ​ចលនា​ហាម៉ាស និងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប៉ាឡេស្ទីនទី ១០ ក្នុងឆ្នាំ ២០០៦ ។ អ៊ីស្មាអ៊ីល មានរហស្សនាមថា "Al Abd" កើតនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន។ នៅឆ្នាំ ១៩៨៩ អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាដាក់គុករយៈពេល ៣ ឆ្នាំ ហើយនៅឆ្នាំ ១៩៩២ គាត់ និងមេដឹកនាំក្រុមហាម៉ាសផ្សេងទៀត ត្រូវបាននិរទេសចេញមួយឆ្នាំទៅទឹកដីគ្មានមនុស្សរនៅអ៊ីស្រាអែល និងលីបង់។ គាត់​ត្រូវ​រស់​នៅ​ទី​នោះ​ដោយ​ទុក្ខ​លំបាក និង​ប្រថុយ​នឹង​ការ​ស្លាប់​ជា​ច្រើន​ដង។

ខាលេដ មេសាអាល់ (Khaled Meshaal)

 

គាត់ជាស្ថាបនិកម្នាក់នៃចលនាហាម៉ាស ​ជា​សមាជិក​នៃ​បក្ស​នយោបាយ​របស់​ក្រុម​នេះ​តាំង​ពី​ដើម​រៀងមក។ ឈ្មោះហៅក្រៅ "Abu Al Walid" កើតនៅក្នុងភូមិ West Bank នៃ Silwad ក្នុងឆ្នាំ ១៩៥៦ ។ គាត់បានទទួលការអប់រំបឋមនៅទីនោះ។ មុនពេលគ្រួសារផ្លាស់ទៅប្រទេសគុយវ៉ែត ជាកន្លែងដែលគាត់បានបញ្ចប់ការអប់រំបឋមសិក្សា និងមធ្យមសិក្សា ។

មេសាអាល់ បានបម្រើការជាប្រធាននយោបាយរបស់ក្រុមហាម៉ាសពីឆ្នាំ ១៩៩៦-២០១៧ ។ គាត់ត្រូវបានតែងតាំងជាមេដឹកនាំនៃចលនាហាម៉ាស ​ស្នង​តំណែង​លោក សៀក អាំម៉េដ យ៉ាស៊ីន ក្នុង​ឆ្នាំ ២០០៤។

ម៉ាមូត សាហារ (Mahmoud Zahar)

គាត់គឺជាមេដឹកនាំក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលចាប់ឃុំខ្លួនក្នុងរយៈពេលខ្លីបំផុត គឺត្រឹមតែប្រាំមួយខែបន្ទាប់ពីការបង្កើតចលនានេះ ។ កើតនៅឆ្នាំ ១៩៤៥ នៅទីក្រុងកាហ្សា ។ គាត់មានឪពុកជាជនជាតិប៉ាឡេស្ទីន និងម្តាយជាជនជាតិអេហ្ស៊ីប ។ គាត់បានធំធាត់នៅទីក្រុងអ៊ីស្មែលលីយ៉ានៃប្រទេសអេហ្ស៊ីប។ មុន​ពេល​ត្រឡប់​ទៅ​ទទួល​ការអប់រំ​បឋមសិក្សា និង​មធ្យមសិក្សា​នៅ​ស្រុកកាហ្សា Gaza ហើយក្រោយមកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Enshams ក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប ក្នុងឆ្នាំ ១៩៧១ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវះកាត់ ពីសាកលវិទ្យាល័យដូចគ្នាក្នុងឆ្នាំ ១៩៧៦ ផងដែរ ៕

Photo : GETTY IMAGES + AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម